Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! សណ្ឋាគារ Le Palals នៅ​ប្រទេស​ថៃ ចេញមុខ​សុំទោស ក្រោយ​ពលរដ្ឋ​ខ្មែរ​ផ្ទុះ​កំហឹង ចំពោះ​ការយក​រចនាបថ​ប្រាសាទអង្គរវត្ត​ទៅ​សាងសង់​

spot_img

​ភ្នំពេញ​៖ សារព័ត៌មាន kohphangannews បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ ឲ្យ​ដឹងថា សណ្ឋាគារ Le Palals នៅ​កោះ Phangan ប្រទេស​ថៃ បានចេញ​សេចក្តី​សុំទោស​ភ្លាមៗ បន្ទាប់ពី​អ្នកលេង​អ៊ិន​ធឺ​ណិ​ត​កម្ពុជា​មានការ​ខឹងសម្បា​រ​យ៉ាងខ្លាំង ចំពោះ​ការប្រើប្រាស់​រចនាបថ​រូប​សញ្ញា​វប្បធម៌​ខ្មែរ រួមទាំង​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ តាមរយៈ​ដូចជា​ការតុបតែង​នៅលើ​អគារ​ដែល​ពលរដ្ឋ​ខ្មែរ​យល់ថា​មិន​សមរម្យ​។​

​សណ្ឋាគារ Le Palals បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ថា “​យើង​មានការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការធ្វើ​ឲ្យ​ខកចិត្ត​មួយ​នេះ​សម្រាប់​ប្រជាជន​កម្ពុជា ប៉ុន្តែ យើង​ក៏​ចង់​បញ្ជាក់​ចក្ខុវិស័យ​ពី​ចេតនា និង​បេះដូង​ដោយ​ក្តី​ស្រឡាញ់​របស់​ស្ថាបនិក​របស់​យើង​”​។​

​ក្នុង​ផុស​បន្តថា សណ្ឋាគារ Le Palals ត្រូវបាន​បំផុសគំនិត​ឡើង​ដោយ​ភាព​អស្ចារ្យ​នៃ​ប្រាសាទអង្គរវត្ត​ដែលមាន​ទីតាំងនៅ​ប្រទេស​កម្ពុជា​។ ប្រទេស​កម្ពុជា​ជា​មាតុភូមិ​នៃ​ស្ថាបនិក​របស់​យើង ហើយ​តែងតែមាន​កន្លែង​ពិ​សេសមួយ​នៅក្នុង​បេះដូង​របស់គាត់​។ ប្រទេស​ថៃ​គឺជា​ផ្ទះ​ទី​២ ហើយ​ដែល​គាត់​បាន​រកឃើញ​ភាពសុខសាន្ត​ក្នុង​ទឹកដី​នៃ​ស្នាមញញឹម​មួយ​នេះ​។​

​យើង​បាន​បើក​សណ្ឋាគារ​នេះ​ឡើង​ដោយ​រាបទាប​បំផុត សម្រាប់​ការកោតសរសើរ និង​ចំណង់​ចំណូលចិត្ត​ខ្លាំង​បំផុត ចំពោះ​សិល្បៈ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​។ សំណង់​ការតុបតែង​នៅទីនេះ​ធ្វើឡើង​ដោយ​ដៃ​ប្រក​ដោយ​បេះដូង​នៃ​ក្តី​ស្រឡាញ់ ពី​ក្រុមការងារ​ថៃ​និង​កម្ពុជា​។ ទោះយ៉ាងណា អ្វីៗ​គ្រប់យ៉ាង​គឺ​នឹង​ស្ថិត​នៅតែ​ជា​អង្គរវត្ត​ដ៏​អស្ចារ្យ​ដដែល ហើយ​មិនដែល​ត្រូវបាន​ប្រៀបធៀប​ឡើយ​។​

