Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​អាមេរិក ៖ មាតុភូមិនិវត្តន៍​រប​ស់​ពលរដ្ឋ​ខ្មែរ នៅ​សហរដ្ឋ​អ​មេ​រិ​ក មកកាន់ កម្ពុជា​វិញ ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​បាន​ជជែក​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​សម្ដេច​កឡា​ហោម ពាក់ព័ន្ធ​នឹង​ការងារ​ជាច្រើន ក្នុងនោះ​ការងារ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អ​មេ​រិ​ក​មកកាន់ កម្ពុជា​វិញ ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩​។​

​នៅ​រសៀល ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជូន​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​សហការី ចូលជួប​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងតួនាទី​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរ​ដ្ឋ​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បាន​ចូលរួម​ពូន​ជ្រុំ​ធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​ប្រសើរឡើង​។​

​សម្ដេច​ក្រឡាហោម បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​បាន​ផ្ដល់ជំនួយ​ផ្សេងៗ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ការទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ទោះបីជា​សហរដ្ឋអាមេរិក​កំពុងតែ​ជួប​នូវ​បញ្ហា​នេះដែរ​។ សម្ដេច​ក៏បាន​សម្ដែង​ការអបអរសាទរ​ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ​ជាច្រើន និង​សមិទ្ធផល​ជាច្រើន​ដែល​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​ខិតខំ​រួមគ្នា​សម្រេចបាន​។​

​ជាការ​ឆ្លើយតប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​សម្ដេច ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​អនុវត្ត​ច្បាប់​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​ថា​នៅក្នុង​ឆ្នាំនេះ ដែលជា​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា និង​អាមេរិក ការងារ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​នេះ ក៏​ជា​ប្រធានបទ​មួយ​ដែល​ត្រូវបាន​ដាក់បញ្ចូល​សម្រាប់​អបអរសាទរ​ខួប​នៃ​ចំណង​ការទូត​នេះដែរ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏បាន​ថ្លែងអំណរគុណ​ប្រទេស​កម្ពុជា សម្រាប់​ការរួមចំណែក​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​មិន​ត្រឹមតែ​រួមចំណែក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​ជាការ​រួមចំណែក​ថែរក្សា​សន្តិសុខ​សាកល​ផងដែរ​។​

​ឯកឧត្តម​ក៏បាន​ណែនាំ​សមាសភាព​ក្រុមការងារ​ទទួលបន្ទុក​ផ្នែក​អនុវត្ត​ច្បាប់​ប្រចាំ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម្ដេច ដោយបាន​បន្តថា​ក្រុមការងារ​ឯកឧត្តម នឹង​បន្តធ្វើ​កិច្ចសហការ​ជាមួយ​សម​ភាគី​កម្ពុជា​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​ជិតស្និត​ថែមទៀត​។​

​នៅក្នុង​ជំនួប​នោះដែរ ឯកឧត្តម​ក៏បាន​លើកឡើង​នូវ​ការងារ​ធំៗ​មួយចំនួន​ដើម្បី​ជជែក​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​សម្ដេច​ក្រឡាហោម ទីមួយ​គឺពាក់ព័ន្ធ​នឹង​ការងារ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចំណុច​នេះ​ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​ថា​ឯកឧត្តម​បាន​យល់​ពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩​ដែល​ធ្វើឱ្យ​ការអនុវត្ត​ការងារ​មាតុភូមិនិវត្តន៍​ត្រូវបាន​ផ្អាក​មួយរយៈ ហើយ​ឯកឧត្តម​ក៏បាន​ស្នើ​ភាគី​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ក្រឡាហោម ពិនិត្យ​លទ្ធភាព​រិះរក​វិធីសាស្ត្រ​ក្នុង​ការបន្ត​ជំរុញ​អនុវត្ត​ការងារ​នេះ​ឱ្យមាន​វឌ្ឍនភាព​បន្ត​ទៅមុខទៀត​ដែរ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន​ឯកឧត្តម​វិញ​ថា ជាគោលការណ៍ និង​ជា​ឆន្ទៈ​នយោបាយ គឺ​ព្រះរាជាណាចក្រ​កម្ពុជា​មិនមាន​អ្វី​ប្រែប្រួល​នោះទេ គឺ​នៅតែ​បន្ត​អនុវត្ត​នូវ​អ្វីដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បាន​ឯកភាព​ព្រមព្រៀងគ្នា​នា​រយៈពេល​កន្លងមក ដោយ​សម្ដេច​បាន​អះអាង​ទៀតថា ទោះបីជា​មានការ​ខកខាន​ដោយសារ​កូ​វីដ​១៩ ប៉ុន្តែ​គោលការណ៍ និង​ឆន្ទៈ​នយោបាយ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​ឯកភាព​ជាគោលការណ៍​ផ្ដល់​លទ្ធភាព​ដល់​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការជជែក​ដើម្បី​ពិនិត្យ​លទ្ធភាព​រិះរក​នូវ​វិធីសាស្ត្រ​សមស្រប និង​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ត​ជំរុញ​ការងារ​នេះ​ជា​បន្តទៀត​ដែរ​។​

