Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​ពិជ័យ​សេនា និង​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន ចុះ​ពិនិត្យ​គម្រោង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួយ​របស់​ចិន​ជូន​ចំពោះ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួយ​របស់​ចិន​ជូន​ចំពោះ​កម្ពុជា​។

​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​មន្ត្រី​ក​ម្មា​ធិ​ការ​ជាច្រើនរូប​ទៀត ដែល​អញ្ជើញ​មកពី​ស្ថាប័នរដ្ឋ​ក្នុងប្រទេស​កម្ពុជា​មានដូចជា ក្រសួងមហាផ្ទៃ ក្រសួង​អប់រំ យុវជន​និង​កីឡា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងការពារជាតិ និង​លោក Wu Guoquan ទីប្រឹក្សា​កិច្ចការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ព្រមទាំង​មន្ត្រី​ទូត​ជាច្រើនរូប​ទៀត​អញ្ជើញ​មាន​វត្តមាន​ក្នុង​កម្មវិធី​ខាងលើ​។​

​សម្តេច​ពិជ័យ​សេនា និង​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន បាន​អញ្ជើញ​សណ្ដាប់​សេចក្តីរាយការណ៍ ពី​ស្ថានភាព​វិវឌ្ឍន​នៃ​គម្រោង​ដែល​បង្ហាញ​ដោយ​លោក Wang Qunqing ប្រធាន​ក្រុមបច្ចេកទេស​គម្រោង​ដែល​ទទួល​សាងសង់​ដោយ​ក្រុមហ៊ុន CHINA STATE CONSTRUCTION គ្រុប​(CSCES)​។
​បន្ទាប់មក​ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​ការដ្ឋាន​នៃ​គម្រោង និង​បាន​លើកទឹកចិត្ត​បុគ្គលិក​នៃ​គម្រោង​ឱ្យខិត​ខំប្រឹងប្រែង ដើម្បី​កសាង​គម្រោង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ ឱ្យ​ក្លាយជា​វិស្វកម្ម​គំរូ​មួយ​ដែលមាន​ស្តង់ដារ​និង​គុណភាព​ខ្ពស់​។​
​គម្រោង​ពហុ​កីឡដ្ឋាន​ជាតិ​ដែលជា​ជំនួយ​របស់​ចិន​ជូន​ចំពោះ​កម្ពុជា មាន​ទីតាំងនៅ​ប៉ែក​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ផ្ទៃដី​នៃ​គម្រោង​មាន​ទំហំ​ប្រមាណ ៨២៤០០ ម៉ែត្រការ៉េ ដែល​អាច​ផ្ទុក​មនុស្ស​បាន ៦​ម៉ឺន នាក់ បានផ្តល់​ការគាំទ្រ​ដោយ​ថវិកា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ ហើយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នា​ឆ្នាំ​២០២១ ហើយនឹង​ក្លាយជា​ទីកន្លែង​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​២០២៣​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC ថ្លែង​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នេះ​ថា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ទីលាន​ប្រកួត ត្រៀម​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។ នៅថ្ងៃនេះ​ផ្តោត​សំខាន់​លើ​ការត្រៀម​លក្ខណៈ​២​សំខាន់ៗ គឺ​កីឡដ្ឋាន​ធំ ដែល​ប្រែប្រួល​កាលបរិច្ឆេទ​នៃ​ការបញ្ចប់​ការសាង់សង់ ដោយ​ក្រុមហ៊ុន​សាងសង់​បញ្ជាក់ថា នឹង​បញ្ចប់​ការសាងសង់​នា​ខែឧសភា ឆ្នាំ​២០២១ ដោយ​ត្រូវការ​ពេលវេលា​បន្ថែម ក្នុងការ​បំពាក់​កៅអី កញ្ចក់ ការតុបតែង​ផ្សេងៗ ជាពិសេស​គឺ​ការតុបតែង​ផ្នែក​ខាងក្នុង​កីឡដ្ឋាន​ធំ ដូចជា​ទីលាន​បាល់ទាត់ ទីលាន​រត់​អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយ​យើង​សង្ឃឹមថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១ នឹង​បញ្ចប់​ការសង់​សង់​កីឡដ្ឋាន​ធំ​ទាំងស្រុង ហើយ​នៅ​ឆ្នាំ​២០២២ យើង​ត្រៀម​បើកសម្ពោធ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ជាទូទៅ​បទ​បង្ហាញ​របស់​ក្រុមហ៊ុន​សាងសង់​ភាគី​ចិន បានបញ្ជាក់​ច្បាស់​អំពី​គុណភាព សក្តានុពល​នៃ​បច្ចេកវិទ្យា​ចុងក្រោយ​សម្រាប់​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ ដែល​នេះ​ជា​គម្រោង​ដ៏​ធំ​របស់​ភាគី​ចិន សម្រាប់​ការងារ​ក្រៅប្រទេស​របស់ខ្លួន​។​

