Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំនន់​ទឹកភ្លៀង​កំពុង​វាយប្រហារ ខេត្តពោធិ៍សាត់ និង​បាត់​ដំបង ប៉ៃលិន រាជធានី​ភ្នំពេញ បង្ក​ឱ្យ​ដីស្រែ និង​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​រង​ការខូចខាត​

spot_img

​ភ្នំពេញ​៖ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក បាន​ថ្លែងថា បច្ចុប្បន្ន​ជំនន់​ទឹកភ្លៀង​កំពុង​វាយប្រហារ ខេត្តពោធិ៍សាត់ និង​បាត់​ដំបង ប៉ៃលិន រាជធានី​ភ្នំពេញ បង្ក​ឱ្យ​ដីស្រែ និង​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងពីរ​រង​ការខូចខាត​។​

យ​ក្រសួង​ធនធានទឹក បានឲ្យដឹងថា ​នៅវេលា​ម៉ោង ២១​និង​០០​នាទី​យប់​ថ្ងៃ​សុក្រ​ទី​៩ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ ក្រុមមន្ត្រី​បច្ចេកទេស និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ដែល​បាន​ជន់​លិច​ក្រុង​ពោធិ៍សាត់ ។

​សូម​ជម្រាបជូន​ថា បន្ទាប់ពី​ទទួល​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ​ពី​តំបន់​ជួរ​ភ្នំក្រវាញ​ក្នុងកំឡុងពេល​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ព្យុះ និង​វិ​សម្ពាធ​ទាប​នា​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ បាន​បណ្តាល​ឲ្យ​ទឹកស្ទឹង​ពោធិ៍សាត់​បាន​ឡើងដល់​កម្ពស់ ៥,៥២​ម៉ែត្រ លើស​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៥,០០​ម៉ែត្រ ធ្វើ​ឲ្យ​ជន់​លិច​ក្រុង​ពោធិ៍សាត់ អស់​មួយផ្នែក ។​

​ដើម្បី​ដោះស្រាយ និង​បន្ធូរ​សភាព​ទឹកស្ទឹង​ពោធិ៍សាត់​ជន់​លិច​ក្រុង ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចាត់​ឲ្យ​ក្រុមការងារ បច្ចេកទេស​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម សហការ​ជាមួយ​បុគ្គលិក​ជំនាញ​ក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារ​ទឹក​(​ទ្វា ០៤) នៅ​សំណង់​ស្ទាក់​ទឹក​ដំណាក់​អំពិល​ទាំងយប់ ដើម្បី​បន្ថយ​បរិមាណ​ទឹកស្ទឹង​ពោធិ៍សាត់ ដោយ​បើក​បង្ហូរទឹក​ទៅ​ផ្នែក​ខាងក្រោម​តាម​ស្ទឹង​ស្វាយដូនកែវ ហើយ​ទម្លាក់​ចូលទៅ​បឹង​ទន្លេសាប ។​

​បើតាម​ស្ថានភាព​បន្ថយ​បរិមាណ​ទឹកស្ទឹង​ពោធិ៍សាត់​ទៅ​ផ្នែក​ខាងក្រោម និង​អាកាសធាតុ​មិនមាន​ភ្លៀង​បន្ថែមទៀត​នាពេល​ដ៏​ខ្លី​ខាងមុខ ទឹកស្ទឹង​ពោធិ៍សាត់​នឹង​ឆាប់​ស្រក ហើយ​វិល​ត្រលប់មក​ធម្មតា​ដូច​មុន​វិញ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ យប់ ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​កំ​ហុក​រយៈពេល​ជាង​១​ម៉ោង ដែលមាន​កម្រិត​ជាង​៨០ មិល្លីម៉ែត្រ បាន​បង្ករ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ពី​សកម្មភាព​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម បន្ត​អន្តរាគមន៍ និង​ការពារ​ការយាយី​ដោយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ៖
​នៅវេលា​ម៉ោង ២០​និង​០០ យប់​ថ្ងៃ​សុក្រ ទី​៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក ថាំង វី​យុទ្ធ​ដា ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម និង​ជា​ប្រធាន​មុខព្រួញ​ខេត្តកណ្តាល លោក ហៀ​ង ម៉េង ប្រធាន​នាយកដ្ឋាន​វិស្វកម្ម និង​ក្រុមការងារ​បច្ចេកទេស​ក្រសួង បាន​ចុះ​យក​បាវ​ខ្សាច់​បិទ​ពីលើ​សន្លឹក​ទ្វារ​ទឹក​នៅ​សំណង់​ទ្វារ​ទឹក​១៥ ស្ថិតក្នុង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដើម្បី​ការពារ​លំហូរ​ទឹក​មាន​កម្ពស់​ខ្ពស់ជាង​ទ្វារ​ទឹក ហូរ​ចូលមក​ប៉ែក​ខាង​រាជធានី​ភ្នំពេញ ។​
​សូម​ជម្រាបជូន​ថា កម្ពស់​ទឹក​នៅ​ទ្វារ​ទឹក​ទំនប់​៧​មករា នាពេលនេះ​គឺមាន​កម្ពស់ ៨,១ ម៉ែត្រ លើស​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​នៅ​កម្រិត ៧,០០ ម៉ែត្រ ។
​ស្ថានភាព​ទឹក​នៅ​ទីតាំង​ប្រឈម បន្ត​ស្ថិតនៅក្នុង​សភាព​ប្រុងប្រយ័ត្ន​ដដែល ដោយ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​បន្ត​តាមដាន និង​ប្រចាំការ ២៤​ម៉ោង តាំងពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​មក ដើម្បី​អន្តរាគមន​ចំពោះ​ជំនន់​ទឹកភ្លៀង​ស្ទឹង​ព្រែក​ត្នោត​នេះ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×