​ដោយឡែក​កិច្ចការ​មួយទៀត​ដែល​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អាមេរិក​បានលើកឡើង គឺពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ការ​គាំពារ​កុមារ ។ ឯកឧត្តម​បានស្នើ​សុំ​ក្រសួងមហាផ្ទៃ បន្ត​កិច្ចសហការ​ការងារ​នេះ​ឱ្យ​កាន់តែ​ជិតស្និត​បន្ថែមទៀត ជាពិសេស​រវាង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​លើ​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​ស្រាវជ្រាវ ស៊ើបអង្កេត ព្រមទាំង​ការងារ​ពាក់ព័ន្ធ​មួយចំនួនទៀត ដូចជា​ការងារ​ចុះ​ធ្វើ​អធិការកិច្ច ការត្រួតពិនិត្យ​គោលដៅ​នានា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ជាដើម​។​

​ជាការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការគាំទ្រ និង​រីករាយ​ក្នុង​ការបន្ត​កិច្ចសហការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ បន្ថែមទៀត​ដូចដែល​បានធ្វើ​កន្លងមក​។ សម្ដេច​ក៏បាន​ជម្រាបជូន​ដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​បញ្ហា​នេះ ដោយមាន​យន្តការ​មួយ គឺ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​ដែលជា​យន្តការ​ជាតិ​មួយ​ធ្វើ​កិច្ចការងារ​ប្រ​ឆាំ​ការជួញដូរ​មនុស្ស​។​

​សម្ដេច​ក៏​សូម​គាំទ្រ​ឱ្យមាន​កិច្ចសហការ​រវាង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំ​
​ពើ​ជួញដូរ​មនុស្ស និង​កិច្ច​គាំពារ​ដល់​កុមារ ហើយ​មិន​ត្រឹមតែ​កិច្ចការ​ទាំង​ពីនេះ​ទេ សម្ដេច​ក៏បាន​សម្ដែង​ការលើកទឹកចិត្ត​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​សំខាន់ៗ​មួយចំនួនទៀត​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​អំពើ​ភេ​វរ​កម្ម និង​បទល្មើស​ឆ្លងដែន​ផ្សេងៗ​ទៀត​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នៃ​ជំនួប​នោះដែរ សម្ដេច​ក្រឡាហោម​ក៏បាន​ថ្លែងអំណរគុណ ដែល​តាមរយៈ​កិច្ចសម្របសម្រួល​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជា​ណា​កម្ពុជា ក្រុមការងារ​រៀបចំ​សេចក្ដីព្រាងច្បាប់​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​រប​ស់​ក្រសួងមហាផ្ទៃ​ក៏បាន​ជួបពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ និង​បានទទួល​នូវ​ការចូលរួម​ផ្នែក​បច្ចេកទេស​ពី​អ្នកជំនាញ​ច្បាប់​នៃ​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក និង​ទទួលបាន​ធាតុ​ចូល​សំខាន់ៗ​ពី​តំណាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​សហរដ្ឋអាមេរិក​។​

​សម្ដេច​ក៏​សូម​យក​ឱកាស​នេះ​ស្នើ​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បន្ត​ជួយ​គាំទ្រ​បច្ចេកទេស​ដល់​កិច្ចការ​នេះ​បន្តទៀត​។ ពាក់ព័ន្ធ​នឹង​ការងារ​នេះដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏បាន​សម្ដែង​កោតសរសើរ និង​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​ភាគី​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ក្រុមការងារ​រៀបចំ​សេចក្ដីព្រាងច្បាប់​ជាមួយនឹង​អ្នកជំនាញ​សហរដ្ឋអាមេរិក រួមទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​អាមេរិក​។ ឯកឧត្តម​បានបង្ហាញ​ការលើកទឹកចិត្ត នឹង​គាំទ្រ​កិច្ចការងារ​នេះ​ទៀត​។​

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ក៏បាន​សម្ដែង​នូវ​បំណង​លើ​ការងារ​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​មួយចំនួនទៀត​ដែល​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​នៃ​ការងារ​អនុវត្ត​ច្បាប់ ហើយ​សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គោលបំណង​ដ៏​ល្អ​នេះ និង​បាន​ជម្រាបជូន​វិញ​ថា​ភាគី​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្រសួងមហាផ្ទៃ នឹង​បន្ត​ខិតខំ​អនុវត្ត​នូវ​អ្វីដែល​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​កន្លងមក​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក​៕ ដោយ​៖​កូ​ឡាប​

  

spot_img
×