Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ឲ្យ​ពង្រឹង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ចូល​សហគមន៍​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីណែនាំ ស្តីពី​ការពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ និង​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ចូលរួម​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។​

​បើតាម​សេចក្ដី​ប្រការ​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា​ស្ថិតនៅ​តែមាន​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ គ្រប់ពេលវេលា​នៅឡើយ​។ ដើម្បី​ចូលរួម​បន្ត​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ការពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ឬ​ការដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​របស់​បុគ្គ​ល ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅតាម​ផ្ទះ និង​នៅតាម​មណ្ឌល​នានា គឺ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ពី​បុគ្គល និង​មានការ​គ្រប់គ្រង​យ៉ាង​ម៉ឺងម៉ាត់ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅតាម​មូលដ្ឋាន​នៅ​ទូទាំងប្រទេស បន្ទាប់ពី​ទទួលបាន​លទ្ធផល​តេស្ត​លើកទីមួយ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែលមាន​ការអនុញ្ញាត​ឲ្យ​បុគ្គល​នោះ ទៅធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ធ្វើការ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន ១៤​ថ្ងៃ នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។ ការមិន​គោរព​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​ការធ្វើដំណើរ​ចល័ត​របស់​បុគ្គល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​ទៅ​ប៉ះពាល់​ជាមួយ​អ្នក​ដទៃទៀត ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក ឬ​នៅ​ដាច់ដោយឡែក​នេះ នឹង​អាចជា​ហេតុ​នាំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ បង្កើត​ឱកាស​ចម្លង​ទៅ​អ្នក​ផ្សេងទៀត និង​ក៏​អាចជា​ឱកាស​នាំឱ្យមាន​ការចម្លង ទៅក្នុង​សហគមន៍​ផងដែរ ប្រសិនបើ​បុគ្គល​នោះ​មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩​។​

​ក្រសួងសុខាភិបាល សូម​អំពាវនាវ​សាជាថ្មី​ដល់​សាធារណជន ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន និង​បងប្អូន​ទាំងអស់ សូម​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ កុំ​ឲ្យ​មាន​ឆ្លង​ចូលទៅក្នុង​សហគមន៍​នៅ​កម្ពុជា ដោយ​ទាំងអស់គ្នា​ត្រូវតែ​បន្ត​អនុវត្តន៍ តាម​ការណែនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដោយ​អនុវត្ត​នូវ​គោលការណ៍​ណែនាំ​សំខាន់ៗ​ដូចតទៅ​៖

– អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ សូម​បន្តធ្វើ​ឲ្យ​សកម្ម​នូវ​ការអប់រំ​ប្រជាជន​អំពី​វិធានការ​ការពារ និង​ភាពចាំបាច់​នៃ​ការធ្វើ ច​ត្តា​ឡី​ស័ក ឬ​ការដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល ១៤​ថ្ងៃ នៅតាម​បណ្តា​រាជធានី​-​ខេត្ត ជា​បន្តទៀត​។​

-​អាជ្ញាធរ​រាជធានី​-​ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង​ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់​ប្រជាពលរដ្ឋ​នៅក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

-​រដ្ឋបាល​ឃុំ​/​សង្កាត់​៖ ដឹកនាំ​ការងារ​គ្រប់គ្រង និង​រក្សា​អនាម័យ​ឲ្យ​បាន​ស្អាត នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​ធ្វើការ​តាមដាន​គ្រប់គ្រង​យ៉ាង​ហ្មត់ចត់ ចំពោះ​អ្នក​ដែល​បានអនុញ្ញាត​ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​របស់គាត់ ដោយមាន​កិច្ចសហការ​ពី​គណៈ​គ្រប់គ្រង​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក និង​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ ដោយ​អនុវត្តតាម​គោលការណ៍​ច​ត្តា​ឡី​ស័ក និង​ក្នុងករណី​មាន​អ្នក​ដែលមាន​បញ្ហា​សុខភាព​។​

-​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចាត់ចែង​មន្ត្រីឃុំ​/​សង្កាត់ និង​មន្ត្រី​ភូមិ និង​រៀបចំ​ក្រុមការងារ​តាម​ភូមិ ឱ្យ​ចូលរួម​ពង្រឹង​ការអនុវត្ត​វិធាន​លំនៅដ្ឋាន​ច​ត្តា​ឡី​ស័ក ដោយ​ឃ្លាំមើល​នូវ​ការអនុវត្ត​របស់​អ្នក​ច​ត្តា​ឡី​ស័ក និង​ការពារ​សុវត្ថិភាព ព្រមទាំង​យាមកាម​កុំ​ឲ្យ​មាន​អ្នក​ដែលមាន​បំណង​រត់ចេញ អាច​រត់ចេញ​បាន​។​

-​ក្នុងករណី​មាន​អ្នករត់​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវអនុវត្ត​ច្បាប់​ដែលមាន​ជា​ធរមាន លើ​បុគ្គល​ដែល​រត់​នោះ​។​

