Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វ៉ាង យី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់​២​ទៀត​

spot_img

​ភ្នំពេញ​៖ បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃទី​១១-១២ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ​។

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ ឯកឧត្តម វ៉ាង យី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជួបពិភាក្សា​ការងារ ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​។​

​ឯកឧត្តម វ៉ាង យី នឹងមាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើជា​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់​២ ទៀត រួមមាន លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ ស្ដីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក វ៉ាង យី មកកាន់​កម្ពុជា​លើក​នេះ នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ចិន ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ពុំ​ធ្លាប់មាន​ពីមុន​៕​

ដោយ៖ បញ្ញាស័ក្តិ

 

spot_img
×