Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​ក្នុងការ​លើកស្ទួយ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តី​ជូន​ព័ត៌មាន អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​ក្នុងការ​លើកស្ទួយ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សូម​ជម្រាប​និង​បំភ្លឺ​ជូន​សាធារណជន​ទាំងអស់​អំពី បច្ចុប្បន្នភាព នៃ​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការអនុវត្ត​ច្បាប់​ក្នុងការ​លើកស្ទួយ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា ឆ្លើយតប​ទៅ នឹង​ការ​ការរិះគន់​និង​របាយការណ៍​ចោទប្រកាន់​ដោយ​លំអៀង​និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម​និង​អង្គការ​ស្ថាប័ន មួយចំនួន​ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​រដ្ឋាភិបាល ដូចខាងក្រោម​៖

​កិច្ចសហការ​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​អន្តរជាតិ​

១. កម្ពុ​ជាមាន​ឆន្ទៈ​ខ្ពស់​ចំពោះ​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស ដែល​បាន​ស្តែងចេញ​យ៉ាង ច្បាស់​តាមរយៈ​ការផ្តល់​សច្ចាប័ន និង​ការទទួលយក​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៨ ក្នុងចំណោម ដែល​ធ្វើឱ្យ​ប្រទេសមួយ​នេះ​ក្លាយជា​ប្រទេសមួយ​លេចធ្លោ និង​ឈានមុខ​គេ ក្នុង​តំបន់​ក្នុងនាម​ជា​ភាគី​សន្ធិសញ្ញា សិទ្ធិមនុស្ស​អន្តរជាតិ​។

២. កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​គ្រប់​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ជាមួយនឹង​ស្ថាប័ន​សន្ធិសញ្ញា​ផ្សេងៗ​ទៀត​។ ឧទាហរណ៍ ចាប់តាំងពី​ឆ្នាំ​១៩៩៣ កម្ពុជា ជា​ប្រទេស​តែមួយគត់​ក្នុង តំបន់​អាស៊ាន​ដែល​បាន​ស្វាគមន៍ ទាំង​វត្តមាន​អ្នករាយការណ៍​ពិសេស ព្រមទាំង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ដែល​អាណត្តិ​អ្នករាយការណ៍​ពិសេស និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវបាន​អនុញ្ញាតឱ្យ​បន្ត​ជា​បន្តបន្ទាប់​រហូតមក ដល់​បច្ចុប្បន្ន​។ លើសពីនេះ កម្ពុជា ក៏​មិនដែល​បាន​បដិសេធ​ចំពោះ​សំណើ​ទស្សនកិច្ច​របស់​អ្នករាយការណ៍ ពិសេស​ណាមួយ​ឡើយ​។​

​ស្ថានភាព​ទូទៅ​នៃ​សិទ្ធិមនុស្ស និង​ការឆ្លើយតប​ទៅនឹង Cov-19

៣. ដើម្បី​ធានាបាន​នូវ​សិទ្ធ​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​របស់​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ពី​កូ​វីដ​១៩ រដ្ឋាភិបាល​បាន​អនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ដែល​បច្ចុប្បន្ន​ជាង​កន្លះ​លាន​គ្រួសារ​រួចហើយ​បានទទួល​ផល​ពី​កម្មវិធី​នេះ ហើយ​គ្រួសារ​ជាង ៦០.០០០ ផ្សេងទៀត នឹងត្រូវ​ដាក់បញ្ចូល​ប​ន្ថែ​ម​នៅក្នុង​ដំណាក់កាល​ទី​២​នៃ​កម្មវិធី​នេះ​។ ក្រៅពី​កម្មវិធី​ឧបត្ថម​សាច់ប្រាក់​នេះ រដ្ឋាភិបាល ក៏បាន​ដាក់ចេញ​នូវ​កិច្ច​អន្តរាគមន៍​ការពារ សង្គម​ផ្សេងៗ​ទៀត​ជាច្រើន​ជុំ​ផងដែរ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ក្រុម​ងាយ រងគ្រោះ​។​

