Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ជាថ្មី​ម្តងទៀត​ប្រាប់​កងទ័ព​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព​ឲ្យ​បាន ទោះ​ត្រូវ​លះបង់​ក្នុងតម្លៃ​ណាក៏ដោយ

spot_img

​កំពង់ឆ្នាំង​៖​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ ២០២០​នេះ បាន​រំលឹក​ជាថ្មី​ប្រាប់​កងទ័ព​ថា ទោះបី​លះបង់​ក្នុងតម្លៃ​ណាក៏ដោយ ត្រូវតែ​រក្សា​សន្តិភាព​ឲ្យ​បាន ខណៈ​អតីតកាល​កម្ពុជា​ធ្លាប់បាន​ហែល​ឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម និង វិនាសកម្ម​យ៉ាង​ខ្លោចផ្សា​។

​ក្នុងឱកាស​បញ្ចុះបឋមសិលា​កសាង​អគារ​កម្ពស់​២​ជាន់ ជា​ជំនួយ​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នាយទាហានរង​ជំនាញ​ការពារ​ព្រំដែន​ជំនា​ន់ទី​៦ នៅ​មជ្ឈមណ្ឌល​ជំនាញ​ការពារ​ព្រំដែន នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​បញ្ជាក់ថា គ្រោះថ្នាក់​នៃ​ការបំផ្លាញ​សុខសន្ដិភាព​នេះ មិនអាច​កើតមាន​បានឡើយ ប្រសិនបើ​យើង​យល់ច្បាស់​ពី​តម្លៃ​សន្តិភាព ហើយ​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា ដោយ​មិន​ចាញ់កល​ល្បិច ញុះញង់ បំបែកបំបាក់​របស់​អ្នកនយោបាយ​ដែល​ស្រេកឃ្លាន​អំណាច​នោះ​។

​បើតាម​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកអាយុ​ជីវិត​ធ្វើជា​ដើមទុន ដើម្បី​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​ការពារ​មិន​ឲ្យ​របប​នេះ​វិល​ត្រឡប់មក​សាជាថ្មី​។ ជា​បន្តបន្ទាប់​សម្តេច​បា​ន​ដឹកនាំ​កសាង​ប្រទេស​ឲ្យ​មាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដល់​សព្វថ្ងៃ​។ ហេតុនេះ ទាំងអស់គ្នា​ត្រូវ​ចងចាំ​ពី​ការលះបង់​ដ៏​ធំធេង​របស់​សម្តេច ហើយ​រួមគ្នា​ការពារ​សន្តិភាព ការពារ​សមិទ្ធផល មិន​ឲ្យ​ជន​ណា​មក​បំផ្លិចបំផ្លាញ​បានឡើយ បើទោះបី​ក្នុងតម្លៃ​ណាក៏ដោយ​ត្រូវការពារ​សន្តិភាព​ឲ្យ​បាន​។

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​គូស​បញ្ជាក់ទៀតថា គ្រប់យ៉ាង​គឺ​ត្រូវ​ចាប់ផ្ដើម​ពី​សន្តិភាព​ជាមុន មាន​សន្តិភាព​ទើប​មាន​លទ្ធិប្រជាធិបតេយ្យ មាន​សន្តិភាព​ទើប​មាន​សិទ្ធមនុស្ស មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍ ប្រជាជន​រស់នៅក្នុង​ភាពសុខសាន្ត និង​មាន​ជីវភាព​សម្បូរ​សប្បាយ​។

​ក្នុងន័យនេះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ចំពោះ​នាយទាហាន ពលទាហាន​ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួម​ថែរក្សា​សន្តិភាព និង​បាន​ផ្តាំផ្ញើ​ឲ្យ​បន្ត​សហការ​ជាមួយ​ស្ថាប័ន អង្គភាព អាជ្ញាធរ​ដែនដី​ដែលមាន​ការពាក់ព័ន្ធ ដើម្បី​ក្តាប់ជាប់​សភាពការណ៍​ទូទៅ​ក្នុង​មូលដ្ឋាន និង​ចូលរួម​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជាពិសេស​ទប់ស្កាត់​រាល់​សង្គ្រាមចិត្តសាស្ត្រ ដែលមាន​ចរិត​ញុះញង់ បំផ្លិចបំផ្លាញ​ដល់​ស្ថិរភាព​នយោបាយ​សង្គម​ជាតិ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×