Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឲ្យ​សេនានុព័ន្ធ​កងទ័ព​ជើង​អាកាស​ភូមិន្ទ​ថៃ​ចូលជួប​សម្តែង​ការគួរសម និង ជម្រាបលា​

spot_img

​ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក វរ​ផុត វរ​ផៃ​សាន (Warapod Warapisan) សេនានុព័ន្ធ​កងទ័ព​ជើង​អាកាស​ថៃ នាយរង​ការិយាល័យ​សេនានុព័ន្ធ​កងទ័ព​ភូមិន្ទ​ថៃ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម ដើម្បី​ជម្រាបលា បន្ទាប់ពី​លោក​បានបញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​យោធា​រយៈពេល ៣​ឆ្នាំ​នៅ​កម្ពុជា​។​

​នាឱកាស​នោះ លោក​វរសេនីយ៍ឯក វរ​ផុត វរ​ផៃ​សាន បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ បណ្ដា​អង្គភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ ដែល​បានផ្តល់​កិច្ចសហការ និង​ជួយ​សម្រួល​កិច្ចការ​នានា​បានល្អ​ក្នុងពេល​កន្លងមក​។

​លោក​សេនានុព័ន្ធ​កងទ័ព​ជើង​អាកាស​ថៃ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការហ្វឹកហាត់​រូ​ម​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក ដែល​បានបង្ហាញ​ឱ្យឃើញ​ពី​សមត្ថភាព និង កិត្យានុភាព​មាន​ភាពទាន់សម័យ បើ​ធៀប​ជាមួយនឹង​អរិយ្យ​ប្រទេស​នានា​លើ​សកលលោក​។

​ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ការដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កម្ពុជា​-​ថៃ មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ ជាពិសេស​ស្ថានការណ៍​នៅតាម​បណ្តោយ​ព្រំដែន​មាន​ភាពល្អប្រសើរ​។

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​គូសបញ្ជាក់​ពី​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​បំផុត​នូវ​ការកសាង​ព្រំដែន​មួយ​មាន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

​ទាក់ទង​លើ​វិស័យ​យោធា នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​កន្លងមក ដែល​កងទ័ព​ប្រទេស​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ពត៌មាន​គ្នា​ទៅវិញទៅមក ក៏ដូចជា​ការរួម​សហកា​រ​គ្នា​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ នៅតាម​ព្រំដែន​។

​ទន្ទឹមនេះដែរ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ក៏បាន​ថ្លែងអំណរគុណ​កងទ័ព​ភូមិន្ទ​ថៃ ដែល​បាន​បង្កលក្ខណៈ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ទៅធ្វើ​ការសិក្សា​នៅ​ព្រះរាជាណាចក្រ​ថៃ ហើយ​នាយ​ឧត្ដមសេនីយ៍ បាន​មានជំនឿថា នៅក្រោយ​បញ្ចប់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ នឹង​បន្ត​កិច្ចសហការ​ជាមួយគ្នា​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×