៤. ជាក់ស្តែង កាលពី​ខែកុម្ភៈ​កន្លងទៅនេះ សម្តេច​តេ​ជោ បានអនុញ្ញាត​ឱ្យ​នាវា​យក្ស​អាមេរិក Westerdam ដែលមាន​មនុស្ស​ជាង​២០០០​នាក់ ៤១​សញ្ជាតិ ហើយ​ជាប់គាំង​ជាច្រើន​សប្តាហ៍ ចូល​ចត​នៅ​កំពង់ផែ​កម្ពុជា ដែល​នេះ​បញ្ជាក់​ពី​កាយវិការ​មនុស្សធម៌រ​បស់​សម្តេច ក៏ដូចជា​ការធានា​និង​ការពារ​នូវ​សិទ្ធិ​រស់រានមានជីវិត​របស់​អ្នកទេសចរ ជាង​២០០០​នាក់​នៅលើ​នាវា រួមទាំង​សិទ្ធិ​ដែល​មិនត្រូវ​ទទួលរង​នូវ​ការរើសអើង ដោយសារតែ​ស្ថានភាព Covid​។​

៥. កម្ពុ​ជាមាន​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ជិត​៦០០០ ហើយ​រដ្ឋាភិបាល​នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ បញ្ហា​ប្រឈម​របស់​ពួកគេ តាមរយៈ​វេទិកា​ភាពជា​ដៃគូ​ជា​ទៀងទាត់ ដែល​បាន​បង្កើត​រួចហើយ ។ រដ្ឋាភិបាល ក៏​កំពុង​ពិនិត្យ​និង​សិក្សា​នីត្យានុកូលភាព នៃ​សំណើសុំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ទាំង​១៤ នៃ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ មិនមែន​រដ្ឋាភិបាល ផងដែរ​។​

៦. ប្រព័ន្ធ​ផ្សព្វផ្សាយ​ជិត​២០០០ ដែលមាន​ទាំង​សំឡេង​រិះគន់​រដ្ឋាភិបាល បាននិងកំពុង​ដំណើរកា​រ​ដោយ​សេរី តាមរបៀប​បែប​ប្រពៃណី​និង​ឌីជីថល ដោយ​គ្មាន​ការត្រួតពិនិត្យ​ជាមុន​។ កម្ពុជា ត្រូវការ​អ្នកសារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ដែល​មិន​រំលោភសិទ្ធិ​អ្នកដទៃ​និង​មិន​បំភ្លៃ​ការពិត​។ ព័ត៌មាន​ក្លែងក្លាយ និង​សារ​ស្អប់ខ្ពើម មិនមែនជា​ការអនុវត្ត សិទ្ធិសេរីភាព​សារព័ត៌មាន​នោះទេ​។ កាលពី​ឆ្នាំមុន នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្ន​កា​រាយការណ៍​ពិសេស​បាន​ថ្លែង​រិះគន់ លោក សម រង្ស៊ី ដែល​បាន​ប្រើ​ភាសា​ប្រមាថ និង​ញុះញង់​ប្រជាជន​ឱ្យ​ផ្តួលរំលំ រដ្ឋាភិបាល​ស្របច្បាប់ នៅ​កម្ពុជា​។ ថ្មីៗ​នេះដែរ បុគ្គល​ដ៏​ដែល​នេះ បានប្រកាសថា នឹង​បន្ត​ផែនការ​ទុច្ចរិត​របស់ខ្លួន​ជាថ្មី​។​

៧. សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវបាន​ធានា​និង​ការពារ​នៅ​កម្ពុជា​តាមរយៈ​យន្តការ​ច្បាប់ និង​ស្ថាប័ន រួមមាន ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់​សំខាន់ៗ​និង​ចាំបាច់​មួយចំនួន​ពាក់ព័ន្ធ​សេរីភាព​សារព័ត៌មាន ជាពិសេស​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ និង​ការអនុញ្ញាតឱ្យ​បង្កើត​និង​ដំណើរការ​ស្ថាប័ន ព័ត៌មាន​ទាំង​ជាតិ​និង​អន្តរជាតិ​នៅ​កម្ពុជា និង​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​សេរី មិនមាន​ការត្រួតពិនិត្យ​ជាមុន​។​

