Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង នាំគ្នា​បោះតង់​ចាប់​រថយន្ត​ត​ទ្រុង ខុស​បច្ចេកទេស​បាន​ចំនួន​ជាង​១០​គ្រឿង ហើយ​បាន​កាត់ចោល​នៅនឹងកន្លែង​តែម្តង

spot_img

​ខេត្ត​ស្វាយរៀង ៖ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង លោក ងួន លី​ហួន បាន​បើក​ប្រតិបត្តិការ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ស្ទាក់​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ និង​ត​ទ្រុង​ខុស​បច្ចេកទេស ចាប់​តាំងពី​វេលា​ម៉ោង​០០ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ដោយ​ឃាត់​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​ចំនួន​ជាង​១០​គ្រឿង និង​បាន​កាត់ចោល​នៅ​កន្លែង​ចាប់​នោះ​តែម្តង​។​

​លោក ងួន លី​ហួន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​ខុស​បច្ចេកទេស មាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្ត សមត្ថកិច្ច​ពាក់​ពន្ធ័ បាន​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចាប់ពី​ម៉ោង​០០​នាទី មកដល់​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ យើង​បាន​ឃាត់​រថយន្ត​ខុស​បច្ចេកទេស​ចំនួន​ជាង​១០​គ្រឿង និង​បាន​កាត់ចោល​នៅនឹងកន្លែង​តែម្តង ដោយ​ដាក់​នៅ​តាម​គោលដៅ​ចំនួន​១ ក្នុង​ស្ថិតនៅលើ​ដង​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​ចំបក់​សង្កាត់​ចេក​ក្រុង​ស្វាយរៀង​របស់​ខេត្ត​ស្វាយរៀង​។​

​តាម​ប្រសាសន៍​របស់​លោក​ងួន លី​ហួន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ សម្រាប់​ការងារ​នេះ​នឹង​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​ការបំផ្លាញ​ផ្លូវ តាម​បទបញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ពី​ខេត្ត​កំពង់ចាម ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត ត​ភ្ជាប់​ទឹកដី​នៃ​ខេត្ត​កំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ និង​បានកំណត់​កាលបរិច្ឆេទ​ថា ចាប់ពី​ម៉ោង​០០​យប់​នេះ តទៅ​នឹង​មិន​អនុញ្ញាត​ឲ្យ រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស បើកបរ​លើ​ដងផ្លូវ​តទៅ​ទៀត​ឡើយ ព្រោះ​រថយន្ត​ទាំងនោះ​បាន​ធ្វើឲ្យ​ខូចខា​តដល់​ផ្លូវ ស្ពាន ដែល​រាជរដ្ឋាភិបាល​ខិតខំ​សាងសង់​យ៉ាង​លំបាក​។​

​ជាមួយគ្នានេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​ព្រមាន​ដកតំណែង​អភិបាល​រាជធានី​ខេត្ត​ណា ដែល​អនុវត្តន៍​ការងារ​នេះ​មិន​បាន​ចេញពី​តំណែង​ផងដែរ បើសិនជា​ករណី​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់ នៅតែ​មាន​វត្តមាន​លើ​ដងផ្លូវ ក្នុង​ភូមិសាស្ត្រ​ខេត្ត​របស់​ខ្លួន​ទៀត​។ ប្រសិនបើ​ក​ប្រើ​វិធានការ​ចាប់​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​នេះ មាន​ម្ចាស់​ក្រុមហ៊ុន​តវ៉ា ឲ្យទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​សម្តេច សម្តេច​ចាប់​ពួក​គេ​ដាក់​ពន្ធនាគារ​តែម្តង​។ សម្តេច​បាន​បញ្ជា​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់ យក​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​យក​រថយន្ត​ទៅ​កាត់​ទ្រុង ហើយ​បើ​កាត់​មិនទាន់ មិន​ត្រូវ​យក​ឡើង​លើ​ផ្លូវ​នោះ​ឡើយ​។ រថយន្ត​ដែល​ត​ទ្រុង​ខុស​បច្ចេកទេស​នេះ ភាគច្រើន​ជា​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ដឹក​ដែក ដឹក​ខ្សាច់ ដឹក​ថ្ម និង​ដឹក​កុងតឺន័រ ជាដើម​៕ វ៉ៃកូ​

spot_img
×