Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ប្រឈម​កាន់តែ​ថយចុះ​, អភិបាលខេត្ត​ពោធិ៍សាត់ បាន​ផ្លាស់ប្តូរ ពី​ការដោះស្រាយ​២​ដង ក្នុង​មួយ​សប្តាហ៍ មក​ដោះស្រាយ​២​សប្តាហ៍ មួយ​១​ដង ដោយ​ថ្ងៃទី​៨​តុលា​ដោះស្រាយបាន​៣៣​ករណី

spot_img

​ពោធិ៍សាត់​៖ ថ្លែង​ក្នុង​វេទិកា​សម្របសម្រួល ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ប្រជាពលរដ្ឋ ដូច​សព្វមួយដង​, ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ពីមុន​យើង​ដោះស្រាយ​២​ដង ក្នុង​មួយ​សប្តាហ៍ ក៏ប៉ុន្តែ​ឥឡូវនេះ​យើង​ដោះស្រាយ​២​សប្តាហ៍ មួយ​១​ដង នេះ​ដោយសារតែ​ជម្លោះ ក៏ដូចជា​បញ្ហា​ប្រឈម​កាន់តែ​ថយចុះ​។​

​ឯកឧត្តម​បាន​ថ្លែង​បែបនេះ នា​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​វេទិកា​ក្នុង​សាលាខេត្ត​ពោធិ៍សាត់ ដោយបាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់​, លោក លោកស្រី អភិបាលរង​ខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​, អាជ្ញាធរ​ស្រុក​ក្រុង ឃុំ សង្កាត់ ភូមិ និង​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះ​គឺជា​ទម្លាប់​ដែល​ឯកឧត្តម​តែងតែ​ជួប​ជាមួយ​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ដើម្បី​ចូលរួមចំណែក​ជាមួយ​សុខទុក្ខ​ដោយផ្ទាល់ តាមរយៈ​វេទិកា​ដោះស្រាយ​នាពេលនេះ​។ យន្តការ​ដែល​យើង​កំពុងតែ​ដើរ​នេះ គឺជា​យន្តការ​វេទិកាសាធារណៈ ដែលជា​គោលការណ៍​រប​ស់រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានចង្អុលបង្ហាញ​ឱ្យ​ថ្នាក់​ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ទៅលើ​បញ្ហា​ប្រឈម និង​តម្រូវការ​ក្នុង​ជីវភាព​រស់នៅ​ជាក់ស្តែង​។ ជានិច្ច​ជា​កាល ឯកឧត្តម​តែងតែ​ប្រើប្រាស់​ឋានានុក្រម​២ គឺ​ទី​១-​ក្នុងនាម​ជា​អភិបាលខេត្ត សម្រាប់​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ទៅលើ​ផ្លូវច្បាប់ និង​ទី​២-​ក្នុងឋានៈ​ជា​គ្រួសារ មាន​តួនាទី​ជា​បង ជា​ប្អូន ជា​កូន ជា​ក្មួយ និង​ជា​ចៅ​មួយ​ក្នុង​គ្រួសារ​ប្រជាពលរដ្ឋ ជាង​៥០​ម៉ឺន​នាក់​ទូទាំង​ខេត្ត ដើម្បី​ចូលរួម​សុខ​រួមទុក្ខ​ជាមួយ​ពួកគាត់​គ្រប់ពេលវេលា​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ដើម្បី​ងាយស្រួល​ក្នុងការ​សម្រេច ឬ​ដោះស្រាយ​ផ្តាច់​ក្តី​ពាក់ព័ន្ធ​នឹង​ក្តីកង្វល់​ទាំងឡាយ​ទាំងពួង ឯកឧត្តម​សូម​ស្នើ​ដល់​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ដែល​មានរឿង​ក្តីក្តាំ​ទាំងអស់ សូម​មាន​ឆ​ន្ទះ​បញ្ចប់​ក្តី និង​បង្ហាញ​ភាពស្មោះត្រង់ ដោយ​ប្រកាន់យក​ភាពយុត្តិធម៌​។ ជាមួយគ្នា​នោះ ត្រូវមាន​ការលើកលែង​ឱ្យ​គ្នា ការយោគយល់​អធ្យាស្រ័យ​គ្នា ការសណ្តោសប្រណី​គ្នា​ទៅវិញទៅមក ក្នុងឋានៈ​ជា​សមាជិក និង​ក្នុងឋានៈ​ជា​សាច់ញាតិ​សណ្តាន​គ្រួសារ ដែលមាន​ឈាមជ័រ​ជនជាតិ​តែមួយ​។​

