Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល និង​WHO ជំរុញ​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​គ្រុនសន្ធំ សម្រាប់​ជំហាន​ចុងក្រោយ នៃ​ការសម្រេច​គោលដៅ​ឆ្នាំ​២០២០ នៅក្នុង​ប្រទេស​កម្ពុជា

spot_img

​ភ្នំពេញ​៖ លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ជាពិសេស​ត្រូវអនុវត្ត​ន៍​ផែនការ​យុទ្ធសាស្ត្រ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅតាម​បណ្តា​ខេត្ត ។​

​នា​រសៀល​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ នៅវេលា​ម៉ោង ៣ រសៀល មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ (​ម​.​គ​.​ច​) បាន​បើក​កិច្ច​ប្រជុំបិភាក្សា​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា សម្រាប់​ជំហាន​ចុងក្រោយ​នៃ​ការសម្រេច​គោលដៅ​ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​លោកជំទាវ​វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​អង្គប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​លទ្ធភាព បិ​ង​សកម្មភាព​សំខាន់​សំដៅ​កំណត់​បានជា​យុទ្ធសាស្ត្រ​បន្ថែម​លើ​កិច្ចការ​ការលុបបំបាត់​ជំងឺគ្រុនចាញ់​បច្ចុប្បន្ន នៅក្នុង​ខេត្ត​មួយចំនួន​ដែល​នៅមាន​អត្រា​ឈឺ​នៅឡើយ ដោយមាន​ការចូលរួម​ពី​មន្ត្រី​បច្ចេកទេស និង​ថ្នាក់ដឹកនាំ ម​.​គ​.​ច និង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង​ពោធិសាត់ និង​មន្ត្រី​ជំនាញ​អង្គការ​សុខភាព​ពិភពលោក (WHO) ផងដែរ​។​

​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​ម​.​គ​.​ច បាន​រាយ​ការ​ដល់​អង្គប្រជុំ​អំពី​ស្ថានភាព​ជំងឺគ្រុនចាញ់ និង​លទ្ធផល​សម្រេចបាន​លើ​ការងារ​លុបបំបាត់​គ្រុនចាញ់​គិត​ត្រឹម​ខែសីហា​ឆ្នាំ​២០២០ និង​ជំហាន​បន្ទាប់ ដើម្បី​ឈានទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​នៅ​ឆ្នាំ​២០២៥ ដោយមាន​ការពន្យល់​ប​ន្ថែ​ម​ពី​មន្ត្រី​ជំនាញ​អង្គការ​សុខភាព​ពិភពលោក​ផ្នែក​ជំងឺគ្រុនចាញ់​នេះ​ផងដែរ​។​

​បន្ទាប់មក លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​សំដែង​នូវ​ការកោតសរសើរ​លើ​លទ្ធផល នៃ​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​កន្លងមក​របស់ ម​.​គ​.​ច ហើយ​លោកជំទាវ​បាន​មានប្រសាសន៍ថា ទោះបីជា​ជំងឺគ្រុនចាញ់​ថយចុះ​យ៉ាងគំហុក​ក៏ដោយ ក៏​យើង​មិនត្រូវ​ស្កប់ស្កល់​និង​ជោគជ័យ​នេះ​ទេ យើង​ត្រូវតែ​ធ្វើការ​ងារ​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​នៅក្នុង​ជំហាន​ចុងក្រោយ​នៃ​ឆ្នាំ​២០២០​នេះ សំដៅ​លុបបំបាត់​ជំងឺក្រុនចាញ់ តាម​គោលដៅ​ដែល​បានកំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១៦-២០២៥ ដែល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រគល់​ផែនការ​យុទ្ធសាស្ត្រ​នេះ ជូន​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល យកមក​អនុវត្តន៍​។
​លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​សង្កត់ធ្ងន់ថា​យើង​ត្រូវ​ពិនិត្យ ពិភាក្សា និង​កំណត់​នូវ​យុទ្ធសាស្ត្រ​ថ្មី​ដែលមាន​ប្រសិទ្ធិភាព​បន្ថែមទៀត ដោយ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទាំង​បច្ចេកទេស និង​ការងារ​អនុវត្តន៍​ជាក់ស្តែង ដើម្បី​ចៀសវាង​មាន​បញ្ហា និង​ការយល់ច្រឡំ​ដែល​អាច​កើតមានឡើង​ក្នុងចំណោម​មតិសាធារណៈ​។ លោកជំទាវ ក៏បាន​ជំរុញ​ឲ្យ​មានការ​ពិចារណា​ដោយ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ក្នុង​ការប្រើ​វិធីសាស្ត្រ​លេច​ថ្នាំ​ការពារ និង​ព្យាបាល​ប៉ា​ស៉ា​ស៊ីត​គ្រុនចាញ់​ជាមុន បន្ថែម​លើ​ការប្រើប្រាស់​មុង និង​ថ្នាំលាប​ការពារ​មូស មុននឹង​បុគ្គល​ធ្វើដំណើរ​ចូលទៅ​កាន់​កន្លែង​ដែលមាន​ហានិភ័យ​ឆ្លង​ជំងឺគ្រុនចាញ់​ខ្ពស់​ដូចជា​ភ្នំ ឬ​កន្លែង​ដែលមាន​ព្រៃ​ច្រើន​ជាដើម​។​