៨. សារព័ត៌មាន ជា​វិជ្ជាជីវៈ​សេរី តែ​ក៏ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រង​និង​ក្របខ័ណ្ឌ​ច្បាប់​ផងដែរ រួមមាន​ច្បាប់ ស្តីពី​របប​សារព័ត៌មាន និង​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ មានន័យថា បើ​អ្នកសារព័ត៌មាន​មាន​កំហុស​ខាង វិជ្ជាជីវៈ គឺ​ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន តែបើ​អ្នកសារព័ត៌មាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ គឺ​ត្រូវ ទទួលខុសត្រូវ​តាម​បញ្ញត្តិ​ច្បាប់ព្រហ្មទណ្ឌ​។​

៩. វា​ជា​រឿង​មិន​ត្រឹមត្រូវ​និង​សម​ហេតុ​សម​ផល​នោះទេ ការដែល​ក្រុម​មួយ​ហៅ​ខ្លួនឯង​ថា​សារព័ត៌មាន​ឯករាជ្យ ដោយសារតែ​ខ្លួន​ហ៊ាន​រិះគន់​រដ្ឋាភិបាល​នោះ ព្រោះថា​សារព័ត៌មាន​វិជ្ជាជីវៈ​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​របស់​រដ្ឋាភិបាល ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​និង​ផ្តល់ព័ត៌មាន​ពិត​ក៏ដូចជា​ចំណេះដឹង​ដល់​សាធារណជន មិនមែន​ផ្តោត​តែ​លើ​ចំណុច​អវិជ្ជមាន​ដែល​ធ្វើឡើង​ដោយ​កំហឹង​និង​គំនុំគុំកួន​ជាមួយ​រដ្ឋាភិបាល​និង​ដើម្បី​បម្រើ ផលប្រយោជន៍​នយោបាយ​នោះទេ​។​

១០. កម្ពុជា ប្រកាន់​ភ្ជាប់​និង​គោរព​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ដែលមាន​ចែង ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្ពុជា បានរៀបចំ​ការបោះឆ្នោត​ជាតិ និង​ឃុំ​-​សង្កាត់​ជាច្រើន​អាណត្តិ មកហើយ តាម​មធ្យោបាយ​ផ្ទាល់ខ្លួន ជាមួយនឹង​ការចូលរួម ប្រកបដោយ​សេរីភាព យុត្តិធម៌ និង​គ្មាន​អំពើហិង្សា​។ ជា​ឧទាហរណ៍ ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ គឺ​ប្រព្រឹត្ត​ទៅជា​ប្រក្រតី ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ជា​ទៀត​ទាត់ ហើយ​មាន​គណបក្ស នយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួត ប្រជែង ហើយ​ប្រជាពលរដ្ឋ​ក៏មាន​សិទ្ធិសេរីភាព​ពេញលេញ ក្នុងការ​បោះឆ្នោត​ផងដែរ​។ បច្ចុប្បន្ន​មាន​គណបក្ស នយោបាយ​ចំនួន​៤៦ បាន​ចុះបញ្ជី​រួចហើយ​។​

​សិទ្ធិសេរីភាព​និង​ការអនុវត្ត​ច្បាប់​

១១.​រដ្ឋធម្មនុញ្ញ​ចែងថា​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​នៃ​ការជួបជុំ​បញ្ចេញមតិ​និង​តវ៉ា តែ​ក៏​បានចែង​បន្ថែមទៀត​ដែរ​ថា ការអនុវត្ត​សិទ្ធិ​ទាំងនេះ ត្រូវ​កំណត់ដោយ​ច្បាប់​។ ដូច្នេះ យើង​ត្រូវ​មើល​រដ្ឋធម្មនុញ្ញ​ឱ្យអស់ កុំ​មើល​តែមួយ​ផ្នែក រួមទាំង ច្បាប់​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ផងដែរ ដើម្បី​អាច​ដឹងបាន​ថា​សកម្មភាព​ណា​ជាការ​អនុវត្ត​សិទ្ធិ និង​សកម្មភាព​ណា ជា​ការបំពានច្បាប់ ដែល​អាច​នាំឱ្យ​មានការ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ណាមួយ​ជាយថាហេតុ​។​

