Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អំពាវនាវ​ដល់​នគរ​បាល​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នកលេង​តាម​បណ្តាញ​សង្គម​

spot_img

​កំពង់ស្ពឺ ៖ អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ក្រើនរំលឹក​ដល់​នគរបាល​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អ្នកលេង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ខណៈ​ការលេង​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​បាន​យក​ហ្វេ​ស​បុក​នេះ ដើម្បី​បំផុសបំផុល​ឲ្យ​មានការ​ចលាចល​សង្គម ដែល​អាច​ឈានដល់​ការធ្វើ​បដិវត្តន៍​ពណ៌​បំផ្លាញ​សុខសន្តិភាព​ប្រទេសជាតិ​ដែល​កំពុងមាន​សព្វថ្ងៃ​។​

​ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​វិជ្ជាជីវៈ​ផ្ទៃក្នុង​មន្ត្រីនគរបាល និង​ប្រកាស​តែង​តាំ​មុខតំណែង បំពាក់​ឋានន្តរស័ក្តិ នៅ​សាលា​នគរបាល​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​បើក​ឲ្យ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​សេរី​រហូត​អ្នកខ្លះ​បាន​យក​បណ្តាញ​សង្គម​នេះ មក​ធ្វើការ​រិះគន់ និង​ញុះញង់​ឲ្យ​មានការ​ស្អប់​ថ្នាក់ដឹកនាំ និង​វាយប្រហារ​នគរបាល ខណៈដែល​នគរបាល​បាន​ប្រព្រឹត្ត​កំហុសឆ្គង​អ្វី​ជាដើម​នោះ​។​

​ឯកឧត្តម​អគ្គ​ស្នងការរង​នគរបាលជាតិ បាន​សង្កត់ធ្ងន់ថា «​ការលេង​បណ្តាញ​សង្គម ដូចជា​យូ​ធូប តិកតុក និង​ហ្វេ​ស​បុក​នេះ ពេល​ឃើញ​គេ​បង្ហោះ​ហើយ​សូមកុំ​ទាន់​ជឿ ហើយ​ត្រូវ​យកមក​ពិចារណា ខណៈ​សព្វថ្ងៃនេះ​មាន​ជន​មួយចំនួន​កំពុងតែ​បំពុលបរិយាកាស​សង្គម ហើយ​ជនខិលខូច​ខ្លះទៀត​កំពុងតែ​យក​បណ្តាញ​សង្គម​នេះ មក​បោក​បងប្អូន​ប្រជាពលរដ្ឋ​យកលុយ​។ ដូច្នេះ​សូម​យើងទាំងអស់គ្នា​ត្រូវ​ចេះ​ពិចារណា​ទាក់ទង​នឹង​ការលេង​នេះ ហើយ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​កុំ​ឲ្យ​ការលេង​តាម​បណ្តាញ​សង្គម​នេះ​ក្លាយជា​ផលវិបាក​ដល់​ខ្លួនឯង ពិសេស​បង្កើតអោយមាន​ចលនា​បដិវត្តន៍​ពណ៌​ឲ្យ​សោះ​»​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ក៏បាន​លើកឡើង​ផងដែរ​ថា នាពេល​បច្ចុប្បន្ននេះ​ប្រទេសជាតិ​កំពុងមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដូច្នេះ​ក្នុងនាម​យើង​ជា​នគរបាល​ត្រូវតែ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គល​ណាមួយ​មក​ធ្វើការ​បំ​ផ្លិត​បំផ្លាញ​បាន​នោះឡើយ​។​

​ឯកឧត្តម​អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ស្មោះត្រង់​ចំពោះ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ជាពិសេស​មាន​ឆន្ទៈ និង​គុណធម៌​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ ក៏បាន​អំពាវនាវ​ដល់​សិក្ខាកាម​ជា​នគរបាល​ទាំងអស់​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ទាក់ទង​នឹង​មេរោគ​កូ​វិដ​១៩ ខណៈ​មេរោគ​នេះ​នៅតែ​បន្ត​កើត​ឡើងជា​បន្តបន្ទាប់​នៅលើ​សកលលោក ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​យើង​នេះ​។ ដោយ​កុំ​សន្តិភាព​និយម ជាមួយនឹង​មេរោគ​មួយ​នេះ​ឲ្យ​សោះ​នោះ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ក៏បាន​នាំយក​ថវិកា​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឧបត្ថម្ភ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​នៃ​សាលា​នគរបាល​មិត្តភាព​កម្ពុជា​-​វៀតណាម ចំនួន ៥១​នាក់ ម្នាក់​ទទួលបាន ៥​ម៉ឺន​រៀល និង​សិក្ខាកាម​ជា​នគរបាល​ចំនួន ៥៣​នាក់ ម្នាក់​ទទួលបាន ៥​ម៉ឺន​រៀល និង​បាន​ឧបត្ថម្ភ​ភេសជ្ជៈ​មួយចំនួន ដើម្បី​សម្រាប់​អាហារ​សាមគ្គី​ផងដែរ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×