Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្ត​ហ្វូ​ន និង អ៊ី​-​ម៉ាន់​នី ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្នា ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ក្រុមហ៊ុន​អ៊ី​-​ម៉ាន់​នី និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ក្នុង​វិស័យ​ទូរគមនាគមន៍ សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ទូទាត់​ប្រាក់​អេ​ឡិច​ត្រូ​និ​ច​។ នេះ​ក៏​ជាការ​អនុលោម​តាមនៃ​ការតម្រង់ទិស​របស់​មិត្ត​ហ្វូ​ន​លើ​ការបង្កើត និង​ត​ភ្ជាប់​សង្គម​ឌីជីថល​។​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក ហ្វុ​ង វ៉ាន់ គឿង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន លោក ហ្វា​ម ដន គឿង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ី​-​ម៉ាន់ និង​លោក អា​ឡែ​ន ថៃ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍​។ ក្រុមហ៊ុន​ទាំង 3 មាន​គោលបំណង​ផ្តល់ជូន​នូវ​បទពិសោធ​ល្អប្រសើរ សម្រាប់​អតិថិជន​ទូរស័ព្ទ​ចល័ត​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ធានារ៉ាប់រង និង​ទាញយក​អត្ថប្រយោជន៍​ពី​ជីវិត​ឌីជីថល​។​

​គោលបំណង​នៃ​អនុស្សរណៈ​នេះ​គឺ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​វែង ក្នុងចំណោម​ក្រុមហ៊ុន​ទូរគមនាគមន៍ ក្រុមហ៊ុន​ទូទាត់​លុយ​អេ​ឡិច​ត្រូ​និ​ច និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​នៅ​ប្រទេស​កម្ពុជា​។ អាស្រ័យហេតុនេះ ភាគី​ទាំង 3 នឹងចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ទូលំទូលាយ នៅ​ក្នុងនោះ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​ផ្តល់ជូន​នូវ​សេវាកម្ម​ទូរស័ព្ទ Hotline សេវាកម្ម​អ៊ីនធឺណិត សេវាកម្ម ICT សេវា e-Connect សេវា SMS Brand-Name និង​សេវាកម្ម​ជាច្រើន​ទៀត ជាមួយនឹង​អត្រា​តម្លៃ និង​សេវាកម្ម​ល្អ​។​

​លើសពីនេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី នឹង​ផ្គត់ផ្គង់​ការប្រមូល​ថ្លៃ​សេវា​ធានារ៉ាប់រង​ដែល​អតិថិជន​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ បង់​ឲ្យ​តាមរយៈ​គណនី​អ៊ី​-​ម៉ាន់​នី ឬ​គណនី​ទូរស័ព្ទ​ចល័ត​។ អ៊ី​-​ម៉ាន់​នី​អាច​ផ្តល់​សេវាកម្ម​បង់ប្រាក់​ដល់​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ ដើម្បីឱ្យ​ក្រុមហ៊ុន​នេះ​ទូទាត់​សំណង​ដល់​អតិថិជន​របស់ខ្លួន​បាន​យ៉ាង​លឿន​រហ័ស បន្ថែម​ពីនេះ​ទៅទៀត ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ នឹង​ទទួលបាន​ការផ្សាយពាណិជ្ជកម្ម​នៃ​សេវាកម្ម​ធានារ៉ាប់រង​របស់ខ្លួន​លើ​កម្មវិធី​អ៊ី​-​ម៉ាន់​នី និង MyMetfone App ផងដែរ​។

​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ​លោក ហ្វុ​ង វ៉ាន់ គឿង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មានប្រសាសន៍ថា​៖ “​ជាមួយ​ទស្សនវិស័យ​របស់​យើង​ជា​ប្រតិបត្តិ​ករ «​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​» យើង​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​របស់​អតិថិជន​ដែល​កំពុង​ប្រើ​សេវា​ធានារ៉ាប់រង​ទាំងអស់ ជាពិសេស​ក្នុងកំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដោយសារ​ការអនុវត្ត​និន្នាការ​គម្លាត​ឆ្ងាយ​ពី​សង្គម ពួកគេ​តែងតែ​ស្វែងរក​មធ្យោបាយ​ដែលមាន​សុវត្ថិភាព និង​ងាយស្រួល​ក្នុង​ការទទួល​សេវាកម្ម​ធានារ៉ាប់រង​។ ដូច្នេះ​មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី​បាន​បង្កើត​វិធី​ទូទាត់​តាម​អ៊ីនធឺណិត និង​អនុញ្ញាតឱ្យ​អតិថិជន​ទាំងអស់​ទទួលបាន​ជាមួយ​នឹង​ព័ត៌មាន​ធានារ៉ាប់រង និង​ដំបូន្មាន​ការការពារ​ផ្សេងៗ​ផងដែរ​។​”

​លោក​បាន​បន្ថែមទៀតថា​៖ “​កិច្ចសហប្រតិបត្តិការ​នេះ​គឺជា​ការបើកផ្លូវ​ថ្មី​មួយទៀត​នៃ​ការទូទាត់​ប្រាក់​លើ​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត ហើយ​នេះ​ក៏​ជា​ជំហាន​បន្ទាប់​នៃ​ការវិវត្ត​សង្គម​ឌីជីថល​របស់​យើង​ដោយ​ធានា​ចំពោះ ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ ថា​មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី​ពិត​ជាមាន​បច្ចេកវិជ្ជា​ទំនើប​ដើម្បី​បម្រើ​អតិថិជន ផ្តល់​ភាពសុខសាន្ត ជួយ​ពួកគេ​ឱ្យមាន​សុខភាព​ល្អ និង​ផាសុកភាព​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​”​។​

​លោក អា​ឡែ​ន ថៃ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ បាន​ស្វាគមន៍​ចំពោះ​ភាពជា​ដៃគូ​នេះ​។ លោក​បាន​មានប្រសាសន៍ថា​៖ “​ជាមួយនឹង​សេវា​គ្របដណ្តប់​ទូលំទូលាយ​រួមទាំង​បច្ចេកវិជ្ជា​ឈានមុខ​គេ​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​អ៊ី​-​ម៉ាន់​នី ភាពជា​ដៃគូ​នេះ​នឹង​ជួយ​ឱ្យ​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍​ចែកចាយ​នូវ​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែលមាន​តម្លៃ​សមរម្យ និង​មានការ​ប្រកួតប្រជែង​ដល់​អតិថិជន ៩ លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ជឿជាក់ថា ជាមួយនឹង​ជំនាញ​រៀងៗ​ខ្លួន និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ពួកយើង យើង​នឹង​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕
​ដោយ​៖CEN


spot_img
×