Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹង​ភាសា​អង់គ្លេស របស់​កូនសិស្ស​ខ្មែរ មាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​

spot_img

​ភ្នំពេញ ៖ អ្នកជំនាញ​ក្នុង​ការបង្ហាត់បង្ហាញ​ភាសា​អង់គ្លេស​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​រយៈពេល​២៥​ឆ្នាំនេះ បាន​សង្កេតឃើញថា កូនសិស្ស​ខ្មែរ​មាន​ការកើនឡើង​គួរឲ្យ​កត់សម្គាល់​ទៅលើ​កម្រិត​ចំណេះ​ភាសា​អង់គ្លេស ហើយ​ប្រៀបធៀប​កម្រិត​ចំណេះដឹង​នេះ​ទៅ​នឹង​ប្រទេស​ជិតខាង គឺ​យើង​ឃើញ​ថា​ចំណេះដឹង​ទាំងនោះ​មិន​ចាញ់​គេ​នោះទេ ហើយ​អាច​ខ្ពស់​ជាង​គេ​ទៀត​ផង ក្នុង​វិស័យ​អប់រំ វិស័យសេដ្ឋកិច្ច និង​វិស័យ​សិក្សាធិការ​ជាដើម​។​

​សន្និសីទ CamTESOL បាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដែល​មាន​រយៈពេល​១៤​ឆ្នាំ​មកហើយ លើ​ការបង្ហាត់បង្ហាញ​ភាសា​អង់គ្លេស និង​អ្នក​បោះពុម្ព​សៀវភៅ ទាក់ទង​ក្នុង​ការបង្ហាត់​ភាសា​អង់គ្លេស បាន​មក​ជួបជុំគ្នា​នៅ​ប្រទេស​កម្ពុជា ចំនួន​៣៩​ប្រទេស​ប្រមាណ​១៧០០​នាក់ ដែល​នឹង​ធ្វើ​ការចែករំលែក នូវ​បទពិសោធន៍ លើ​វិស័យ​បង្ហាត់បង្ហាញ​ភាសា​អង់គ្លេស នៅក្នុង​ប្រទេស​កម្ពុជា​។​

​ពិធី​បើក​កម្មវិធី​សន្និសីទ CamTESOL ប្រចាំ​ឆ្នាំ​លើក​ទី​១៤ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​សៅរ៍ ថ្ងៃទី​១០​ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​លោក​បណ្ឌិត​សភា​ចារ្យ បាន​ថ្លែងថា សន្និសីទ CamTESOL នេះ​នាំមក​នូវ​ការជួបជុំ​គ្នា​ក្នុងចំណោម​គ្រូបង្រៀន​ភាសា​អង់គ្លេស និង​គ្រូ​ឧទ្ទេស អ្នក​ស្រាវជ្រាវ​ក្នុង​វិស័យ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) និង​ភាសាវិទ្យា បុគ្គលិក​រដ្ឋបាល​របស់​សាលារៀន និង​សាកលវិទ្យាល័យ ដែល​បណ្ដុះបណ្ដាល​ផ្នែក​ភាសា​អង់គ្លេស អ្នក​អប់រំ ដែលមាន​ចំណាប់អារម្មណ៍ ក្នុង​ការអប់រំ​ភាសា​អន្តរជាតិ​។ សន្និសីទ​ដ៏​ធំ​នេះ នឹង​រួមបញ្ចូល​នូវ​ការធ្វើ​បទ​បង្ហាញ​ចំនួន​ជាង ៣៥០ ដោយ​អ្នកជំនាញ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស ព្រមទាំង​មាន​ការធ្វើ​បទ​បង្ហាញ​បន្ថែម ចំនួន​១០០ ផ្សេងទៀត​។​

​លោក​ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ អា​យ ឌី ភី (IDP Education) កម្ពុជា បាន​ថ្លែងថា នៅ​ឆ្នាំ​ខាងមុខ​ទៀត សន្និសីទ​នេះ​នឹង​បន្ត​ផ្តល់​ជា​វេទិកា​ក្នុង​ការចែករំលែក​បទ​ពិសោធន៍​ចំណេះ ការស្រាវជ្រាវ ជួយ​លើកកម្ពស់​កម្រិត​ស្តង់ដា​រ​នៃ​ការបង្ហាត់​បង្រៀន​ភាសា​អង់គ្លេស មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក៏ដូចជា​ទូទាំង​ពិភពលោក​ផង​ដែរ​។ ក្នុង​ចំណោម​ភ្ញៀវ​ដែល​ចូល​រួមទាំង​៣៩​ប្រទេស ដែលមាន​១៧០០​នាក់​នោះ មាន​គ្រូ​បង្ហាត់បង្ហាញ​ភាសា​អង់គ្លេស​ពី​ប្រទេស​នានា​ដូច​ជា​នាយក​សាលា ឬ​ចាងហ្វាយ​សាលា ឬ​សាកលវិទ្យាល័យ និង​ស្រាវ​ស្រាវជ្រាវ​សិក្សាធិការ ដើម្បី​មក​ចែករំលែក​នៃ​ការយល់ដឹង​របស់​ពួក​គាត់​ថា​តើ​ការបង្ហាត់បង្ហាញ​ភាសា​អង់គ្លេស​ត្រូវធ្វើ​យ៉ាងម៉េច ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង ជួយ​កូនសិស្ស​ឲ្យ​រៀន​កាន់តែ​លឿន​ឡើង​និង​ឆាប់​ចេះ​ភាសា​អង់គ្លេស​។

