Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ៖ បោះឆ្នោត​ព្រឹទ្ធសភា បក្សនយោបាយ​៤ ដាក់​ភ្នាក់ងារ​សង្កេតការណ៍​ទូទាំង​រាជធានី​-​ខេត្ត ចំនួន​៧៥​រូប

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​ប្រកាស​ព័ត៌មាន ស្តីពី ភ្នាក់ងារ​គណបក្សនយោបាយ​ដែល​នឹង​ត្រូវ​សង្កេតការណ៍​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ឆ្នាំ​២០១៨ ដោយ​ក្នុង​នោះ គណបក្សនយោបាយ​៤ បានដាក់​ភ្នាក់ងារ​សង្កេតការណ៍ ទូទាំង​រាជធានី​-​ខេត្ត ពេញសិទ្ធិ​ចំនួន​៧៥​រូប ។​

​គ​.​ជ​.​ប​. បានប្រកាសថា បន្ទាប់​ពី​ផុតកំពត់​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបា​យ កាលពី​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ការិយាល័យ​កិច្ចការ​គណបក្សនយោបាយ និង​អ្នកសង្កេតការណ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទទួលបាន​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ ដើម្បី​សង្កេតការណ៍ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា មាន​ចំនួន​៤​គណបក្ស ចំនួន​៧៥​រូប គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​៣៣​រូប គណបក្ស​យុវជន​កម្ពុជា​មាន​៤​រូប គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​មាន​២០​រូប គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មាន​១៨​រូប​។ ចំណែក​គណបក្ស​ចំនួន​៣​បានដាក់​ភ្នាក់ងារ​បម្រុង លើកលែង​តែ​គណបក្ស​យុវជន​កម្ពុជា​គ្មាន​ភ្នាក់ងារ​បម្រុង​។

​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប បានឲ្យដឹងថា អនុលោម​តាម​ប្រកាស ៧.១.១៧ នៃ​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធភា​នីតិកាល​ទី​៤ ឆ្នាំ​២០១៨ គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត មាន​សិទ្ធិ​ចាត់តាំង​ភ្នាក់ងារ​របស់​ខ្លួន​២​រូប ភ្នាក់ងារ​ពេញសិទ្ធិ​១​រូប និង​ភ្នាក់ងារ​បម្រុង​១​រូប ដើម្បី​សង្កេតមើល​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត ឬ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នីមួយៗ នៅតាម​រាជធានី​-​ខេត្ត នៃ​ភូមិភាគ​ដែល​ខ្លួន​ឈរឈ្មោះ​បោះឆ្នោត​។​

​សូមជម្រាបថា ភ្នាក់ងារ​គណបក្សនយោបាយ គឺជា​តំណាង​ដែល​ចាត់តាំង​ដោយ​គណបក្ស​នយោបាយ និង​ត្រូវបាន​អនុញ្ញាត​ដោយ​គណៈកម្មាធិការ​រាជធានី ខេត្ត​រៀបចំ​បោះឆ្នោត ដើម្បី​សង្កេតមើល​ដំណើរការ​បោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត ហើយ​ពួកគាត់​មាន​សិទ្ធិ​ប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់ នៅពេល​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​។​

​ការបោះឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នឹង​ធ្វើឡើង​នៅ ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ​។ អាសនៈ​នៅក្នុង​ស្ថាប័នព្រឹទ្ធសភា ក្នុង​អាណត្តិ​ទី​៤​នេះ គឺមាន ចំនួន​៦២​អាសនៈ ដែល​ក្នុងនោះ​សមាជិក​ចំនួន​៥៨​រូប ត្រូវ​ជ្រើសតាំង​តាមរយៈ ការបោះឆ្នោត​ជា​អសកល ដោយ​អង្គ​បោះឆ្នោត ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក្នុង​តំណែង​បច្ចុប្បន្ន​សរុប ១១.៦៩៥​នាក់ ខណៈ​ដែល​សមាជិក ព្រឹទ្ធសភា​ចំនួន​២​រូប ត្រូវ​ចាត់តាំង​ដោយ​អង្គ​ព្រះមហាក្សត្រ និង​ចំនួន​២​រូប​ជ្រើសតាំង​ដោយ​រដ្ឋសភា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×