Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​ថែមទៀត​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្ដី​ជូន​ព័ត៌មាន បញ្ជាក់​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​២​នាក់​ថែមទៀត ដែលជា​ករណី​នាំចូល​មកពី​បរទេស គឺ​បុរស​ជនជាតិ​បារាំង និង​ស្ត្រី​ជនជាតិ​ឥណ្ឌា​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​រកឃើញ​ករ​ណី​ឆ្លង​កូ​វីដ​១៩ ចំនួន​សរុប ២៨០​នាក់ (​ស្ត្រី ៥៦​នាក់ និង​បុរស ២២៤​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៥​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន​៥​នាក់​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​នោះ មាន​បុរស​ជនជាតិ​បារាំង អាយុ​២៧​ឆ្នាំ និង​ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ​៣៤​ឆ្នាំ ដែល​ពួកគេ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រួចរាល់​ហើយ​។​

១៖ ករណី​វិជ្ជមាន​លើ​បុរស​ជនជាតិ​បារាំង អាយុ​២៧​ឆ្នាំ​

​បុរស​នេះ​មាន​អាសយដ្ឋាន​ស្នាក់នៅ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប ខេត្តសៀមរាប ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​បារាំង ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី តាម​ជើងហោះហើរ​មកដល់​កម្ពុ​ជា នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ សម្រាក​រង់ចាំ​លទ្ធផល​តេស្ត​លើក​ទី​១ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​០២​យប់​។ បន្ទាប់មក​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បានចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​រថយន្ត Larryta Minibus នៅវេលា​ម៉ោង​១៨៖៣០​នាទី​ល្ងាច ទៅកាន់​អាសយដ្ឋាន​ខាងលើ​នៅ​ខេត្តសៀមរាប ក្រោយពី​ធ្វើតេស្ត​លើក​ទី​០១ ទទួលបាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​។​

​រថយន្ត​នេះ​ជិះ​មាន​គ្នា​០៤​នាក់ (​បុរស​ជនជាតិ​បារាំង​ខាងលើ អ្នកដំណើរ​០២​នាក់ និង​អ្នកបើកបរ​) ហើយ​បុរស​ជនជាតិ​បារាំង​នេះ ជិះ​នៅ​កៅអី​ខាងក្រោយ​គេ​បង្អស់ ព្រមទាំង​បាន​ពាក់​ម៉ាស់​ជាប់​រហូត​ផងដែរ​។ ពេលទៅដល់​ផ្ទះ គាត់​បាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅផ្ទះ​របស់គាត់​នៅ​ខេត្តសៀមរាប ហើយ​នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់ ដែល​ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ គាត់​ត្រូវ បានធ្វើ​តេស្ត​ឡើងវិញ ដោយបាន​ទទួលលទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ពី​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ហើយ​វត្ថុ​សំណាក​របស់គាត់​ត្រូវបាន​បញ្ជូន មក​ធ្វើ​ការវិភាគ​បញ្ជាក់បន្ថែម​នៅ​ភ្នំពេញ ដែល​លទ្ធផល​ទទួលបាន​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២០ បានបង្ហាញ​បញ្ជាក់ថា វិជ្ជមាន​កូ​វីដ​-១៩​។ បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប តាំងពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០០​។​

​សូម​កត់សម្គាល់ថា​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើនេះ សរុប​មាន​ចំនួន​៩៨​នាក់ (​ក្នុង​ចំនួន​នេះ មាន​បុរស​ជនជាតិ​បារាំង​ខាងលើ​នេះដែរ​) ដែល​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល បានធ្វើការ​ស្រាវជ្រាវរ​ក និង​បាន​យក​វត្ថុ​សំណាក​របស់​អ្នកដំណើរ តាម​ជើងហោះហើរ​ជាមួយ​អ្នកជំងឺ​នេះ បាន​ចំនួន​៥០%​ហើយ លទ្ធផល​តេស្ត​អ្នក​ទាំងអស់នេះ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​។​

​ក្រុមការងារ​នឹង​បន្ត​យក​វត្ថុ​សំណាក អ្នកដំណើរ​ជា​បន្តបន្ទាប់​ទៀត ហើយ​ក្រសួងសុខាភិបាល នឹង​ជម្រាបជូន​សាធារណជន​នូវ​លទ្ធផល ប្រសិនបើ​រកឃើញ​មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ លើ​បុគ្គល​ណា​ម្នាក់​។ ដោយឡែក​សម្រាប់​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ នៅ​ខេត្តសៀមរាប​បានបញ្ចប់​រួចរាល់ ដោយ​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​៣​នាក់ (​បុគ្គលិក​២​នាក់ ក្នុងនោះ​ស្រី​១​នាក់ ប្រុស​១​នាក់​) និង​បុរស​ជា​មិត្តភក្តិ​១​នាក់ និង​អ្នក​ប៉ះពាល់​ប្រយោល​ចំនួន​១០​នាក់ (​ស្រី ៩​នាក់ និង​ប្រុស ១ នាក់​) ដែល​ការវិភាគ​វត្ថុ​សំណាក​របស់​ពួកគាត់​ទាំងអស់គ្នា គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​។​

២៖ ករណី​វិជ្ជមាន​លើ​ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ​៣៤​ឆ្នាំ​

​ស្ត្រី​រូបនេះ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ ពី​ប្រទេស​ឥណ្ឌា (​ទីក្រុង​ដេលី​) តាម​ជើងហោះហើរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។ ក្រោយពី​ធ្វើតេស្ត​លើក​ទី​១ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ គាត់​បាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​នៅក្នុង សណ្ឋាគារ​ខាងលើនេះ ហើយ​កូន​គាត់​២​នាក់ ក៏ត្រូវ​បាន​គាត់​ដាក់​ឱ្យនៅ​បន្ទប់​ដាច់ដោយឡែក​ពី​គាត់​ដែរ ហើយ នៅ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់ គឺ​ត្រូវ​នឹង​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ វត្ថុ​សំណាក​របស់គាត់​ត្រូវបាន យកទៅ​ធ្វើតេស្ត​ឡើងវិញ ក៏បាន​បង្ហាញ​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​រីឯ​ស្វាមី​គាត់​បាន​ចាក​ចេញពី​កម្ពុជា ទៅ​ប្រទេស​ឥណ្ឌា​ហើយ​មុន​ស្ត្រី​រូបនេះ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ (​មិនទាន់​ត្រឡប់មកវិញ​)​។ រីឯ​បុរស​ត្រូវជា​ពូ​របស់​កូន និង​កូន​២​នាក់ ត្រូវបាន​នាំយកមក​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​រួចហើយ​ដែរ នៅ​យប់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០​។​

​សូម​កត់សម្គាល់ថា​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​សរុប​មាន​ចំនួន ៨៤​នាក់ (​ក្នុង​ចំនួន​នេះ មាន​ស្ត្រី​ជនជាតិ​ឥណ្ឌា​ខាងលើ​នេះដែរ​)​។ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល នឹង​បន្ត​ការស្រាវជ្រាវ រក​អ្នក​ប៉ះពាល់​ជា​បន្តទៀត ហើយ​ក្រសួង នឹង​ជម្រាបជូន​សាធារណជន​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ ប្រសិនបើ​មាន​អ្នកណាម្នាក់ ត្រូវបាន​រកឃើញថា វិជ្ជមាន​វីរុស​កូ​វីដ​-១៩៕​ដោយ​៖​កូ​ឡាប​


spot_img
×