​លោក​បាន​លើកឡើង​ថា ឆ្លង​តាម​ការបង្ហាត់បង្ហាញ​ភាសា​អង់គ្លេស​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​រយៈពេល​២៥​ឆ្នាំនេះ បាន​សង្កេតឃើញថា​មាន​ការកើនឡើង​គួរឲ្យ​កត់សម្គាល់​ទៅលើ​កម្រិត​ចំណេះ​ភាសា​អង់គ្លេស​របស់​កូនសិស្ស​កម្ពុជា ហើយ​ប្រៀបធៀប​កម្រិត​ចំណេះដឹង​នេះ​ទៅ​នឹង​ប្រទេស​ជិតខាង គឺ​យើង​ឃើញ​ថា​ចំណេះដឹង​ទាំងនោះ​មិន​ចាញ់​គេ​នោះទេ ហើយ​អាច​ខ្ពស់​ជាង​គេ​ទៀត​ផង ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​លោកគ្រូ​ក្នុង​ការបង្ហាត់បង្ហាញ​ភាសា​អង់គ្លេស និង​កូនសិស្ស​ដែល​ខំ​ព្យាយាម​សិក្សា​ដោយ​ខ្លួនឯង​។ ភាសា​អង់គ្លេស​មាន​សារសំខាន់​នៅក្នុង​វិស័យ​អប់រំ វិស័យសេដ្ឋកិច្ច និង​វិស័យ​សិក្សាធិការ​ជាដើម ដូច្នេះហើយ​ទើប​មាន​ការចូល​រៀនសូត្រ​យ៉ាង​សស្រាក់សស្រាំ​ពី​បណ្តា​គ្រូបង្រៀន​និង​បណ្តា​កូនសិស្ស ដែល​ចូលមក​សិក្សា​ក្រេបជញ្ជក់​យក​ចំណេះដឹង​ភាសា​អង់គ្លេស​។

​លោក​បាន​បញ្ជាក់ថា “​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​ក្នុង​ការបង្កើន​ចំណេះដឹង​ភាសា​អង់គ្លេស​ដល់​យុវជន​មួយចំនួន​នោះ គឺ​យើង​តែងតែ​ឮ​ការ​សួរ​គ្នា​ថា​តើ​រៀន​ភាសា​អង់គ្លេស​យ៉ាងម៉េច​ដើម្បី​ឲ្យបាន​ឆាប់​ចេះ​? គឺ​ការរៀន​នោះ​អាស្រ័យទៅលើ​គ្រូបង្ហាត់​នោះ​ផង តើ​គ្រូ​នោះ​មាន​ចំណេះដឹង​ក្នុង​ការបង្ហាត់​បាន​ល្អ​ទេ មាន​បច្ចេកទេស​ក្នុង​ការជួយ​កូនសិស្ស​ឆាប់​យល់ ឆាប់​ចាំ​ទេ ។ ទាក់ទង​នឹង​ឯកសារ សម្ភារៈ​សិក្សា​ដែល​ប្រើប្រាស់​ដោយ​គ្រូបង្ហាត់​និង​ក្នុង​ថ្នាក់រៀន តើ​មាន​លក្ខណៈ​មួយ​ជួយ​ពន្លឿន​ល្បឿន​ក្នុង​ការរៀនសូត្រ ហើយ​កិច្ចការ​ដែល​សំខាន់​ជាងគេ​គឺ​ការយកចិត្តទុកដាក់រ​បស់​កូនសិស្ស​ផ្ទាល់ខ្លួន ហើយ​ប្រសិនបើ​មាន​គ្រូ​ល្អ មាន​សម្ភារៈ​បរិក្ខារ​ល្អ នឹង​រៀន​បានល្អ ។ ប៉ុន្តែ​ប្រសិនបើ​មាន​សៀវភៅ​ល្អ សម្ភារៈ​ល្អ តែ​កូនសិស្ស​មិន​ខំរៀន​នោះ​ក៏​ល្បឿន​នៃ​ការ​សិក្សា​ក៏​មិន​បាន​លឿន​ដែរ​។ ការរៀន​ភាសា​ត្រូវខិតខំ​ដោយ​ខ្លួនឯង ក្រោយពេល​ចេញពី​សាលា ត្រូវ​ស្វែងរក​ការសិក្សា​ដោយ​ខ្លួនឯង​បន្ថែម​ទៀត​នៅ​ខាងក្រៅ​សាលា តាមរយៈ​ការអាន​សៀវភៅ ស្តាប់​ទូរទស្សន៍ ស្តាប់​វិទ្យុ អាន​កាសែត ការនិយាយ​សាសង​ជាមួយ​មិត្តភក្តិ​និង​អ្នក​ដែល​រៀន​ភាសា​អង់គ្លេស​ដូចគ្នា​។ លោក​បន្តថា ការរៀន​ភាសា​អង់គ្លេស​គួរតែ​ចំណាយ​ពេល​ឲ្យបាន​ច្រើន នៅ​ខាងក្រៅ​ថ្នាក់ ជាជាង​នៅក្នុង​ថ្នាក់រៀន​ទៀត ។ ពីព្រោះ​តាមពិតទៅ​ការ​រៀន​ហើយ​ត្រូវ​យក​ទៅ​ប្រើប្រាស់ ហើយ​បើសិនជា​រៀន​ហើយ​មិន​យក​ទៅប្រើ​នោះ គឺ​កម្រិត​ចំណេះដឹង​នឹង​ថយ​មិនលឿន​ដូចគ្នា​ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​ដូច​គេ​ទេ​”៕​ ដោយ​៖​កូឡាប​

spot_img
×