Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ជា​មោទនភាព​មួយ​ដែល​កម្ពុ​ជាមាន​កន្លែង​ក​ម្សា​ន្ត បែប​ទេសចរណ៍​អន្តរជាតិ ដែល​ក្រុមហ៊ុន​បាន​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៨៥​លាន​ដុល្លារ

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នេះ​ជា​មោទនភាព​មួយ​ដែល​កម្ពុ​ជាមាន​កន្លែង​ក​ម្សា​ន្ត បែប​ទេសចរណ៍​អន្តរជាតិ​នេះ ដែល​ក្រុមហ៊ុន​បាន​ចំណាយ​ទុនវិនិយោគ​ចំនួន​ប្រមាណ ៨៥​លាន​ដុល្លារ ដែលជា​ទុនវិនិយោគ​ដ៏​ធំ​មួយ​ក្នុងប្រទេស​កម្ពុជា ជា​មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ ប្រកបដោយ​ភាព​ទាក់ទាញ នៃ​ទិសខាងកើត​នៃ​ទីក្រុង​ភ្នំពេញ​។

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​តាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» គឺជា​គម្រោង​សួន​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ពី​កណ្តាល​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន «​ព្រី​នស៍ ខ​ល​ឈ័​រ អេ​ន ធួ​រី​ហ្សឹ​ម ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក​» ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ជាង ១៣​ហិកតា ជាមួយ​គម្រប​រុក្ខជាតិ​បៃតង​ចំនួន ៨៨​ភាគរយ​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ជា​រមណីយដ្ឋាន​អេកូឡូស៊ី​ខ្នាត​អន្តរជាតិ​មួយ ដែល​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​ការសម្រាកលម្ហែ​កាយ វិស្សមកាល​ជាមួយ​ទេសភាព​ស្រស់បំព្រង ការកម្សាន្ត​លក្ខណៈ​គ្រួសារ និង​ទេសចរណ៍​លក្ខណៈពិសេស ដែល​រួមបញ្ចូល​នូវ​សួនផ្កា​ចម្រុះ​ពណ៌ សួន​កម្សាន្ដ​រីករាយ បន្ទប់​ស្នាក់នៅ​បែប​ផ្ទះ​ឈើ និង​អាហារ​ឆ្ងាញ់ៗ​នៅក្នុង​ទីតាំង​តែមួយ​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» មាន​គម្រោង​កម្សាន្ត​ដូចជា ការកម្សាន្ត​បែប​ផ្សងព្រេង រំភើប កក់ក្តៅ និង​ពោរពេញ​ដោយ​មនោសញ្ចេតនា​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ក៏មាន​កង​វិល​កម្ពស់ ៨៨​ម៉ែត្រ ដែល​ប្រៀបដូចជា​ភ្នែក​នៃ​ទីក្រុង​ភ្នំពេញ រួមជាមួយ​ពិភព​ទឹក​កម្សាន្ត​ព្រី​នស៍ ដែលមាន​ទំហំ​ប្រមាណ ១​ហិកតា ទីវាល​ប្រណាំង​ឡាន​ប្រកបដោយ​ស្តង់ដារ និង​សួន​រុក្ខជាតិ​អេកូឡូស៊ី​ជាដើម​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ជំងឺ​កូ​វីដ​-១៩ បាន​បង្ករ​នូវ​ផលប៉ះពាល់​ដល់​យើង​មែន តែ​កូ​វីដ​-១៩​មិនអាច​រារាំង​ដល់​ការអភិវឌ្ឍ​យើង និង​សម្លាប់​យើង​បាន​នោះទេ​។ សម្តេច​បន្តថា វិស័យ​ទេសចរណ៍ ក្នុង​វិបត្តិ​កូ​វីដ​នេះ គឺ​ភ្ញៀវទេសចរ​មិនអាច​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​នោះទេ ដូច្នេះហើយ​ជា​ឱកាស​ដែល​អោយ​ពួកគាត់​បាន​ដើរ​កម្សាន្ត​ក្នុង​តំបន់​ទេសចរណ៍​ក្នុងស្រុក ដែលជា​ការផ្តល់​ចំណូល​ក្នុង​វិស័យនេះ​។