១២. ការជួបជុំ​តវា​ដោយ​សន្តិវិធី សហការ​ជាមួយ​សមត្ថកិច្ច និង​គោរព​តាម​វិធានការ​សន្តិសុខ សុវត្ថិភាព និង​សុខភាព​សាធារណៈ គឺជា​ការអនុវត្ត​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ តែ​ផ្ទុយទៅវិញ ការជួបជុំ​តវ៉ា​ដោយ មិនបាន​ជូនដំណឹង​និង​សហការ​ជាមួយ​សមត្ថកិច្ច បំពាន​វិធានការ​សន្តិសុខ សុវត្ថិភាព និង​សុខភាព​សាធារណៈ បង្ក​ជា​អំពើហិង្សា​និង​ភាពចលាចល​ក្នុងសង្គម ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​សិទ្ធិសេរីភាព អ្នកដទៃ រួមទាំង​ការដាក់​សម្ពាធ​ដល់​ស្ថាប័ន​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​ផងដែរ​នោះ គឺជា​អំពើ​ល្មើស​ទៅនឹង​ច្បាប់ ដែល​សមត្ថកិច្ច​ត្រូវ​ចាត់​គ្រប់​វិធានការ​ដើម្បី​ទប់ស្កាត់ ហើយ​អ្នក​តវា​ក៏ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ផងដែរ ដែលមាន ជា​ធរមាន​។​

១៣. ការបញ្ចេញមតិ​អំពី​ក្តីកង្វល់​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន គឺជា​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ តែ​ផ្ទុយទៅវិញ ការបញ្ចេញមតិ​ដោយ​បំផ្លើស​និង​បំភ្លៃ​ព័ត៌មាន​មិន​ពិត​ពី​បញ្ហា​ព្រំដែន ក្នុង​ចេតនា​ទុច្ចរិត​ញុះញង់​បង្ក​ភាពចលាចល ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ មិនមែនជា​ការអនុវត្ត​សិទ្ធិ​នោះទេ តែ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​អ្នកប្រព្រឹត្ត ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដែលមាន ជា​ធរមាន​។​

១៤. បញ្ហា​ព្រំដែន​ជា​បញ្ហា​រសើប​និង​មាន​ភាពស្មុគស្មាញ ហើយ​ការ​បំផ្លើស​និង​បំភ្លៃ​ព័ត៌មាន​មិន​ពិត​ពី​បញ្ហា​ព្រំដែន នឹង​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ប្រទេសជាតិ ជាពិសេស​ប៉ះពាល់​ដល់​ស​ន្តិ​សុខ​ជាតិ និង​ទំនាក់ទំនង ការទូត​ជាមួយ​ប្រទេសជិតខាង ដូច្នេះ​វិធានការ​ច្បាប់​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​ត្រូវតែ​ម៉ឺងម៉ាត់​បំផុត ដើម្បី​ការពារ​សុខ សន្តិភាព​ជូន​ប្រទេសជាតិ​។ ការដោះស្រាយ​បញ្ហា​ព្រំដែន គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ អ្នកជំនាញ​ដែលមាន​បទពិសោធ ការស្រាវជ្រាវ និង​ចំណេះដឹង​ច្បាស់លាស់​អំពី​បញ្ហា​ព្រំដែន ជាជាង​ធ្វើឡើង​ដោយ​ក្រុម​សកម្មជន​និង​ឈ្មួញ​នយោបាយ ដែល​គ្មាន​ជំនាញ ចំណេះដឹង និង​ការស្រាវជ្រាវ​ទាល់តែសោះ​អំពី​បញ្ហា​នេះ ដោយ​សូម្បីតែ​មើល​ផែនទី​ក៏​មិនចេះ​មើល ហើយ​មើល​ក៏​មិនត្រូវ​ជ្រុង​ផងដែរ​នោះទេ តែ​បែរជា​នាំគ្នា​ទៅ​មើល​លើ​ផែនដី​ឯណោះ​ទៅវិញ​។​

