Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​នៅ​ខណ្ឌដូនពេញ ស្នើសុំ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​នៅ​ខណ្ឌដូនពេញ​ស្នើសុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ សំណើរ ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ប្រជា ពលរដ្ឋ​បានស្នើ​សុំ​បែបនេះ តាមរយៈ​វេទិការ​សាធារណៈ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​វិទ្យាល័យ​ព្រះ​សី​សុវត្ថិ នា​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ និងដោយមាន​ការចូលរួម​ពី​លោកជំទាវ សុខ ពិសី អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ។

​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​នៅ​ខណ្ឌដូនពេញ ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណួរ​ផ្ទាល់មាត់ ដូចជា ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ការបង្ក​រំខាន​ពី​ភោជនីយដ្ឋាន​បរទេស​នៅ​ម្តុំ​សូរិយា​ម៉​ល​ដែល​ចាក់ធុងបាស់ និង​ច្រៀង​ស្រែក​ឡូឡា​រាល់​យប់ , ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅជាប់​របង​សាលា​រៀប​ចតុមុខ ស្នើសុំ​មន្ទីរ​សុរិយោដី​ជួយផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​លើ​អចលនទ្រព្យ ដើម្បី​បាន​ប្លង់ដី​យកទៅដាក់​បញ្ចាំ​យកលុយ​មក​ជួសជុលផ្ទះ ខណៈ​គាត់​រស់នៅ​ទីនោះ​ជាង​៣០​ឆ្នាំ​មកហើយ , លោកស្រី​ម្នាក់​ជា​មេភូមិ​ស្នើ​អាជ្ញាធរ​រាជធានី ជួយ​ពិនិត្យមើល​ការផ្លាស់ប្តូរ​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង ព្រោះ​ពួកគាត់​នៅពេល​ផ្លាស់ប្តូរ​ទីលំនៅ មិនបាន​ប្រាប់​មក​ប្រធានភូមិ​នោះទេ គឺ​ពួកគាត់​អាងខ្នង​អ្នកធំ មើលរំលង​មេភូមិ , នាយក​សាលា​វត្តភ្នំ ស្នើសុំ​អាជ្ញាធរ​ក្រុង ជួយផ្តល់​ការ៉ូឡា​ចាស់ៗ​យកមក​រៀបចំ​ក្នុង​បរិវេណ​សាលា ដើម្បី​ឲ្យ​មាន​សោភ័ណ​ស្អាត និង​សំណើ​សរសេរ​ដាក់​ក្នុង​ប្រអប់ មួយចំនួន​ផងដែរ​។

​លោកជំទាវ​អភិបាលរង បាន​លើកឡើងថា ទោះបីជា​បច្ចុប្បន្ននេះ រដ្ឋបាល​រា​ធានី​ភ្នំពេញ ជាប់​មមាញឹក​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​បញ្ហា​ផ្សេងៗ​ទៀត​យ៉ាងច្រើន​ក៏ដោយ ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ ខិតខំ​យកចិត្តទុកដាក់ ក្នុងការ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​នេះ​ឲ្យ​ប្រព្រឹត្តទៅបាន​។ អង្គ​វេទិកា​នា​ថ្ងៃនេះ​គឺ​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ សម្រាប់​អភិបាលកិច្ច​ល្អ​ដែលជា​ឧបករណ៍​មួយ​សម្រាប់​វាស់​គណនេយ្យភាព តម្លាភាព និង​ដំណើរការ​ពិនិត្យ​ក្នុង​ការផ្តល់​សេវាសាធារណៈ សម្រាប់​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នីមួយៗ និង​ដោះស្រាយ​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​ក្នុង​វេទិកា​នា​ឆ្នាំកន្លងមក​។

​ឯកឧត្ដម ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​បញ្ជាក់ថា ការបង្កើតឱ្យមាន​វេទិកាសាធារណៈ​នេះ ធ្វើឡើង​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​បានលើកឡើង​ជា​សំណើ សំណូម ពរ​របស់​ពួកគាត់ ដើម្បីឱ្យ​យើង​យកទៅ​ដោះស្រាយ​ជូន​ពួកគាត់​។ ឯកឧត្ដម​បាន​បន្តទៀត​ថា ការលើកឡើង​របស់​ប្រជាពលរដ្ឋ​គឺ​ពិតណាស់ថា នឹង​ធ្វើឱ្យ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​រប​ស់ យើង​បាន​រកឃើញ​នូវ​ចំណុច​ខ្វះខាត​ដែល​យើង​ត្រូវ​យកមក​បំពេញបន្ថែម ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​។​

