Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ភ្នំពេញ មកដល់ពេលនេះ មាន​សមត្ថភាព​ប្រមូល​សំរាម​បាន​២០០០​តោន​ក្នុង​មួយថ្ងៃ ខណៈ​នៅ​រាជធានី​មាន​សំរាម​ប្រមាណ​ជាង​២៨០០​តោន ក្នុង​មួយថ្ងៃ​

spot_img

​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​បានបញ្ជាក់​ឲ្យ​ដឹងថា មកដល់ពេលនេះ​ទាំង​១៤​ខណ្ឌ​និង​សង្កាត់​ទាំង​១០៥​បាននិងកំពុង​ដៃ​ដុតជើង​ទាំងយប់ ទាំង​ថ្ងៃ​ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​មកដល់ពេលនេះ​ក្នុង​មួយថ្ងៃ​យើង​ប្រមូល​សំរាម​បាន ប្រមាណ​២០០០​តោន ខណៈដែល​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ​មាន​សំរាម​ចំនួន​២៨៦៥​តោន​។ មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​គ្រប់គ្រង​ការប្រមូល​សំរាម​បាន​មួយកម្រិត​ធំ​ហើយ ។ លោក​ជឿជាក់ថា មិនយូរ​ទេ ការប្រមូល​សំរាម​នឹង​លែង​ជា​បញ្ហា បើទោះបី​កម្មករ​ស៊ិន​ទ្រី ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​ក៏ដោយ​។​

ការបញ្ជាក់​របស់លោក​ឃួ​ង ស្រេង​បែបនេះ​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី ៩​ខែតុលា​នេះ ខណៈដែល​លោក​ទទួល​គ្រឿងចក្រ​សម្រាប់​ចូក រុញ​ដី​មួយគ្រឿង​ពី​ក្រុមហ៊ុន​KNN ដើម្បី​យកមក​ធ្វើ​សកម្មភាព​កើប​រុញ​និង​ប្រមូល​សំរាម នៅក្នុង​រាជធានី ។​

លោក ឃួ​ង ស្រេង​បាន​មានប្រសាសន៍​បញ្ជាក់ថា សម្រាប់​គ្រឿងចក្រ​មួយគ្រឿង​នេះ វា​នឹង​ជួយ​រំលែក​ការងារ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មួយកម្រិត​ធំ ។ លោក​ក៏បាន​ថ្លែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ដែល​បានប្រគល់​នូវ​គ្រឿងចក្រ​មួយគ្រឿង​នេះ មកដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​លើ​ការងារ​ប្រមូល​សំរាម ខណៈ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​មានការ​ខ្វះខាត​នូវ​គ្រឿងចក្រ​នៃ​ការប្រមូល​សំរាម​នេះ​។​

លោក​ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា កិច្ចការងារ​ប្រមូល​សំរាម​យើង​បាន​គិតគូរ​តាំងពី​ឆ្នាំ​២០១៩​មក ដោយ​យើង​បាន​ចែក​ម៉ូតូ​កង់​បី​សម្រាប់​ដឹក​សំរាម​នៅតាម​បណ្ដា​ខណ្ឌ​ទាំង​១៤​និង​សង្កាត់​ទាំង ១០៥ ជាមួយនឹង​ការទិញ​គ្រឿងចក្រ​ចំនួន​៧០​គ្រឿង ដើម្បី​ដឹកជញ្ជូន​សំរាម​ទៅ​ចាក់​ទីលាន​ផងដែរ ។​

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា មកដល់ពេលនេះ ទាំង​អគ្គស្នងការ​នគរបាល​ជាតិ ទាំង​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏បាន​សន្យា បញ្ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំងពីរ​ភេទ​នេះ​ប្រមាណ​២​ពាន់​នាក់ មកជួយ​លើ​ការងារ​ដឹកជញ្ជូន​និង​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។ តែ​ទោះបីជា​យ៉ាងណាក្តី​កម្លាំង​ទាំងនេះ យើង​មិនទាន់​យកមកប្រើ​ប្រាស់​នៅឡើយ​ទេ ។​

ក្នុងឱកាស​នោះដែរ​លោក​ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ទុកដាក់ វេច​ខ្ចប់​សំរាម​ឲ្យ​បានល្អ កុំ​យកទៅ​បោះចោល​នៅតាម​ទីសាធារណៈ អាច​យកទៅដាក់​នៅ​ដេប៉ូ ចាក់សំរាម​ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ខណ្ឌ នៅក្នុង​រាជធានី​ភ្នំពេញ ។ ការធ្វើ​បែបនេះ​នឹង​ជួយ​សម្រួល​ការងារ​ច្រើន​សម្រាប់​ក្រុមការងារ​ដឹក​សំរាម​ជញ្ជូន​សំរាម​របស់​យើង​៕
ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×