១៥. តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ជន​ណា​ឬ​ក្រុម​អង្គការ​អន្តរជាតិ​ណាមួយ អាចដាក់​សម្ពាធ និង​បង្គាប់ បញ្ហា​មកលើ​តុលាការ​បាន​នោះទេ​។ ការចេញ​សេចក្តីថ្លែងការណ៍​ដាក់​សម្ពាធ​និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ជន ជាប់ចោទ​និង​ទម្លាក់ចោល​បទ​ចោទ មិនមែនជា​មធ្យោបាយ​ស្របច្បាប់​ក្នុងការ​ការពារ​ជនជាប់ចោទ​នោះទេ ហើយក៏​នឹង មិនមាន​ឥទ្ធិពល​អ្វី​ដែរ​ទៅលើ​ការសម្រេច​របស់​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​។ ការកំណត់​ពី​ពិរុទ្ធភាព បទល្មើស និង​ទោសទណ្ឌ​របស់​ជនល្មើស គឺជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់​តុលាការ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​អង្គហេតុ​និង​អង្គច្បាប់ ដែលមាន ជា​ធរមាន គឺ​មិនមែន​អាស្រ័យ​លើ​បក្សពួក​ឬ​ក្រុម​សម្ព័ន្ធមិត្ត​និង​អង្គ​ការដែល​គាំទ្រ​និង​ការពារ​សកម្ម​ភាពខុស ច្បាប់​របស់​ជនល្មើស​នោះទេ ហើយ​មធ្យោបាយ​តាមផ្លូវ​ច្បាប់​តែមួយគត់​ក្នុងការ​ការពារ​ជនជាប់ចោទ​ក្នុង សង្គម​ប្រជាធិបតេយ្យ នីតិរដ្ឋ គឺ​ការចូលរួម​ក្នុង​ដំណើរ​នីតិវិធីតុលាការ​ដើម្បី​ធ្វើការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​។​

១៦. វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​នាពេល​កន្លងមក មិនបាន​ផ្តោត​ជាក់លាក់​ទៅលើ​ក្រុម​គោលដៅ ណាមួយ​នោះទេ ពោល គឺ​អនុវត្ត​ជាទូទៅ មិន​ថា​អ្នក​ទាំងនោះ​ជា​សកម្មជន​សិទ្ធិមនុស្ស សង្គម​ស៊ីវិល នយោបាយ ឬ​បរិស្ថាន​នោះទេ ឱ្យតែ​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់ ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដូចៗ​គ្នា ដោយ​មិនមាន​ការលើកលែង​ឬ​អភ័យឯកសិទ្ធិ​ពិសេស​ដោយឡែក​ណាមួយ​នោះទេ​។ វិធានការ​ច្បាប់​ចំពោះ ក្រុម​សកម្មជន​នាពេល​ថ្មីៗ​នេះ មិនមែន​ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​ក្នុងការ​ការពារ​សិទ្ធិសេរីភាព បរិស្ថាន និង​ប្រយោជន៍​សាធារណៈ​នោះទេ តែដោយសារ​តែ​ពួកគេ​ប្រព្រឹត្ត​បទល្មើស ដែលមាន​បញ្ញា​ត្តិ​នៅក្នុង​ច្បាប់​របស់​កម្ពុជា ដោយមាន​អង្គការ​ចាត់តាំង​រៀបចំ​ចាត់ចែង​ច្បាស់លាស់​នៅ​ពីក្រោយ ហើយ​ដែល សមត្ថកិច្ច​មាន​មូលដ្ឋាន​រឹងមាំ​ក្នុងការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ​។​

១៧. គ្រប់​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ទាំង​ជាតិ​និង​អន្តរជាតិ ដែល​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ត្រូវ គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អ​ធិ​បេ​តយ្យ​ភាព​និង​បញ្ញត្តិ​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែលមាន​ជា​ធរមាន ជាពិសេស ច្បាប់​ស្តីពី​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ហើយ​ក្នុងករណី​ដែលមាន​មូលដ្ឋាន​ច្បាស់លាស់​បញ្ជាក់ ពីស​កម្ម​ភាពមិនប្រក្រតី​ដែលជា​ការបំពានច្បាប់ នោះ​សមត្ថកិច្ច​មាន​សិទ្ធិ​ធ្វើការ​ត្រួតពិនិត្យបាន​គ្រប់ពេល ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​ច្បាប់​មួយ​ដែលមាន​ប្រសិទ្ធភាព នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ​។​

១៨. កម្ពុជា មិនមាន​អ្នកទោសនយោបាយ​នោះទេ មានតែ​អ្នកនយោបាយ​ដែល​មានទោស​ដោយសារ តែ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​។ ការអនុវត្ត​ច្បាប់​ចំពោះ​អ្នកនយោបាយ​ដែល​ប្រព្រឹត្ត​បទល្មើស និង​ការរំលាយ គណបក្សនយោបាយ​ដែល​ប្រព្រឹត្ត​ខុសច្បាប់ មិនមែន​ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​ផ្នែក​នយោបាយ និង​លំហ ប្រជាធិបតេយ្យ​នោះទេ តែ​ផ្ទុយទៅវិញ​ជា​វិធានការ​ច្បាប់​ដើម្បី​លើកស្ទួយ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