​លោកជំទាវ​វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ជាពិសេស​ត្រូវអនុវត្ត​ន៏​ផែនការ​យុទ្ធសាស្ត្រ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅតាម​បណ្តា​ខេត្ត​ដែល​នៅមាន​ករណី​គ្រុនចាញ់​នៅឡើយ នា​ជំហាន​ចុងក្រោយ​នេះ ដោយ​ត្រូវមាន​ភាពច្បាស់លាស់​ទាំង​ប​ច​ចេកទេស កម្រិត​ហានិភ័យ បញ្ហា​ដែល​នឹង​អាច​ជួបប្រទះ​នាពេលខាងមុខ និង​ធនធាន​ថវិកា ដែល​លោកជំទាវ អាច​នឹង​ស្វែងរក​កៀរគរ​ជំនួយ​ថវិកា​បន្ថែមទៀត ប្រសិនបើ​អាច​កំណត់​បាន​ច្បាស់​នូវ​សកម្មភាព​ចាំបាច់ៗ​ដែល​ត្រូវធ្វើ​ក្នុង​រយៈពេល​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០២០ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ​នា​ដំណាច់ឆ្នាំ​២០២០​នេះ​។​

​ក្រោយពី​បាន​ពិនិត្យ និង​ពិភាក្សាគ្នា​យ៉ាង​ផុលផុស​ពី​គ្រប់ភាគី​ទាំងអស់ ការប្រជុំ​នេះ​បានកំណត់​នូវ​ចំណុច​សំខាន់ៗ សម្រាប់​ដាក់ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ពិនិត្យ និង​សម្រេច ដែលមាន​ដូចខាងក្រោម​៖

១. មន្ត្រី​ជំនាញ​ទាំង ម​.​គ​.​ច និង WHO ត្រូវ​កំណត់​ចំនួន​ខេត្ត​ដែល​នៅមាន​ជំងឺគ្រុនចាញ់ ដើម្បី​ជម្រុញ​អនុវត្តន៍​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់ នៅ​ជំហាន​ចុងក្រោយ​នៃ​ឆ្នាំ​២០២០​នេះ​។​

២. ផ្តល់ជំនួយ​បច្ចេកទេស​បន្ថែម​ពី​អង្គការ​សុខភាព​ពិភពលោក និង​ការរៀបចំ​លំអិត​លើ​ជំហាន​ចុងក្រោយ​សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ដំណាច់ឆ្នាំ​២០២០ និង​ឈានទៅ​គ្មាន​ជំងឺគ្រុនចាញ់​ប្រភេទ​គ្រុនសន្ធំ​នៅ​ឆ្នាំ​២០២៣ (Last Mile Malaria Elimination Efforts By 2020 for P.F elimination and maintain zero by 2023)​។​

៣. ត្រូវ​ធានា​ឲ្យ​មាន​លក្ខណៈ​បច្ចេកទេស​សមស្រប និង​ធានា​ឲ្យ​ការអនុវត្តន៍​ការ​លេបថ្នាំ​ការពារ​ជាមុន​នេះ អាចធ្វើ​ទៅបាន​ដោយ​រួម​បន្ថែម​ជាមួយ​កិច្ចការ​កំពុងតែ​ធ្វើ​ស្រាប់ ដើម្បី​ជំរុញ​ឲ្យ​មាន​លទ្ធផល​ល្អប្រសើរ​សម្រាប់​សម្រេច​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​នេះ​។​

៤. ត្រូវមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម និង​ការជួយ​ស្វែងរក​ធនធាន​បន្ថែម​សម្រាប់​បំពេញ​កង្វះខាត នៅក្នុង​ការអនុវត្តន៍​សកម្ម​ភាពជា​ចាំបាច់​សម្រាប់​ជំហាន​លុប​ប​ពពា​ត់​ជំងឺគ្រុនចាញ់​ចុងក្រោយ​នេះ​។​

៥. ត្រូវ​កែសម្រួល​ការប្រើប្រាស់​ពាក្យ​សំខាន់ៗ សម្រាប់​គោលដៅ​ចំណុច ដូចជា​ពាក្យ អ្នក​ចូល​ព្រៃ (Forest-Goer) គួរ​ផ្តូ​រ ទៅជា អ្នក​ចូលទៅ​តំបន់​ប្រឈម​ជំងឺគ្រុនចាញ់ (Travelers to malaria risk area) ដែល​មានន័យ​រួមបញ្ចូល​ទាំង​អ្នក​ប្រកប​របរ​អនុផល​នៅក្នុង​ព្រៃភ្នំ អ្នក​ទៅ​បោះជុំរុំ​នៅតាម​ព្រៃ ឬ​អ្នកដើរ​កម្សាន្ត​ក្នុងព្រៃ ជាដើម ដែល​ពួកគាត់​មាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺគ្រុនចាញ់​។​