​ឯកឧត្តម​បានលើកឡើង​ថា យើង​មាន​ថ្ងៃនេះ យើង​បាន​ជួបជុំគ្នា​នាពេលនេះ គឺ​ដោយសារ​តម្លៃ​សន្តិភាព ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកអាយុ​ជីវិត​ទៅ​ប្តូរ រហូត​ទទួលបាន​សន្តិ​ភាពជា​ម្លប់ សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ជ្រកកោណ ដូច្នេះ​យើង​អាច​និយាយបានថា​សន្តិភាព គឺមាន​តម្លៃ​ស្មើនឹង​ជីវិត​។​

​ឯកឧត្តម​បាន​បន្ថែមថា «​ប្រសិនបើជា​យើង​ខុស​ទាស់ទែង​គ្នា​តិចតួច ដោយសារតែ​ជំពាក់​បំណុល ការសង​យឺត ឬ​ដោយសារតែ​ព្រំដី​តិចតួច យើង​បំពាន​គ្នា និង​ការឈ្លោះប្រកែក​គ្នា​នោះ យើង​អាច​សុំទោស​គ្នា និង​អាច​លើកលែង​ឱ្យ ដោយ​ទទួលយក​ទាំងសង្ខាង នោះ​ជា​ភាពត្រឹមត្រូវ​បំផុត​របស់​ជនជាតិ​យើង​»​។ ឯកឧត្តម​អភិបាលខេត្ត បាន​បន្ថែមទៀតថា «​ការ​ប្តឹងផ្តល់​គ្នា ពុំមាន​នរណា​កើតជា​មហាសេដ្ឋី​ទេ គឺមាន​តែ​ការ​សៅហ្មង ការខូចខាត​បាត់បង់​ពេលវេលា ក្នុងការ​រកស៊ី​ទទួល​ទាន​តែ​ប៉ុណ្ណោះឯង ហើយ​មិនតែប៉ុណ្ណោះ​រហូត​ទៅដល់​បាត់បង់​នូវ​សុខភាព និង​បាត់បង់​ទាំង​កិត្តិយស​ទៀតផង​»​។ ក្រោយ​ពេលដែល​យើង​ជួបគ្នា​ហើយ​នេះ សូមឱ្យ​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ បោះបង់ចោល​នូវ​រឿងរ៉ាវ​ទាំងអស់ ដោយ​រួមគ្នា​កសាង​អំពើ​ល្អ សាបព្រោះ​នូវ​សេចក្តី​ល្អ ពូជ​ល្អ និង​ទង្វើរ​ល្អ ដើម្បី​សន្សំ​យក​ផល​បុណ្យ​ទៅ​ថ្ងៃ​អនាគត​។​

​ផ្អែក​តាម​ការសម្របសម្រួល រយៈពេល​ជាង​៥​ម៉ោង ពោលគឺ​ចាប់ពី​ម៉ោង ៩៖០០​នាទី​ព្រឹក រហូតដល់​ម៉ោង ២៖៣០​នាទី​រសៀល ឯកឧត្តម ម៉ៅ ធនិន រួមជាមួយ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដោះស្រាយ​សំណុំរឿង​ផ្សេងៗ​គ្នា ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ បាន​ចំនួន​៣៣​ករណី និង​បាន​បន្ត​ផ្តល់​ស្បៀង​ជូន​ជន​ចាស់ជរា គ្រួសារ​សារ​ក្រីក្រ​ខ្វះខាត​ពិតប្រាកដ បាន​មួយចំនួន នៅ​សាលាខេត្ត​ផងដែរ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×