​សណ្ឋាគារ Le Palals មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បានទេ ប៉ុន្តែ​កាសែត​បាងកក​ប៉ុស្តិ៍​បាន​រកឃើញថា​សណ្ឋាគារ​នេះ​ត្រូវបាន​បិទ​ដោយសារ​មាន​ជំងឺ​រាតត្បាត​រាលដាល​។ សណ្ឋាគារ​នេះ​ត្រូវបាន​ដឹងថា​ជា​កម្មសិទ្ធិ​របស់​ប្តី​ប្រពន្ធ​ជនជាតិខ្មែរ​ដែលមាន​ប្តី​ជា​ជនជាតិ​បារាំង និង​ជា​ម្ចាស់​ភាគហ៊ុន​ថៃ​ផងដែរ​។​

​លោក Vichai Khongmun ប្រធាន​សមាគម​ទេសច​រណ៍​កោះ Phangan បាន​មានប្រសាសន៍ថា សណ្ឋាគារ​ដែល​ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ ២០១៤ គោរព​តាម​បទ​ប្បញ្ញត្តិ​សាងសង់​។​

​លោក​ក៏បាន​យល់ឃើញ​បែបនេះ​ថា​៖ «​ម្ចាស់​សណ្ឋាគារ​នេះ​អាច​ត្រូវបាន​ទាក់ទាញ​ការលើកទឹកចិត្ត​របស់​ពួកគេ​ពី​ប្រាសាទអង្គរវត្ត​។ ហេតុនេះ​ខ្ញុំ​គិតថា វា​នឹង​លើកទឹកចិត្ត​ភ្ញៀវទេសចរ ឲ្យ​តម្រង់ទិស​ទៅ​ទស្សនា​កន្លែង​ពិតប្រាកដ​”​។​

​គួរ​បញ្ជាក់ថា ក្រោយ​រឿងនេះ​ត្រូវបាន​ផ្ទុះឡើង ថ្មីៗ​នេះ នា​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ព្រះវិហារ នៃ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​មួយ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​ពិនិត្យ​ទៅលើ​អង្គហេតុ​និង​អង្គច្បាប់​ដែល​ទាក់ទង​នឹង​សណ្ឋាគារ Le Palals Hotel យក​រចនាបថ​ប្រាសាទខ្មែរ​ទៅ​សាងសង់​។​

​ជា​លទ្ធផល កិច្ចប្រជុំ​បានសម្រេច​ធើ្វ​កំណត់ហេតុ​រួម​អន្តរ​ស្ថាប័ន​មួយ ជូនទៅ​ក្រសួងការបរទេស ដើម្បី​សុំ​ការពិនិត្យ​សម្រេច​តាមផ្លូវ​ការទូត​ដោយ​ផ្អែក​ជា​គោល​ទៅលើ​មាត្រា ៦​ស្ទួន មាត្រា​១០​និង​មាត្រា​១០​ស្ទួន នៃ​អនុសញ្ញា​ទីក្រុង​ប៉ារីស ស្តីពី​កិច្ចការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម​ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៨៨៣ និង​គោលការណ៍​ផ្សេងទៀត​ដែល​ទាក់ទង​ដល់​ការរក្សា​គុណ​តម្លៃ​នៃ​ប្រាសាទបុរាណ​ខ្មែរ​។

​ប្រាសាទអង្គរវត្ត​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​យូណេស្កូ​ជា​បេតិកភណ្ឌ​ពិភពលោក​ចាប់តាំងពី​ឆ្នាំ ១៩៩២ គឺជា​ប្រាសាទ​ដែល​ល្បីល្បាញ​ជាងគេ​ក្នុងចំណោម​ប្រាសាទ​ទាំងអស់​របស់​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បានដាក់​បង្ហាញ​នៅលើ​ទង់ជាតិ សម្រាប់​សម្គាល់​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​ផងដែរ​។​

​មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តសៀមរាប ប្រាសាទអង្គរវត្ត គឺជា​ផ្នែក​មួយ​នៃ​ឧទ្យាន​បុរាណវិទ្យា​អង្គរ ដែលជា​ប្រាសាទ​ដែលមាន​ទំហំ​ធំ និង​ស្មុគស្មាញ​ជាងគេ ត្រូវបាន​សាងសង់​រវាង​សតវត្សរ៍​ទី​៩ និង​ទី​១៥៕ ដោយ​៖ លឹម ហុង​


spot_img
×