Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ពិនិត្យ និង​ផ្អាក​ការដ្ឋាន​ស្ថានីយប្រេងឥន្ធនៈ ខុសច្បាប់​មួយកន្លែង នៅ​ស្រុក​ប្រាសាទបាគង​

spot_img

​សៀមរាប ៖ នៅ​ថ្ងៃទី ៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៨ និង ៣០​នាទី​ព្រឹក កម្លាំង​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល និង​កំលាំង​មូលដ្ឋាន​ចុះ​ត្រួត​ពិនិត្យមើល​ទីតាំង​សាងសង​ស្ថានីយ​ប្រេង​ឥន្ទៈ​ចំនួន ១​កន្លែង គ្មាន​លិខិតអនុញ្ញាត ដែលមាន​ម្ចាស់​ឈ្មោះ​ស្ងួន លុយ ភេទ​ស្រី ទីតាំង​ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​អន្លង់​ពី ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ក្រោយពី​ការត្រួតពិនិត្យ សមត្ថកិច្ច​ចម្រុះ បានធ្វើ​កិច្ចសន្យា​ផ្អាក​សកម្មភាព​សាងសង់ ជា​បណ្តោះអាសន្ន និង​អប់រំ​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម រង់ចាំ​ច្បាប់​អនុញ្ញាត​បង្កើត​ស្ថានីយ​ប្រេង​ឥន្ទៈ ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាមុនសិន ទើប​អាច​ដំណើរការបាន​។​

​ចំពោះ​ការសាងសង់​ត្រូវគោរព​តាម​សារាចរ​លេខ​០១៤០ រថ​. អ​ប្រក​.​សក​របស់​ក្រសួង​រ៉ែ និង​ថាមពល​។​

​សូមបញ្ជាក់ថា រដ្ឋបាល​ខេត្តសៀមរាប​ជំរុញ​ដល់​អភិបាលក្រុង ស្រុក​ទាំង​១២​ត្រូវ​បន្ត​ពិនិត្យ​តាមដាន​ទីតាំង​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ដែល​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដើម្បី​ការពារ​ហានិភ័យ​គ្រោះថ្នាក់ នានា​កើតឡើង​ជាយថាហេតុ​។​
​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត និង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ហា​នី​ភ័យ​ស្ថានីយ និង​សារាចរ​សុវត្ថិភាព​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​នៅ​ខេត្ត សៀមរាប​នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា លោក ពិន ប្រាកដ អភិបាលរង​សៀមរាប បាន​ណែនាំ​ដល់​អភិបាលក្រុង ស្រុក​ទាំង​១២​ក្នុង​ខេត្ត ឱ្យ​បន្ត​ការយកចិត្តទុកដាក់ ចុះ​ពិនិត្យ​និង​ស្រង់​ស្ថិតិ​ស្ថានីយ​ប្រេង ដែល​បាន​បើក​ដំណើរការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដើម្បី​បង្ការ​ហានិភ័យ​ខ្ពស់​ដល់​របស់​សុវត្ថិភាព​ប្រជាពលរដ្ឋ​។​

