Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បង្ហាញ​ពី​ការបន្ត​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​ដល់​កម្ពុជា បើទោះជា​កំពុង​ជួប​បញ្ហា​កូ​វីដ​-១៩ ក៏ដោយ

spot_img

​ភ្នំពេញ ៖ នៅក្នុងពេល​ជួប​សម្តែង​ការគួរសម​ជាមួយ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម មី​កា​មី ម៉ាសា​ហ៊ិ​រូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ជំរាបជូន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ពី​ជំហរ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​កំពុង​គិតគូរ​បន្ត​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា បើទោះបីជា​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​កូ​វីដ​-១៩ ដូច​ប្រទេស​នានា​លើ​សកលលោក​ក៏ដោយ ។

​ឯកឧត្តម អគ្គរាជទូត បាន​ឲ្យ​ដឹង​បន្ថែមទៀតថា រាជរដ្ឋាភិបាល​ជប៉ុន បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ជួយ​ដល់​កម្ពុជា ក្នុង​វិស័យ​មួយចំនួន​ដូចជា​វិស័យ​សុខាភិបាល ជាដើម ក្នុងនោះ​ជំនួយ​ទឹកប្រាក់​ប្រមាណ​ជា​២៥​ពាន់​យេន គ្រោង​នឹង​រៀបចំ​ចុះហត្ថលេខា នាពេល​ខាងមុខនេះ ។​

​ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​ជប៉ុន កំពុង​ពិនិត្យ​រៀបចំ​ការតភ្ជាប់​គ្នា​ឡើងវិញ​នូវ​ជើងហោះហើរ​ពី​ជប៉ុន​មក​កម្ពុជា ពី​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន បន្ទាប់ពី​បាន​អាក់ខាន​ដោយសារ​កូ​វីដ​-១៩ មកនេះ ។​

​ជាការ​ឆ្លើយតប លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានចាត់ទុក​ប្រទេស​ជប៉ុន​ជា​មហាមិត្ត​របស់​កម្ពុជា ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កម្ពុជា តាមរយៈ​ការផ្តល់​ជំនួយឥតសំណង និង​ប្រាក់​កម្ចីសម្បទាន ក្នុងដំណាក់កាល ដែល​កម្ពុជា ត្រូវការ​ជំនួយ​ដើម្បី​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​។ ជំនួយ​ដ៏​ថ្លៃថ្លា​របស់​ជប៉ុន បាន​ជួយ​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​មុខមាត់ និង​បម្រើ​ដល់​ប្រជាជន​កម្ពុជា​ទូទៅ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា ក្រៅពី​ជំនួយ​លើ​វិស័យសេដ្ឋកិច្ច សុខាភិបាល និង​ការជួយ​ស្តារឡើងវិញ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ ជប៉ុន​គឺជា​ប្រទេសមួយ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ស្វែងរក​សន្តិភាព ការបង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ដល់​កម្ពុជា នឹង​បាន​ឈានទៅដល់​មាន​កិច្ចព្រមព្រាង​សន្តិ​ភា​ក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រមទាំង​បាន​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ទៀតផង ។

​តាមរយៈ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្ញើ​នូវ​ការថ្លែងអំណរគុណ ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ជួយ​ដល់​កម្ពុជា ព្រោះ​ប្រទេស​ទាំង​ពីរបាន​ភ្ជាប់​ចំណងទាក់ទង​គ្នា​តាំងពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​១៩៥៣​មក​ម្លេះ ។​

​ឯកឧត្តម មី​កា​មី ម៉ាសា​ហ៊ិ​រ៉ូ បាន​ថ្លែង​នូវ​ការចាប់អារម្មណ៍​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ប្រទេសមួយ ដែល​ធ្លាប់​ជួបប្រទះ​នឹង​ស​ង្ក្រា​ម បែកបាក់ មកជា​ប្រទេស​មាន​សន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ពិសេស​គឺ​ការរក្សាបាន​ស្ថិរភាព សន្តិភាព និង សន្តិសុខ​សណ្តាប់ធ្នាប់ ដែលជា​មូលដ្ឋាន​ស្នូល​នាំមក នូវ​ការអភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​របស់​កម្ពុ​ជា ។​

​ចុងបញ្ចប់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​សុំ​ឲ្យ​មាន​ការជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន ដែលមាន​បេសកកម្ម​ស្រដៀង និង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ជាពិសេស វិស័យ​អធិការកិច្ច និង​ទប់ស្កាត់​អំពើពុករលួយ តាមរយៈ ផ្លាស់ប្តូរ​ទស្សនកិច្ច និង​ការបណ្តុះបណ្តាល និង សូម​ជូនពរ​ឯកឧត្តម ឯកអគ្គរាជទូត ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ និង​ជោគជ័យ​ក្នុង បេសកកម្ម​ការទូតរ​បស់ ឯកឧត្តម នៅ​កម្ពុជា ៕​ដោយ​៖​កូ​ឡាប​

spot_img
×