១៩. ជាក់ស្តែង ផ្អែក​តាម​បញ្ញត្តិ​ច្បាប់​និង​នីតិវិធីតុលាការ​របស់​កម្ពុជា លោក កឹម សុខា នាពេល​កន្លងមក មិនដែល​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​របប​នៃ​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះទេ ហើយ​ច្បាប់​កម្ពុជា​ក៏​មិន​មានចែង​ពី​របប​នៃ​ការឃុំខ្លួន​បែបនេះ​ដែរ ពោល គឺ​តុលាការ​បានសម្រេច​ឱ្យ​គាត់​នៅក្រៅ​ឃុំ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយចំនួន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ លោក កឹម សុខា បានធ្វើ​ដំណើរ ដោយ​សេរី​ទូទាំងប្រទេស និង​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សាធារណជន​គ្រប់រូប រួមទាំង​អង្គទូត​ផងដែរ​។ ក្រោយ​ការរីក​រាលដាល COVID-19 សវនាការ​លោក កឹម សុខា ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន តាម​ការស្នើសុំ​របស់​មេ​ធា​វី​ភាគី ទាំងពីរ​។​

២០. កាលពី​ខែ​មុន អតីត​អ្នកនយោបាយ​ប្រឆាំង​មួយចំនួន​ថែមទៀត​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដែល​ធ្វើឱ្យ​ចំនួន​នេះ​កើន​ឡើងដល់​១២​រូប​។ ពួកគាត់​មានបំណង​បង្កើត​បក្សនយោបាយ ហើយ​សមាជិក​អតីត​បក្ស ប្រឆាំង​ជាច្រើនរូប​ទៀត ក៏មាន​បំណង​ចូលរួម​ផងដែរ តែ​ពួកគាត់​ត្រូវបាន​រាំងខ្ទប់ ដោយ​ថ្នាក់ដឹកនាំ​របស់ខ្លួន ដោយ​ចោទ ប្រកាន់​និង​ប្រកាស​ជា​សាធារណៈ​ថា ជា​ជន​ក្បត់ជាតិ ដែល​នេះ​ជាការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ​នយោបាយ របស់​ពួកគាត់​។​

​កា​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​លំអៀង​និង​គ្មាន​មូលដ្ឋាន​

២១. របាយការណ៍​ចោទប្រកាន់ ដោយ​លំអៀង​និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម​និង​អង្គការ​ស្ថាប័ន​មួយចំនួន ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​រដ្ឋាភិបាល មិនបាន​ឆ្លុះបញ្ចាំង ពី​ការពិត​ជាក់ស្តែង​នៅ​កម្ពុជា​នោះទេ ព្រោះថា របាយការណ៍​ទាំងនេះ គ្រាន់តែ​ធ្វើការ​ប្រមូល បូកសរុប​នូវ​ព្រឹត្តិការណ៍ និង​ធ្វើការ​សន្និដ្ឋាន តែ​លើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោលគឺ​មិនបាន​សិក្សា​លើ​មូលហេតុ​លំអិត​ដែលនាំឱ្យ​កើតមាន​ព្រឹត្តិការណ៍​នីមួយៗ ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ​នៃ​បទល្មើស និង​អំពើ​ដែលជា​ធាតុ​ផ្សំ​នៃ​បទល្មើស ដែលនាំឱ្យ​មានការ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​នោះទេ​។​

២២ ជា​ទម្លាប់​របស់​អង្គការ​ទាំងនេះ កាលណា​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​គោលដៅ​ដែល​គេ​មាន របៀបវារៈ​ច្បាស់លាស់​ក្នុងការ​ការពារ ដូចជា​សកម្មជន​អតីត​បក្សប្រឆាំង សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​និន្នាការ​ប្រឆាំង គឺ​ពួកគេ​តែងតែ​ធ្វើការ​សន្និដ្ឋាន​និង​ចោទប្រកាន់ថា​ជាការ​រំលោភ​សិទ្ធិមនុស្ស ដោយ​មិន​ខ្ចី​អើពើ​និង​ធ្វើការ​ពិចារណារ​ទៅ​ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ អំពើ​ដែលជា​ធាតុ​ផ្សំ​នាំឱ្យ​កើត ជា​បទល្មើស ហើយ​ដែលនាំឱ្យ​មានការ​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់ និង​ការចោទប្រកាន់​តាមផ្លូវ​តុលាការ នោះ ទេ​។​

