Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក នឹង​ពិចារណា ដកចេញ​បំរាម​ទិដ្ឋាការ​ដល់​មន្ត្រី​ការទូត​កម្ពុជា

spot_img

​ភ្នំពេញ ៖ ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​អះអាង​ថា អាមេរិក នឹង​ពិចារណា ក្នុង​ការដកចេញ​បំរាម​ទិដ្ឋាការ​ដល់​មន្ត្រី​ការទូត​កម្ពុជា ដែល​អាមេរិក ដាក់​កន្លងមក ។ លោក​ឧបការី​ថ្លែង​បែប​នេះ យោងតាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​ស្នើ​ឲ្យ​អាមេរិក ពិចារណា​ក្នុង​ការដក​បំរាម ចំពោះ​មន្ត្រី​ការទូត​កម្ពុជា ចូល​ទឹកដី​អាមេរិក ដែល​អាមេរិក​បាន​ផ្អាក​នា​ពេលកន្លងមក។​

​ក្នុងជំនួប​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ជម្រាប​ដល់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ដោយ បាន​ស្នើ​ឲ្យ​អាមេរិក​ពិចារណា ក្នុង​ការដក​បំរាម ចំពោះ​មន្ត្រី​ការទូត​កម្ពុជា​ចូល​ទឹកដី​អាមេរិក​។

​ឆ្លើយតប​នឹង​សំណើ​នេះ លោក ខា​ល រី​ស​ឆ៍ (CARL RISCH) ឧបការី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​កុងស៊ុល ថ្លែងថា អាមេរិក​នឹង​ពិចារណា ក្នុង​ការដកចេញ​នូវ​បំរាម​ទិដ្ឋាការ​ដល់​មន្ត្រី​ការទូត​កម្ពុជា​ដែល​អាមេរិកដា​ក់​កន្ល​ង​មក ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ឯកភាព បន្ត​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​កម្ពុជា ដែល​បាន​ប្រព្រឹត្តិ​បទល្មើស នៅ​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ តាម​ការស្នើ​របស់​អាមេរិក ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង ដែល​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា កាលពី​ឆ្នាំ​២០០២ និង​ឆ្នាំ​២០០៣​កន្លងមក ។ សម្តេច​ក្រឡាហោម ថា​កម្ពុជា​មិន​ដែល​គេចវេស ក្នុង​ការទទួល​ពលរដ្ឋ​កម្ពុជា ដែល​អាមេរិក​នឹង​បញ្ជូន​មក​ទេ ប៉ុន្តែ​អ្វីៗ​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ។​សម្ដេច​ក្រឡាហោម ក៏​បាន​ស្នើ​ដល់​ខាង​ភាគី​សហរដ្ឋអាមេរិក ឲ្យ​បន្ដ​ធ្វើ​យ៉ាងណា បង្កើន​ការគាំទ្រ​ផ្នែក​ហរិញ្ញាវត្ថុ ទៅ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ត្រូវ​ធ្វើ​មាតុភូមិនិវត្ដន៍ មក​កម្ពុជា​វិញ ឲ្យ​ពួកគាត់​មាន​លទ្ធភាព ក្នុង​ការកសាង​ជីវិត​នៅ​កម្ពុជា និង​អាច​ធ្វើ​សមា​ហរ​ណ័​កម្ម នៅក្នុង​សង្គម​កម្ពុជា​វិញ ប្រកបដោយ​ជោគជ័យ​។​

​ជុំវិញ​នៃ​ការស្នើ​របស់​សម្តេច​ក្រឡា​ហោម​នេះ លោក ខា​ល រី​ស​ឆ៍ (CARL RISCH) បញ្ជាក់ថា បញ្ហា​នេះ​គឺ​ទុក​លទ្ធភាព ឲ្យ​ក្រុម​ការងារភាគី​ទាំងពីរ ពិនិត្យ​ពិភាក្សា​គ្នា​បន្ថែមទៀត ដើម្បី​ស្វែងរក​ចំណុចរួម និង​ភាព​មិន​ចុះសម្រុង​គ្នា និង​បញ្ហា​ផ្សេងៗ ជុំវិញ​ការបញ្ជូន​ត្រឡប់​ពលរដ្ឋ​កម្ពុជា ដែល​មាន​ទោស​នៅ​អាមេរិក​មក​កាន់​កម្ពុជា​វិញ​នេះ ។​

​សូមបញ្ជាក់​ថា ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា បាន​ចេញ​ប្រកាស​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ថា ចាប់ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ​B1 ប្រភេទ​B2 និង​ប្រភេទ​B1/B2 ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​។​

​ដោយយោង​តាម​មាត្រា 243(d) នៃ​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​សហរដ្ឋអាមេរិក នៅពេល​ទទួលបាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ថា មាន​ប្រទេស​មួយចំនួន​បាន​បដិសេធ​មិន​ទទួលយក ឬ​ប្រើប្រាស់​ហេតុផល​ដែល​មិន​សមស្រប​ដើម្បី​ពន្យារ​ពេល​ទទួលយក​ព​ល​រដ្ឋ​នៃ​ប្រទេស​របស់​ពួកគេ​វិញ​នោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ត្រូវ​បញ្ជា​ឲ្យ​មន្ត្រី​កុងស៊ុល​បញ្ឈប់​លែង​ផ្តល់​ទិដ្ឋាការ​រហូត​ទាល់តែ​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​ទទួលបាន​ព័ត៌មាន​ថា ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងនោះ​បាន​យល់ព្រម​ទទួលយក​ពលរដ្ឋ​របស់​គេ​វិញ​ហើយ​។​

​ប្រសិនបើ​អ្នក​ស្ថិតនៅ​ក្នុង​ក្រុម​ដែល​ត្រូវបាន​គេ​ផ្អាក​ការចេញ​ទិដ្ឋាការ ហើយ​អ្នក​សម្រេចចិត្ត​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នោះ មន្ត្រី​កុងស៊ុល​នឹង​សម្ភាសន៍​អ្នក ប៉ុន្តែ​មិន​អាច​ផ្តល់​ទិដ្ឋាការ​ជូន​បានទេ រហូត​ទាល់តែ​ការផ្អាក​នោះ​ត្រូវបាន​លើកលែង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×