Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បានអនុម័ត គឺជា​មាគ៌ា​ដ៏​សំខាន់​ចាំបាច់​សម្រាប់​ស្ថាប័ន នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​

spot_img

​ភ្នំពេញ​៖ ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ការបើកប​វេ​សន​កាល​នៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា “​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ សូម​ចូលរួម​អបអរសាទរ ពិធី​បើក​បវេសនកាល​រដ្ឋសភា ដែល​ប្រារព្ធ​ឡើង​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ នេះ ។ ការបើក​ប្រជុំ​ជា​ទៀងទាត់​របស់​រដ្ឋសភា ជា​កិច្ចការ​ដ៏​សំខាន់ រួមចំណែក​ក្នុងការ​ពង្រឹង នីតិរដ្ឋ​នៅក្នុង​ព្រះរាជាណាចក្រ ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៃ​យើង ។​

​ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​បានអនុម័ត គឺជា​មាគ៌ា​ដ៏​សំខាន់​ចាំបាច់​សម្រាប់​ស្ថាប័ន នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ក្នុង​សកម្មភាព នៃ​ការអនុវត្ត តួនាទី និង​ភារកិច្ច​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ស្របទៅតាម​សភាព ជាក់ស្តែង និង​សកលភាវូបនីយកម្ម ។ ក្រៅពី​ការតាក់តែង​ច្បាប់ ថ្នាក់ដឹកនាំ​រដ្ឋសភា គណៈកម្មការ​ជំនាញ​ទាំង​១០ នៃ​រដ្ឋសភា ព្រមទាំង​សមាជិក សមាជិកា​រដ្ឋសភា បាន​បំពេញ​នូវ​ភារកិច្ច​ស្នូល​របស់ខ្លួន​តាម​មណ្ឌល ដែល​ខ្លួន​ទទួលខុសត្រូវ ដើម្បី​ពិនិត្យ​តាមដាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​ប្រតិបត្តិ​តួនាទី​របស់ រាជរដ្ឋាភិបាល ។ ក្នុងនោះដែរ សកម្មភាព​សហការគ្នា​យ៉ាង​ស្អិតល្មួត រវាង​រដ្ឋសភា និង​រាជរដ្ឋាភិបាល លើ​កិច្ច​គាំពារ​សុខុមាលភាព​សង្គម កំពុង​ត្រូវបាន​លើកស្ទួយ​យ៉ាងសកម្ម​គួរ​ឲ្យ​កត់សម្គាល់ ដោយបាន​បង្កើត​ឲ្យ​មានកម្ម​វិធី​ជំនួយ​សង្គម​ជាច្រើន សំដៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​នូវ​អត្ថប្រយោជន៍​ប្រកបដោយ​ភាព​សមធម៌ និង​ប្រសិទ្ធភាព ។

​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​កោតសរសើរ និង​អរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត អនុប្រធាន​ទី​១ នៃ​រដ្ឋសភា លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា សម្តេច ឯកឧត្តម លោកជំទាវ ជា​ប្រធាន​គណៈកម្មការ និង​ជា​សមាជិក សមាជិកា​នៃ​រដ្ឋសភា​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុងការ​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​នានា ដែល​ច្បាប់​ទាំងនេះ​បាន​គ្របដណ្តប់​លើ​វិស័យ​សំខាន់ៗ ដែល​ដឹកនាំ​ដោយ​រាជ​រដ្ឋា ភិ​បាល​ក៏ដូចជា​ការធ្វើសមាហរណកម្ម​កម្ពុជា​ទៅក្នុង​តំបន់ និង​អន្តរជាតិ ។​