៦. ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ចម្រុះ ក្នុងការ​គ្រប់គ្រង​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនចាញ់ ដោយ​ដាក់បញ្ចូល​ថ្នាំលាប​ការពារ​មូស​ខាំ​ផងដែរ ការប្រើប្រាស់​មុង​ផង និង​ការ​លេបថ្នាំ​ការពារ​ជាមុន​ផង ដោយ​រួមបញ្ចូល​ការពន្យល់​ពី​របៀប​ប្រើប្រាស់ និង​ការអប់រំ​សុខភាព ។​

៧. ត្រូវធ្វើ​តេស្ត​រក​មេរោគ​គ្រុនចាញ់ និង​លេបថ្នាំ​ការពារ​ជំងឺគ្រុនចាញ់​មុន​ចូលទៅ​តំបន់​ប្រឈម​ជំងឺគ្រុនចាញ់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន (​ភូមិ ឃុំ ខេត្ត​) ដើម្បី​កំណត់​មុខសញ្ញា​បុគ្គល​ដែល​នឹង​ទៅកាន់​តំបន់​ប្រឈម​ជំងឺគ្រុនចាញ់ នៅតាម​ភូមិ​ដែល​នៅមាន​ជំងឺគ្រុនចាញ់​ប្រមាណ​ជា​៦០​ភូមិ នៅ​ទូទាំងប្រទេស​។​

៨. ត្រូ​បញ្ជាក់ និង​បែងចែក​តួនាទី និង​ភារកិច្ច អ្នក​ដែល​ចូលរួម​ក្នុងការ​អនុវត្ត​សកម្មភាព​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ព្រមទាំង​ចំនួន​កម្លាំង​ដែល​ត្រូវ​ចូលរួម​ការងារ​នេះ​។​

៩. សកម្មភាព​ការងារ​សម្រាប់​ក្រុម​ដែល​ចូល​ទៅកាន់​កន្លែង​ប្រឈម​នឹង​ជំងឺគ្រុនចាញ់ រួមមាន ការផ្តល់​មុង​រយៈពេល​វែង ការផ្តល់​ថ្នាំលាប​ការពារ​មូស​ខាំ ការធ្វើ​តេស្ត​រក​មេរោគ​គ្រុនចាញ់​នៅតាម​ផ្ទះ​រាល់​សប្តាហ៍ ការអប់រំ​សុខភាព​/​បំផុស​សហគមន៍​/​ចលនា​សហគមន៍ ផ្តល់​ថ្នាំ​ការពារ ការអង្កេត​តាមដាន ការតាមដាន​ផលប៉ះពាល់​ដែល​អាច​នឹង​កើតមាន និង​ការព្យាបាល ជាដើម​។​

១០. ត្រូវ​ពង្រឹង​ការងារ​តាមដាន​ជំងឺ តាមដាន​សកម្មភាព​ការងារ តាមដាន​ផលប៉ះពាល់​ផ្សេងៗ និង​ការត្រៀម​ឆ្លើយតប​ក្នុងករណី​មាន​បញ្ហា​ជាយថាហេតុ​។​

១១. ជំរុញ និង​គាំទ្រ​អ្នកស្ម័គ្រចិត្ត​តាម​ភូមិ ដែល​ជួយ​លើ​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់ ដោយ​ធ្វើ​ឲ្យ​មាន​ជំនឿ​លើ​ការងារ​អ្នក​ស្ម័គ្រ​ដែលមាន​កំណត់​ច្បាស់លាស់ សុវត្ថិភាព​នៃ​ការធ្វើដំណើរ និង​អំពើ​រំលោភបំពាន​នានា ជាដើម​។​

១២. ត្រូវ​រៀបចំ​ឯកសារ​លម្អិត ស្របតាម​ខ្លឹមសារ​នៃ​កិច្ច​ពិភាក្សាគ្នា ដោយ​កំណត់​ឲ្យ​បានច្បាស់លាស់​នូវ​យុទ្ធសាស្ត្រ ដែល​ត្រូវ​បន្ថែម​លើ​យុទ្ធសាស្ត្រ​ដែលមាន​ស្រាប់ សំដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​នា​ជំហាន​ចុង​ក្រោយនេះ ដើម្បី​ដាក់ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ពិនិត្យ និង​សម្រេច​ជា​ចុងក្រោយ មុននឹង​យកទៅ​អនុវត្តន៍​នៅតាម​មូលដ្ឋាន​ដែល​នឹងត្រូវ​កំណត់​៕​ដោយ​៖​កូ​ឡាប​


spot_img
×