-​អាជ្ញាធរ​រាជធានី​-​ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការ​អនុវត្តបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​ឲ្យ​ស្របតាម​របត់​នៃ «​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩» ដោយ​ប្រកាន់យក​នូវ​ការអនុវត្ត​អនាម័យ​ដៃ​ស្អាត (​លាងដៃ​ឱ្យ​ញឹកញាប់​) ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​) ប្រើ​ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់ ខ្ទប់មាត់​ពេល​មាន​ក្អក កណ្តាស់ បន្ត​អនុវត្ត​គម្លាត​សុ​វត្តិភាព សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​លើស​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង ជា​ចាំបាច់​។​

-​ជំរុញ​ឲ្យ​អ្នកជិតខាង បងប្អូន​សាច់ញាតិ ឬ​ក្រុមគ្រួសារ​បុគ្គល​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​ចូលរួម​ណែនាំ និង​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ក្នុងករណី​បុគ្គល​ច​ត្តា​ឡី​ស័ក មិន​គោរព ឬ​មិន​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួន និង​វិធានការ​ដាក់ខ្លួន​ឲ្យ​នៅ​ដោយឡែក ដើម្បី​កុំ​ឲ្យ​មានការ​ចម្លង​ពី​បុគ្គល​ទៅ​ក្រុមគ្រួសារ ឬ​អ្នកជិតខាង​ខ្លួន​។​

-​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស​ដែល​មិនបាន​ត្រួតពិនិត្យ​សុខភាព​នៅតាម​ព្រំដែន ត្រូវតែ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជា​ចាំបាច់​ក្នុង​រយៈពេល​១៤​ថ្ងៃ និង​ជម្រាប​ក្រុមគ្រូពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត ប្រសិនបើ​មាន​អា​ការៈមិន​ស្រួល ឬ​ករណី​សង្ស័យ​។​

-​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់នៅ​របស់​អ្នក​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ដែល​បញ្ជូន​មកពី​មណ្ឌល​ពិនិត្យ​សុខភាព​ខេត្ត និង​ពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក និង​រៀបចំ​ចាត់ចែង​ការងារ​បន្ត ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការតាមដាន​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។​

​ចំពោះ​បុគ្គល​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ សូម​អនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម​នេះ ឲ្យ​បាន​ពេញលេញ​ក្នុង​រយៈពេល​១៤​ថ្ងៃ​៖

១- សូម​នៅក្នុង​បន្ទប់​មួយ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤​ថ្ងៃ ហើយ​បន្ទប់​នោះ ត្រូវមាន​ខ្យល់​ចេញ​-​ចូល​ល្អ​

២- ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​ចម្ងាយ​យ៉ាងហោចណាស់ មួយ​ម៉ែត្រ​កន្លះ ពី​សមាជិកគ្រួសារ​ផ្សេងទៀត និង​អ្នកដទៃ​

៣- កាត់បន្ថយ​ការប្រើប្រាស់​កន្លែង​រួមគ្នា ដូចជា​បន្ទប់ទឹក ផ្ទះបាយ ជាដើម​

៤- ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​៖ ឆែក​កំដៅ​ខ្លួន ២​ដង​ក្នុង​មួយថ្ងៃ ប្រសិនបើ​មាន គ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរ​សំបោរ ពិបាក​ដកដង្ហើម ឈឺក្បាល ឈឺ​សាច់ដុំ ឬ​រាក សូម​រាយការណ៍​ទៅ ទូរស័ព្ទ​លេខ ១១៥ ឬ​ទៅ​ក្រុមគ្រូពេទ្យ​ដែល​នៅ​ជិត​លោកអ្នក ដូចជា​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ ជាដើម​

៥- លាងដៃ​ឲ្យ​បាន​ញឹកញាប់ ជាប្រចាំ ជាពិសេស សំអាត​ដៃ​មុនពេល និង​បន្ទាប់ពី​រៀបចំ​អាហារ បន្ទាប់​ចេញពី​បង្គន់ និង​នៅពេលដែល​ឃើញ​ដៃ​កខ្វក់​

៦- ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ កណ្តាស់ ដោយ​ក្រដាស​ជូត​មាត់ ក្រ​ម៉ា ឬ​បត់​កែងដៃ​រួចហើយ​លាង​សំអាត​ដៃ​ភ្លាម​

៧- បោះចោល​កាកសំណល់​ក្នុង​ធុងសម្រាម​ដែលមាន​គម្រប​បិទ​ជិត​

៨- សម្អាត​បន្ទប់ទឹក ស្រោមពូក ខ្នើយ ភួយ និង​បរិក្ខារ​ប្រើប្រាស់​ផ្សេងៗ​ជាប្រចាំ​

៩- កុំ​ធ្វើដំណើរ​តាម​ការដឹកជញ្ជូន​សាធារណៈ រថយន្តឈ្នួល​រួមគ្នា​ជាមួយ​អ្នកដទៃ និង​កុំទៅ​កន្លែង​សាធារណៈ​៕​ដោយ​៖​កូ​ឡាប​

spot_img
×