២៣.​ការធ្វើ​របាយការណ៍​ដោយ​ដកស្រង់​យកតែ​ទស្សនៈ​មួយ​ជ្រុង​និង​ជួប​សម្ភាសន៍​ជាមួយ​មនុស្ស​មួយក្រុម និង​អង្គការ​មួយចំនួន​ដែលជា​បក្ខពួក​របស់ខ្លួន និង​មាន​និន្នាការ​ប្រឆាំងនឹង​រដ្ឋាភិបាល​ផង​នោះ ដោយ​មិនមាន​ការចូលរួម​និង​ធាតុ​ចូល​ពី​តំណាង​រដ្ឋាភិបាល និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដែល​ទទួលរង​ផលប៉ះពាល់​អវិជ្ជមាន​ពី​របាយការណ៍​នេះ នោះ​ការស្រាវជ្រាវ និង​ការសន្និដ្ឋាន​ក្នុង​របាយការណ៍​នេះ​មិនមាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ មិនមាន​ភាពច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ និង​មិនអាច​យកជាការបាន​នោះទេ​។​

២៤. ការចេញ​របាយការណ៍​មិន​គ្រប់​ជ្រុងជ្រោយ លំអៀង និង​មាន​គោលដៅ​វាយប្រហារ​រដ្ឋាភិបាល​បែបនេះ អាច​នឹង​នាំឱ្យមាន​គ្រោះថ្នាក់​និង​អស្ថិរភាព​ក្នុងសង្គម ព្រោះថា​របាយការណ៍​នេះ​ហាក់ដូចជា ការពារ​និង​លើកទឹកចិត្ត​ដល់​ក្រុមប្រឆាំង​ដែល​តែងតែ​ធ្វើ​សកម្មភាព​ក្រោមរូបភាព​ផ្សេងៗ ដែល​រៀបចំ ឧបត្ថម្ភ និង​គាំទ្រ​ដោយ​ចលនា​និង​អង្គការ​ចាត់តាំង​ខុសច្បាប់​នៅ​ខាងក្រៅ ឱ្យ​កាន់តែ​ធ្វើ​សកម្មភាព​បន្ថែមទៀត ដោយ​មិន​ខ្លាច​ច្បាប់ និង​សមត្ថកិច្ច​បង្ក​ភាពចលាចល​ក្នុងសង្គម ដើម្បី​សម្រេច​ឱ្យបាន​នូវ​មហិច្ឆតា នយោបាយ​របស់ខ្លួន ហើយ​ដែល​នេះ​មិនមែនជា​ការអនុវត្ត​នូវ​សិទ្ធិសេរីភាព​តាមផ្លូវ​ច្បាប់​នោះទេ​។ តែ​ផ្ទុយទៅវិញ របាយការណ៍​របស់​អង្គការ​ទាំងនេះ គួរតែ​ធ្វើការ​អប់រំ​និង​ណែនាំ​ក្រុម​ដែល​បំពាន​ច្បាប់​ទាំងនោះ​ឱ្យ គោរព​ច្បាប់​ឱ្យបាន​ខ្ជាប់​ខ្លួន ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ មិន​បំពាន​សិទ្ធិសេរីភាព អ្នកដទៃ និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​និង​សណ្តាប់​
​ធ្នាប់​សាធារណៈ ដែល​អាច​នាំឱ្យ​ពួកគេ​ប្រឈម និង ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ជាយថាហេតុ​ណាមួយ​។​

២៥. នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ ជាគោលការណ៍ សិទ្ធិមនុស្ស “Human Rights” ត្រូវតែ​គោរព និង​ការពារ តែបើ​មនុស្ស​ប្រព្រឹត្ត​កំហុស – Human Wrong” ត្រូវតែ​ប្រឈម និង​ទទួលខុសត្រូវ តាមផ្លូវ​ច្បាប់​។