​ឯកឧត្ដម​បញ្ជាក់ថា រដ្ឋាភិបាល​ក្រៅពី​បង្កើតឱ្យមាន​វេទិកាសាធារណៈ​នៅ​ថ្នាក់​សង្កាត់ ខណ្ឌ​និង​ថ្នាក់​រាជធានី​ហើយ​នោះ នៅបាន​បង្កើតឱ្យមាន​កា​រិ​យា​ល័យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់ ខណ្ឌ​និង​ថ្នាក់​រាជធានី​ថែមទៀត ដើម្បី​ទទួលយក​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ ខណៈដែល​ប្រជាពលរដ្ឋ​មាន​កង្វល់​អ្វីមួយ ហើយ​ការិយាល័យ​នេះ​អាច​ដោះ ស្រាយ ជូន​ប្រជាពលរដ្ឋ​ក្រៅ​ប្រព័ន្ធតុលាការ​បាន​។​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា​៖ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ របស់​ខណ្ឌដូនពេញ​នៅពេលនេះ ប្រជាពលរដ្ឋ​ត្រូវតែ​លើកឡើង​ពី​កង្វល់ និង​ភាព​អសកម្ម ខ្វះចន្លោះ របស់​អាជ្ញាធរ ដែល​មិនបាន​បម្រើសេវា​សាធារណៈ​ផ្សេងៗ ជូន​បងប្អូន​បានល្អ ពិសេស អាជ្ញាធរ ខណ្ឌ សង្កាត់ មិនបាន​អនុវត្ដ​ឲ្យ​ស្របទៅតាម​បំណង​ដែល​បងប្អូន​ចង់បាន​កន្លងមក​។ ដូចជា​ការការពារ​សុវត្ថិភាព សន្ដិសុខ ការពារ​ចោ​លួច ចោ​ឆក់ ចោ​ប្លន់ ចោ​គាស់​ផ្ទះ​ពេលយប់ ក្មេង​ទំនើង ក្មេង​ប្រើប្រាស់​គ្រឿងញៀន​។​

​ឯកឧត្ដម ប៉ា សុជាតិ​វង្ស បានបញ្ជាក់​ផងដែរ​ថា ក្នុង​វេទិកា​នេះ​ប្រជាពលរដ្ឋ​បាន លើក​ឡើងជា​សំណួរ​ផ្ទាល់មាត់ និង​សំណើ​សរសេរ​ដាក់​ក្នុង​ប្រអប់​សំបុត្រ ហើយ​សំណើ និង​សំណូមពរ​ទាំងនេះ មានការ​ស្នើឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដោះស្រាយ​ឱ្យបាន​លឿន ។ ចំពោះ​ការស្នើ​ឡើង​ខាងលើនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានទទួល យក​ហើយ​សន្យាថា​នឹងធ្វើ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​។​

​សូមបញ្ជាក់ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នា​ថ្ងៃនេះ នឹង​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​ក្នុង​ដំណើរការ​អភិបាលកិច្ច​ល្អ​និង ជា​ឧបករណ៍​មួយ​សម្រាប់​លើកកម្ពស់​គណនេយ្យភាព តម្លាភាព ក្នុង​ដំណើរការ​ពិនិត្យមើល​លើ​ការផ្តល់​សេវាសាធារណៈ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ដើម្បី ធានាថា ១-​រាល់​បញ្ហា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ត្រូវបាន​ពិនិត្យ​ដោះ ស្រាយ និង​ឆ្លើយតប ២-​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​មូលដ្ឋាន ត្រូវបាន​រួមបញ្ចូល​ប​រិ​យា​ប័ន​នៅក្នុង​ដំណើរការ​នៃ ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។ ម្យ៉ាងទៀត ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​មាន​គោលបំណង ជំរុញ​នូ​វប្បធម៌ នៃ​ការពិភាក្សា​និង​លើកកម្ពស់​គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ ហើយ​ក្នុងឱកាស​នោះ ក្រម​ប្រឹក្សា​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ នូវ​សមិទ្ធផល​ដែល​ក្រុមប្រឹក្សា​សម្រេចបាន​កន្លងមក និង​បញ្ហា​ប្រឈម​នានា ផ្តល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ អំពី​អាទិភាព​នៃ​ការងារ​អភិវឌ្ឍ​របស់​ក្រុមប្រឹក្សា សម្រាប់​ឆ្នាំ​ខាងមុខ ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ ដើម្បី​ពិភាក្សា​លើ​របាយការណ៍​របស់​ក្រុមប្រឹក្សា ទទួលយក​អនុសាសន៍ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិភាក្សា និង​ឆ្លើយតប​។​

​ក្នុង​វេទិកាសាធារណៈ​នេះ​ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ធ្វើឡើង​រៀងរាល់​មួយឆ្នាំ​ម្តង តែ​នៅ​ថ្នាក់​សង្កាត់​និង​ខណ្ឌ​តែ​តែ​ធ្វើជា​ប្រចាំ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោ​លប​ល់ គឺ​យើង​បូកសរុប​បញ្ហា ដែល​ប្រជាពលរដ្ឋ​ស្នើឡើង និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ហើយ​ដាក់ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ដើម្បី​បំពេញ​ការចង់ បាន​របស់​ប្រជាពលរដ្ឋ​។​

វាទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី នៅ​ព្រឹក​នេះ ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់ របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​៕ ដោយ ៖ កូ​ឡាប​

spot_img
×