Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​បានអនុម័ត​យល់ព្រម​ទាំង​ស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង​

spot_img

​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា ដឹកនាំ​គណៈប្រតិភូ ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង (AHKFTA) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​កាលពី​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​។

​លោកជំទាវ និ​ន សា​ផុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា​បាន​ជម្រាបជូន​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​ថា គណៈកម្មការ​ទី​៩​រដ្ឋសភា ដោយមាន​កិច្ចសហការ​ពី​គណៈកម្មការ​ទី​៥ បាន​ពិនិត្យ​និង​ពិភាក្សា​លើ​ការស្នើសុំ​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី រួចរាល់​ហើយ ដោយ​ការស្នើសុំ​នេះ​បាន​បំពេញ​ត្រឹមត្រូវ​តាម​បែបបទ និង​នីតិវិធី​។​

​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​អំពី​ខ្លឹម​សារសំខាន់ៗ​នៃ​កិច្ចព្រមព្រៀង ព្រមទាំង​អត្ថប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួលបាន​នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។ ក្រោយពី​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួចរាល់​មក សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​ក៏បាន​អនុម័ត​យល់ព្រម​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង ដោយមាន​១១១​សំឡេង​។​

​លោក​រដ្ឋមន្ត្រី ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​ចក្រី​ប្រធាន​អង្គប្រជុំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ដ៏​ឧត្តុង្គឧត្តម​នៃ​រដ្ឋសភា​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ដែល​បានអនុម័ត​យល់ព្រម នឹង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​នេះ​នឹង​ផ្តល់នូវ​ប្រយោជន៍​ជា​សារ​វ័​ន្ត​ដល់​សង្គមជាតិ​ទាំងមូល និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ បេ្ត​ជ្ញា​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ​-​អន្តរជាតិ​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​គួរ​ជម្រាប​ផងដែរ​ថា កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការតភ្ជាប់​សេដ្ឋកិច្ចរ​វា​ង​អាស៊ាន​និង​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ការបន្ត​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ ពាណិជ្ជកម្ម​សេវាកម្ម និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​នីតិវិធី​គយ និង​វិធានការ​នានា លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស និង​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​សម្រួល​ដល់​ពាណិជ្ជកម្ម​និង​វិនិយោគ​ឆ្លងដែន ព្រមទាំង​កាត់បន្ថយ​នូវ​របាំង​ចូល​ទីផ្សារ ដើម្បី​ជំរុញ​ដល់​ភាពងាយស្រួល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម រវាង​អាស៊ាន និង​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕
ដោយ​៖CEN


spot_img
×