២៦. ប្រជាធិបតេយ្យ មាន​គោលការណ៍​រួម តែ​មិនមាន​ស្តង់ដារ​រួម​ដែល​តម្រូវឱ្យ​ប្រទេស​ទាំងអស់ ត្រូវតែ​អនុវត្ត​ឱ្យបាន​ដូចគ្នា​នោះទេ ពោលគឺ ការអនុវត្ត​ត្រូវមាន​ភាពបត់បែន​និង​ប្រែប្រួល​ទៅតាម​បរិបទ​និង​គុណ​តម្លៃ​នៃ​ប្រទេស​និង​តំបន់​នីមួយៗ ដោយ​តម្កល់​នូវ​ប្រយោជន៍​ជាតិ​ខ្លួន​ជាធំ​។ ដូច្នេះ ការវាយតម្លៃ​ពី​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេសមួយ ដែល​ប្រកបដោយ​ភាព​សុ​ក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ​និង​គ្រប់​ជ្រុងជ្រោយ មិន​លំអៀង​នោះ គឺត្រូវធ្វើ​ឡើង​ដោយ​ផ្អែកលើ​គោលការណ៍​រួម​ផង ព្រមទាំង​បរិបទ និង​គុណ​តម្លៃ​នៃ​ប្រទេស​និង​តំបន់​នោះ​ផងដែរ និង​មិនត្រូវ​វាយតម្លៃ​ដោយ​ផ្តោត​តែ​ទៅលើ​សិទ្ធិ​ណាមួយ ហើយ​បំភ្លេចចោល​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​សិទ្ធិ​ដ៏ទៃទៀត​នោះទេ​។​

២៧. វា​បានបង្ហាញ​ឱ្យឃើញ​ច្បាស់ ពី​ការបាត់បង់​សណ្តាប់ធ្នាប់​អន្តរជាតិ និង​ភាពអនាធិបតេយ្យ នៃ​នយោបាយ​អន្តរជាតិ នាពេល​ថ្មីៗ​នេះ ការដែល​រដ្ឋ​មួយ​អាច​រៀបចំ​ច្បាប់​តាម​ទំនើងចិត្ត​និង​ជា​ឯកតោភាគី លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដទៃ​ក្រោមលេស​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ព្រមទាំង​ដាក់ទណ្ឌកម្ម លើ​រដ្ឋ ថ្នាក់ដឹកនាំ និង​សហគ្រាស​ឯកជន នៃ​រដ្ឋ​អធិបតេយ្យ​មួយទៀត ដោយ​មិន​ឆ្លងកាត់​យន្តការ​របស់​អង្គការសហប្រជាជាតិ ហើយ​ដែល​ទង្វើ​នេះ​ធ្វើឡើង​ក្រោមរូបភាព និង​ផលប្រយោជន៍​នយោបាយ ជាជាង​ហេតុផល​សិទ្ធិមនុស្ស​។​

២៨. ទោះបីជា​ដឹង​យ៉ាងច្បាស់​ថា វិធានការ​របស់​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន មកលើ​កម្ពុជា មាន​ភាពលំអៀង អយុត្តិធម៌ មាន​ស្តង់ដារ​ពីរ ដែល​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ និង​យក​ប្រជា​ធិ​តេ​យ្យ​និង​សិទ្ធិមនុស្ស​ធ្វើជា​លេស ដើម្បី​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា យ៉ាងណាក៏ដោយ ក៏​កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​យន្តការ​អន្តជាតិ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ ប្រកាន់​ភ្ជាប់​នូវ​គោលនយោបាយ​ការបរទេស សន្តិ​សហ​វិជ្ជមាន មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ ដ៏​ទៃ ព្រមទាំង​ការពារ​និង​ថែរក្សា​ឱ្យបាន​នូវ​សន្តិភាព អធិបតេយ្យភាព ឯករាជ្យភាព និង​តម្កល់​នូវ​ប្រយោជន៍​ជាតិ​ជាធំ តាមរយៈ​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ និង​គ្មាន​ការលើកលែង តាម​គោលការណ៍​និង បែបបទ​ប្រជាធិបតេយ្យ​នីតិរដ្ឋ​៕​ដោយ​៖​កូ​ឡាប​


spot_img
×