​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​កោតសរសើរ​យ៉ាង​ក្រៃលែង ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​មគ្គុទ្ទេសក៍​ដឹកនាំ​ប្រទេស​ប្រកបដោយ​ភាពឈ្លាសវៃ ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ជាតិ ដ៏​ត្រឹមត្រូវ​ទប់ស្កាត់បាន​នូវ​អតិផរណា​ដែលជា​ខឿនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ធានាបាន​ស្ថិរភាព ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ ដោយ​ទទួលបាន​សមិទ្ធផល​ល្អៗ​ជាច្រើន ជូន​ដល់​ប្រជា ពលរដ្ឋ​បានរស់នៅ​ប្រកបដោយ​សេចក្តីសុខ សន្តិភាព និង​សុខដុមរមនា ។​

​ឆ្លៀតឱកាស​នេះ ក្នុងអំឡុង​ពេលដែល​ពិភពលោក​ទាំងមូល​កំពុង​អូសបន្លាយ​ការរង​គ្រោះ​នៃ​ជំងឺ​រាតត្បាត កូ​វីដ​-១៩ គួរ​ឲ្យ​ព្រួយបារម្ភ ដែល​មិនមាន​សញ្ញាណ​ថមថយ​នៅឡើយ ខ្ញុំ​សូម​ឲ្យ​ជនរួមជាតិ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធាន​ថែ​សុខភាព​ទាំងឡាយ ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ចៀសវាង​ឲ្យ​បាន​អំពី​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ ។​

នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋសភា​បាន​បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយចំនួន​។ កិច្ចប្រជុំ​នេះ មាន​របៀបវារៈ​ចំនួន​១១ ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួម​ពី​តំណាងរាស្ត្រ​១១៧​រូប​ផងដែរ​។​

​របៀបវារៈ សម្រាប់​កិច្ចប្រជុំពេញអង្គ​នេះ​មានដូចជា​៖

១៖ ព្រះរាជសារ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​។​

២៖ របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ និង​លើក​ទី​៥ នីតិកាល​ទី​៦​។​

៣៖ ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​។​

៤៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យ សម្បត្តិ​រដ្ឋ​។​

៥៖ ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖
* កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​ម៉ា​ឡេ​ស៉ី ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។​
* កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។​

៦៖ ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជា​ណា​ណា​ចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។​

៧៖ ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តី​បត្យាប័ន រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។​

៨៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញ ទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៉ី​។​

៩៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការយល់ព្រម​លើ​អនុសញ្ញា​មីណា​ម៉ា​តា ស្តីពី​បារត​។​

១០៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​វិសោធនកម្ម ពិធីសារ​ម៉ុងរ៉េអាល់​ស្តីពី សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។​

១១៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​៖ ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​សូមជម្រាបថា ការបើក​សម័យប្រជុំរ​ដ្ឋ​សភា​លើក​ទី​៥ នីតិកាល​ទី​៦​នេះ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​រដ្ឋសភា បានធ្វើ​វិស្សម​កាលពី​សម័យប្រជុំ​រដ្ឋ​សភា អស់​រយៈពេល​៣​ខែ​កន្លងមក ដោយ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៤ នីតិកាល​ទី​៦ បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២ ខែ​កក​ក្កដា ឆ្នាំ​២០២០​។​

​នៅក្នុង​រយៈពេល​វិស្សមកាល​កន្លងមក ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​រដ្ឋ​សភា បាន​ចុះ​បំពេញ​តួនាទី​ជា​តំណាង​ពលរដ្ឋ នៅតាម​មណ្ឌល​ខេត្ត​-​រាជធានី​ទូទាំងប្រទេស និង​បាន​បំពេញការងារ​ច្រើន​ទៀត ទាំង​ការប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ និង​ការងារ​ការទូត​សភា​នៅលើ​ឆាក​អន្តរជាតិ​។ ជារួម​សកម្មភាព​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ និង​លើក​ទី​៥ នីតិកាល​ទី​៦​នេះ ត្រូវ​បង្ហាញជូន​នៅក្នុង​ថ្ងៃ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នាពេលនេះ​៕

ដោយ : កូឡាប


spot_img
×