​ជាក់ស្តែង សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​លើកឡើងថា គ្រាន់តែ​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​៩​ថ្ងៃ មាន​ភ្ញៀវទេសចរ​ដើរលេង​ក្នុង​ស្រុង​ប្រមាណ​១​លាន​៦​សែន​នាក់ ទៅតាម​កន្លែង​ទេសចរណ៍​សំខាន់ៗ​។ សម្តេច​តេ​ជោ​បញ្ជាក់ថា យើង​កំពុង​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ជាពិសេស​ត្រូវខិតខំ​បង្កើត​តំបន់​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​កំណើនសេដ្ឋកិច្ច​យើង​នាពេលខាងមុខ​។​

​ស​ម្តេ​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅទីនេះ ពេលខាងមុខ​នឹងមាន​ការរៀបចំ​ជា​កំពង់ផែ​ទេសចរណ៍​ផងដែរ ព្រោះ​ភ្លៀវ​ទេចរ​អាចធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​។ ដូច្នេះ​សម្តេច​សូម​ឲ្យ​ក្រសួង​សាធារណការ និង​ក្រសួងទេសចរណ៍ ត្រូវ​សិក្សា​ពី​គម្រោង​នេះ បើ​មានការ​សំណូមពរ​ឲ្យ​មានការ​សាងសង់​កំពង់ផែ​នាពេលខាងមុខ​នោះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា អ្វីដែល​កម្ពុជា​ខ្លាំង និង​អាច​ធ្វើបាន​ក្នុង​វិបត្តិ​កូ​វីដ​នេះ​មាន​២ គឺ​ទី​១) ការមិន​ក្ស័យធន , ការរក្សា​ការងារ​បាន​ដល់​ពលរដ្ឋ​ទាំង​រដ្ឋ និង​ឯកជន​។ ទី​២) កម្ពុជា​នៅតែ​បន្ត​បើក​រោងចក្រ​ថ្មី ជា​បន្តបន្ទាប់ ជាពិសេស​ឧស្ស​ហក​ម្មធុ​ន​ស្រាល​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​កងកម្លាំង​ប្រដាប់​អា​រុធ ដែល​បាន​ការពារ​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​៩​ថ្ងៃ​សង​ចូលឆ្នាំ និង​បុណ្យ​ភ្នំ​បិណ្ឌ​កន្លងមកនេះ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា អ្វីដែល​សំខាន់​ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អាច​ដើរ​កម្សាន្ត​បាន​ងាយស្រួល​នោះ គឺ​ដោយសារ​កត្តា​៤​យ៉ាង ទី​១) ប្រទេសជាតិ​យើង​មាន​សន្តិភាព​គ្រប់​ទីកន្លែង , ទី​២)​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ធ្វើដំណើរ​ត​ភ្ជាប់​គ្រប់​ទីកន្លែង​, ទី​៣)​បងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​មធ្យោបាយ​ធ្វើដំណើរ​គ្រប់ៗ​គ្នា ទាំង​ម៉ូតូ និង​រថយន្ត និង​ទី​៤)​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ថ្វីត្បិតតែ​ឆ្នាំនេះ​យើង​មិន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ​ក៏ដោយ តែ​អាជ្ញាធរ​មូលដ្ឋាន​អាចធ្វើ​តាម​បណ្តា​ខេត្ត​នានា​បាន ហើយ​ពិធី​សំពះ​ព្រះ​ខែ អកអំបុក អាចធ្វើ​នៅតាម​វត្ត ឬ​តាម​ផ្ទះ​នានា​។ តែ​ទោះជា​យ៉ាណា សម្តេច​តេ​ជោ​សុំ​ឲ្យ​ក្រសួងសុខាភិបាល​សិក្សា​មើល និង​ត្រូវមាន​វិធានការ​ខ្ពស់​ក្នុងការ​ការពារ​ជម្ងឺ​កូ​វីដ​១៩ ជាពិសេស​កីឡាករ​អុំទូក​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ដែល​បាន​ចូលរួម​ខិតខំ​ថែរក្សា​សន្តិភាព ដែល​កម្ពុជា​រកបាន​ដោយ​កម្រ​នេះ និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បន្ត​ថែរក្សា​សន្តិភាព​នេះ ឲ្យ​បាន​គង់វង្ស​ត​ទៅមុខទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×