​លោក​បញ្ជាក់ថា ការចុះពិនិត្យ និង​ស្រង់​ស្ថិតិ​ស្ថានីយ​ប្រេង​នៅក្នុង​មូលដ្ឋាន​ខ្លួន​នេះ នឹង​បានដឹង​ពី ស្ថានីយ​ប្រេង​ណា​ដែល​លួចលាក់​បើក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​ណែនាំ​ពួកគេ​ឱ្យទៅ​សុំច្បាប់​ត្រឹម ត្រូវ​ហើយ​អនុវត្តតាម​ស្តង់ដារ ដែល​បង្ការ​ការពារ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោក​បាន​បញ្ជាក់ថា ចំណុច​នេះ ខ្ញុំ​សូម​បញ្ជាក់ជូន​ឯកឧត្តម លោកជំទាវ ជាពិសេស​អភិបាលក្រុង ស្រុក​ទាំង​១២​ក្នុង​ខេត្តសៀមរាប សូម​បន្ត​យកចិត្តទុកដាក់ ចំពោះ​ស្ថានីយ​ប្រេង​ក្នុង​ខេត្ត និង​ស្រុក​ដែល​យើង​តាំងទី​លំនៅ ត្រូវ​មើលថា​ស្ថានីយ​ប្រេង​ទាំងអស់ ស្ថានីយ​ណាខ្លះ​ដែលមាន​ច្បាប់​ត្រឹមត្រូវ និង​មិនទាន់​មានច្បាប់​ត្រឹមត្រូវ ត្រូវមាន​ស្ថិតិ​នៅក្នុង​ដៃ​ឱ្យ​ត្រឹមត្រូវ ហើយ​ត្រូវ​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​ណា​ដែល​មិនទាន់មាន​ច្បាប់​ត្រូវ​ទៅសុំ​ច្បាប់​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង ហើយ​មួយវិញទៀត​យើង​មើលថា តើ​ស្ថានីយ​ណាខ្លះ​ដែល​បង្ក ហានិភ័យ​ខ្ពស់​ដល់​ក្រុង ស្រុក​យើង យើង​គួរ​មាន​វិធានការណ៍​ផ្លូវច្បាប់ ណែនាំ​ឬ​បិទ​បញ្ឈប់​គាត់ ព្រោះ​ស្ថានីយ​ដែល​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​នេះ​នឹង​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​យើង ដើម្បី​ចៀសវាង​បញ្ហា​នេះ​យើង​គួរ​កំណត់​ចំនួន​ស្ថានីយ ថា​ទីតាំង​ណាខ្លះ​ដែល​បើក​បាន ទីតាំង​ណាខ្លះ​មិនគួរ​ឱ្យ​បើក​។​

​យោងតាម​របាយការណ៍​ខែកក្កដា ឆ្នាំ​២០២០ ខេត្តសៀមរាប មាន​ស្ថានីយ សរុប​ចំនួន ៣៦២ ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ ចំនួន​៣១៣ ស្ថានីយ ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ ចំនួន​១១ ស្ថានីយ និង​ស្ថានីយ​រួម​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​មាន​ចំនួន​៣៨ ស្ថានីយ ។ ក្នុងចំណោម​ស្ថានីយ​ទាំងអស់ មាន​ស្ថានីយ​ខ្លះ​សាងសង់​ខុស​បច្ចេកទេស មាន​ហានិភ័យ​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ ចាំបាច់​ត្រូវធ្វើ​ការកែសម្រួល និង​ផ្លាស់ប្តូរ​ទីតាំង ហើយ​ស្ថានីយ​ខ្លះទៀត មាន​លក្ខណៈ​សមស្រប អាច​ទទួលបាន​ការអនុញ្ញាត​ច្បាប់ ។​

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ កន្លងមក​រដ្ឋបាលខេត្ត​សៀមរាប​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ ចុះ​បញ្ឈប់​សកម្មភាព​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ចំនួន ១០​ទីតាំងនៅ​ក្នុង​ខេត្ត ដែល​ទទួលបាន​ការកំណត់​ហានិភ័យ​ខ្ពស់​ពី​ក្រសួង​រ៉ែ និង​ថាមពល ជា​លទ្ធផល ម្ចាស់​ស្ថានីយ​ទាំងនោះ បាន​គោរព និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមការងារ​។ បន្ថែម​ពីលើ​នេះ រដ្ឋបាល​ខេត្តសៀមរាប ស្នើសុំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​រ៉ែ និង​ថាមពល បន្ត​ចុះ​វាយតម្លៃ និង​កំណត់​ហានិភ័យ​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​បន្ថែមទៀត ដើម្បី​រក្សាសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប​ទាំងមូល​៕ ដោយ​៖​កូ​ឡាប​

spot_img
×