Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាបនិក កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ កោះរ៉ុង ប្រកាស​ស្វាគមន៍​ភ្ញៀវទេសចរ ក្នុងឱកាស​ទិវា នៃ​ក្តីស្រលាញ់​

spot_img

ខេត្ត​ព្រះសីហនុ​៖ ស្ថាបនិក ឬ​ម្ចាស់ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ កោះរ៉ុង​» ខេត្ត​ព្រះសីហនុ ប្រកា​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ នា​ឱកាស​ទិវា នៃ​ក្តីស្រលាញ់ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ​។

​លោក​ឧកញ៉ា ទៀ វិចិត្រ ស្ថាបនិក​អភិវឌ្ឍ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ កោះរ៉ុង​» ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ថា ក្នុងនាម​កូន​ខ្មែរ​មួយ​រូប លោក​បាន​សហការ​បង្កើត​ឆ្នេរ​កម្សាន្ត​បែប​ថ្មី មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ដោយ​នៅ​ជុំវិញ​ឆ្នេរ​កម្សាន្ត​មួយ​នេះ គឺ​មាន​អនាម័យ មាន​សន្តិសុខ និង​សោភ័ណ្ឌភាព​ល្អ តាម​បែប​ធម្មជាតិ​ពិតៗ ពិសេស​តម្លៃ​សេវា​ផ្សេងៗ នៅលើ​កោះ​ឋានសួគ៌ គឺ​មាន​តម្លៃ​សមរម្យ​។

​លោក​ឧកញ៉ា ទៀ វិច​ត្រ ប្រកាស​ស្វាគមន៍ ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី ពិសេស​ភ្ញៀវ​ជាតិ ដែល​ចង់​បាន​ទីតាំង​សម្រាប់​សំរាក​លំហែកាយ នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​ឈប់សំរាក នៃ​ពិធី​បុណ្យ​ផ្សេងៗ ហើយ​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​មាន​សោភ័ណ្ឌភាព​ធម្មជាតិ​ពិតៗ សូម​អញ្ជើញ​ចូល​មក​ទស្សនា​«​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ កោះរ៉ុង​» ពិតជា​មិន​ខកបំណង​នោះទេ​។​

​លោក​ថា ដើម្បី​ស្វាគមន៍​ថ្ងៃ​ពិសេស គឺ ទិវា​នៃ​ក្តីស្រលាញ់ ឬ​ហៅ​ថា Varlentine’s Day ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ រូបលោក​នឹង​បើក​សម្ភោ​ធ «​ម៉ាហ្វីយ៉ា រី​ហ្សត Mafiya’s Resort Cambodia» មាន​ទីតាំង​នៅ​លើ​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ កោះរ៉ុង ដើម្បី​ទទួល​សូម​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចាប់អារម្មណ៍ ឬ​ត្រូវការ​កន្លែង​កម្សាន្ត​តាម​បែប​ធម្មជាតិ និង​មាន​លក្ខណៈ​តាម​បែប​ឯកជន​ពិតៗ​។

​ត្រង់​ចំណុច​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ស្នើ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ផ្ទាល់​ភ្នែក នឹង​បាន​ឃើញ​ទិដ្ឋភាព​ពិតៗ ដែល​មាន​នៅ​លើ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ កោះរ៉ុង​» ហើយ​ពេលនោះ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​អន្តរជាតិ នឹង​មាន​ការភ្ញាក់ផ្អើល ហើយ​ទទួលបាន​ភាពសប្បាយ​រីករាយ​ជាក់​ជាមិនខាន​។

​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ប្រធាន​ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីដ​ប៊ូត កម្ពុជា (G. T. V. C, Speed Boat Cambodia)​ផង​នោះ ក៏​បាន​ប្តេជ្ញា​ថា នឹង​ជម្រុញ​ដល់​ម្ចាស់​ក្រុមហ៊ុន​ជលយាន ដឹកជញ្ជូន​ភ្ញៀវទេសចរ​តាម​សមុទ្រ​ទាំងអស់ នា​មូលដ្ឋាន​នេះ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការការពារ​សុវត្ថិភាព​ដឹក​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​កោះ ឲ្យបាន​ជា​ប្រចាំ​ថ្ងៃ​។ ជាងនេះទៀត ក៏​នឹង​ជម្រុញ​ឲ្យ​គ្រប់​មធ្យោបាយ​ដឹកជញ្ជូន​តាម​សមុទ្រ​ទាំងអស់ ត្រូវ​បំពាក់​សម្ភារៈ​សង្គ្រោះ រួមមាន​៖ អាវ​ពោង​ការពារ និង​សម្ភារៈ​សង្គ្រោះ​ផ្សេងៗ​ទៀត ឲ្យបាន​គ្រប់​ចំនួន នៅ​តាម​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវទេសចរ​នី​មួយៗ ដើម្បី​បង្ការ​ការពារ​សុវត្ថិភាព​ភ្ញៀវ​។

​តាមរយៈ​អ្នកយកព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ទើប​ប្រកាស​តួនាទី​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​សន្យាថា នឹង​ខិតខំ​បំផុស​ចលនា​ឲ្យ​ប្រតិបត្តិករ​ទេសចរ​ជា​សមាជិក​សមាជិការ របស់​សមាគម​ទាំងអស់ ឲ្យ​បង្កើន​សកម្មភាព​ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរសមុទ្រ និង​ជួយ​អភិរក្ស​ការពារ​ធនធាន​ធម្មជាតិ ជីវៈចម្រុះ​បាតសមុទ្រ​នា​ខេត្ត​ព្រះសីហនុ ឲ្យបាន​ជាប្រចាំ​នា​ថ្ងៃ​អនាគត​។

​លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យដឹង​ដូច្នេះ រួច​ស្នើ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យចូល​ទៅ​ទស្សនា​កោះ​ស្រុក​ខ្មែរ និង​ជា​ស្នាដៃ​កូន​ខ្មែរ ដែល​ទើប​អភិវឌ្ឍ​ថ្មីៗ មាន​ទីតាំង​នៅ​លើ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ កោះរ៉ុង​» ខេត្ត​ព្រះសីហនុ ឲ្យបាន​ច្រើន ហើយ​ទន្ទឹមគ្នានេះ ម៉ាហ្វីយ៉ា រី​ស្សត (Mafiya’s Resort Cambodia) នឹង​រង់ចាំ​បំរើសេវា​ទទួល​ស្វាគមន៍​បងប្អូន​គ្រប់ពេលវេលា​។

​ទាក់ទិន​បញ្ហា​នេះ​ដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ស្វាគមន៍​ដល់​ប្រតិបត្តិ​ករ​ទេសចរ​នានា ដែល​បាន​បង្កើតឲ្យមាន​ទីតាំង​កម្សាន្ត​ថ្មីៗ មាន​សេវា​បំរើ​ល្អ មាន​តម្លៃ​សមរម្យ ហើយ​មាន​អនាម័យ និង​សោភ័ណ្ឌភាព សម្រាប់​ផ្តល់​ជា​ជម្រើស ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ អាច​ចូល​ទៅ​សំរាកលំហែ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។​

​ទន្ទឹមគ្នានេះ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរ អាជីវករ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ចូលរួម​សហការ​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរសមុទ្រ​ខេត្ត​នេះ ឲ្យមាន​សោភ័ណ្ឌភាព​ល្អ និង​ឲ្យមាន​អនាម័យ​ជាប្រចាំ ដើម្បី​រួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យចូល​មក​ទស្សនា​ខេត្ត​នេះ ឲ្យបាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។​

​ឯកឧត្តម ថោង ខុន បាន​ក្រើនរំលឹក​ដូច្នេះ​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ លោក​ឧកញ៉ា ទៀ វិចិត្រ ជា​ប្រធាន​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​លើកទឹកចិត្ត លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត​នេះ ស្នើឲ្យ​បំពេញ​តួនាទី​ថ្មី​នេះ ឈាន​ទៅ​រួមចំណែក​ជាមួយ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​នេះ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ខេត្តព្រះសីហនុ ឲ្យបាន​ច្រើន​នា​ថ្ងៃ​ខាង​មុខ​ទៀត​។​

​បន្ថែម​លើ​នេះ ឯកឧត្តម យន្ត មីន ក៏​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ មន្ត្រីរាជការ​នៅតាម​ស្ថាប័នរដ្ឋ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាពិសេស​ប្រតិបត្តិ​ករ​ទេសចរ ដែល​ជា​ម្ចាស់​ជលយាន ដែល​ប្រកប​អាជីវករ​ដឹកជញ្ជូន​ភ្ញៀវ​តាម​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ត្រូវ​រួមគ្នា​ការពារ​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ និង​ធនធានធម្មជាតិ ជីវៈចម្រុះ ដែល​មាន​ទាំង​នៅលើ​កោះ និង​ក្នុង​បាតសមុទ្រ ឬ​នៅ​តាម​ទីតាំង​កម្សាន្ត​នីមួយៗ ឲ្យមាន​អនាម័យ និង​សោភ័ណ្ឌភាព​ល្អ​ជា​ប្រចាំ ដើម្បី​រួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសច​រនា​ថ្ងៃ​អនាគត​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គ្រឹះ​ស្នា បានឲ្យដឹងថា ឆ្នាំ​២០១៧​កន្លងទៅ ខេត្ត​នេះ ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជិត ២​លាន​នាក់​(១,៩៩៥,២០៤)​។ ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១​លាន ៥​សែន​នាក់ (១,៥២៥,២៨៦) និង​អន្តរជាតិ​ជិត ៥​សែន​នាក់ (៤៦៩,៩១៨)​។ ក្នុងនោះ​ភ្ញៀវ​ទេសចរណ៍​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​តាមរយៈ​ទូក​ទេសចរណ៍​សរុប​មាន​ចំនួន​ជិត ១​ពាន់​ជើង (៩៨២៣) និង​មាន​ចំនួន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​សរុប​ជិត ៥​សែន​នាក់ (៤០៩,៤៦០)​។

​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ទទួលស្គាល់ថា ការងារ​រួមគ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរសមុទ្រ ឲ្យមាន​សោភ័ណ្ឌភាព​ជាប្រចាំ គឺ​ពិតជា​អាចរួមចំណែក​ជួយ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ខេត្តព្រះសីហនុ កើន​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពិតមែន​។

​ជាងនេះទៀត គួបផ្សំ​ប្រតិបត្តិ​ករ​ទេសចរ មួយចំនួន បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​ទេសចរណ៍​ខេត្ត ដោយ​បាន​ចូលរួម​បង្កើតឲ្យមាន​ទីតាំង​កម្សាន្ត​នៅ​តាម​ឆ្នេរសមុទ្រ នៅតាម​កោះ​នានា មាន «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ កោះរ៉ុង​»​ជាដើម ប្រកប​ដោយ​សោភ័ណ្ឌភាព​ច្រើន​ទីតាំង និង​កំណត់​ណ​ត់​តម្លៃ​សេវា​មានតម្លៃ​សមរម្យ និង​ផ្តល់​សន្តិសុខ​សុវត្ថិភាព​ល្អ​ជូន​ភ្ញៀវ គឺ​ពិតជា​អាច​ជម្រុញ​ឲ្យ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ថែម​ទៀត ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នា​ថ្ងៃ​អនាគត​៕ ដែន សីមា

 

spot_img
×