​ឯកឧត្តម​អគ្គលេខាធិការ​បញ្ជាក់ជូន​ទៀតថា ចំណុច​ទី​២ គឺ​ផ្តោតលើ​ការសាងសង់​ភូមិ​កីឡា ដែល​អាច​ផ្ទុក​កីឡាករ កីឡាការិនី​ច្រើនជាង​៧​ពាន់​នាក់ ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ឲ្យ​ទាន់ពេលវេលា​តាម​ការគ្រោងទុក ដើម្បី​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ក៏ដូចជា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។ ភូមិ​កីឡា គឺជា​កន្លែង​ហូបចុក​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក ដែល​អាច​កាត់បន្ថយ​ការចំណាយ​លើ​ការរៀបចំ​នេះ​បាន​ច្រើន ដែល​អត្ត​ព​លិ​ក គ្រូ​ប​ង្វិ​ក​អាច​ហូបចុក ស្នាក់​នៅទីនេះ​ជុំគ្នា ផ្តល់​ភាពងាយស្រួល ក្នុងការ​ប្រកួត ហើយ​មិន​ចំណាយ​លើ​ការ​ស្នាក់នៅ​សណ្ឋាគារ និង​ការដឹកជញ្ជូន​ជាដើម​។ នៅក្នុង​ដំណើរ​អញ្ជើញ​ត្រួតពិនិត្យ​នៅទីនេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ទទួលបាន​នូវ​ភាពកក់ក្តៅ ហើយ​សម្តេច​ប្រធាន​ក៏បាន​ជំរុញ​ឲ្យ​ជំនាញ​ខិតខំ​ធ្វើការ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត ស្របទៅតាម​គម្រោង និង​ពេលវេលា ព្រមទាំង​ឲ្យ​គោរព​ទៅតាម​ស្តងដារ​នៃ​ការសាងសង់​ផង និង​ស្តង់ដា​និយាម​បច្ចេកទេស​នៃ​ប្រភេទ​កីឡា​ទាំងអស់ ដែលមាន នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

«​វាយតម្លៃ​ជារួម​ឃើញថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​ប្រធាន CAMSOC នាពេលនេះ យើង​ទទួលបាន​នូវ​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ទទួលបាន​ធាតុ​ចូល​បន្ថែម​ពី​ថ្នាក់ដឹកនាំ ហើយ​យើង​នឹង​កែសម្រួល​នូវ​ចំណុច​ខ្វះខាត​មួយចំនួន ជាពិសេស​គឺ​យើង​នៅមាន​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ជាច្រើន​ទៀត​ជូន​សម្តេច នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​ដែល​ត្រូវ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​លើទឹក ដូចជា​ខេត្ត​កែប កំពត និង​ខេត្ត​ព្រះសីហនុ​។ ដូច្នេះ​នៅ​ចុងឆ្នាំ​២០២០​នេះ ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ទាំងអស់ ត្រូវបាន​កំណត់​នូវ​ផែនការ​ច្បាស់លាស់ ថា​តើ​ប្រភេទ​កីឡា​ណាខ្លះ ត្រូវ​លេង​នៅ​កន្លែង​ណា ទីលាន​ប្រកួត​ណា​មាន​ស្តង់ដារ​បច្ចេកទេស​រួច​ហើយ ទីលាន​ណាខ្លះ​ទៀត​មិនទាន់​ឆ្លើយតប​ទៅនឹង​ស្តង់ដារ​បច្ចេកទេស​ស៊ី​ហ្គេម​។ ក្រោយពេល​យើង​រៀបចំ​នូវ​ទីលាន​ប្រកួត​នេះ​រួចរាល់​ហើយ គឺ​យើង​លែង​ខ្វល់ខ្វាយ ពី​រឿង​ទីលាន​ទៀត ហើយ​យើង​នឹង​ងាក​ទៅ​ពង្រឹង​គុណ​ភាណ​លើ​ការរៀបចំ​ព្រឹត្តិការណ៍ និង​ការអភិវឌ្ឍ​សមត្ថភាព​កីឡាករ កីឡាការិនី ដោយ​ធ្វើយ៉ាងណា​ឲ្យ​គ្រប់​ទម្រង់​ការងារ​មានគុណ​ភាពល្អប្រសើរ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ប្រតិភូ អត្ត​ពលិកម​ក​ពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ប្រកបដោយ​ភាពកក់ក្តៅ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន​៕​ដោយ​៖​កូ​ឡាប​

spot_img
×