Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​អុកចត្រង្គ ដើម្បី​ត្រៀម​ឆ្ពោះទៅ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣

spot_img

​ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​អុកចត្រង្គ កម្រិត​ជាតិ​បានបញ្ចប់​ដោយ​ជោគជ័យ​ហើយ នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ នៅ​សាល​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់ពី ដំណើរការ​កម្មវិធីសិក្សា​តាម​ការគ្រោងទុក​អស់​រយៈពេល​៥​ថ្ងៃ ដោយ​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ចំណែក​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ថ្លែង​ក្នុងឱកាស​បិទ​វគ្គ ក្នុងនាម​លោក គុជ គឹម​ឡុង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​, លោក​អគ្គ​ហិ​រញ្ញឹក​បាន​លើកឡើងថា នេះ​ជា​លើក​ទី​១ សម្រាប់​ឆ្នាំ​២០២០​របស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ដែល​បានរៀបចំ​វគ្គ​នេះ​ឡើង ក្នុង​គោលបំណង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ផ្នែក​គ្រូបង្វឹក​នៅតាម​ក្លិប ដែលជា​សមាជិក ដើម្បី​ជួយ​បង្ហាត់​ដល់​កីឡាករ កីឡាការិនី ពិសេស​យុវជន​ឲ្យ​បង្កើន​សមត្ថភាព​ខ្ពស់​លើ​ប្រភេទ​កីឡា​អុកចត្រង្គ​។
​លោក​បានបង្ហាញ​របាយ​រណ៍​សកម្មភាព​ការងារ​ជា​បន្តបន្ទាប់​នៃ​ឆ្នាំ​នីមួយៗ តាំងពី​ឆ្នាំ​២០២៧​មកដល់​បច្ចុប្បន្ន ដោយ​ស្ថិតនៅក្នុង​អាណត្តិ​ទី​១ ពី​ឆ្នាំ​២០១៧ ដល់ ឆ្នាំ​២០២១ ដោយ​កន្លងមក​សហព័ន្ធ​សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​ជា​បន្តបន្ទាប់​។​
​តំណាង​ប្រធាន​រូបនេះ​បាន​បន្ថែមទៀតថា ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ប្រភេទ​កីឡា​អុកចត្រង្គ​ត្រូវបាន​ជ្រើសរើស​បញ្ចូល​ជា​វិញ្ញាសា​ប្រកួត​ក្នុង​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​កម្ពុជា ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ក្នុង​នាមខ្លួន​ស្ថាបនិក​កីឡា​ក្នុង​តំបន់​មួយ​នេះ​។ ដូច្នេះ​សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​គឺ​ផ្សព្វផ្សាយ និង​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី ដើម្បី​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ និង​បង្ហាញ​ដល់​ពិភពលោក​អំពី​កេរ​មរតក​ពី​ដូនតា​ខ្មែរ​របស់​យើង​។ ដើម្បី​ទទួលបាន​កីឡាករ កីឡាការិនី​ឆ្នើមៗ ចូលរួម​ប្រកួត​ដណ្ដើម​ជ័យជម្នះ​បាន លុះត្រាតែ​មានការ​ចូលរួម​យ៉ាងសំខាន់​ពី​គ្រូបង្វឹក​ដែលមាន​ផែនការ​ជាក់លាក់ ទេពកោសល្យ វិធីសាស្ត្រ​បង្ហាត់ និង​លក្ខខណ្ឌ​ដ៏​ទៃ​ផ្សេងទៀត​។ ហេតុ​ដូច្នេះហើយ​ទើប​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ដើម្បី​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​ឲ្យ​ទទួលបាន​ជោគជ័យ​។​

​លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សាទរ​ចំពោះ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ដែល​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​ជាតិ​នេះ​ឡើង ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រូបង្វឹក ក្នុងការ​បង្ហាត់បង្រៀន​ដល់​កីឡាករ កីឡាការិនី ក៏ដូចជា​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​បច្ចេកទេស និង​កលល្បិច​កាន់តែ​ខ្ពស់ ក្នុងការ​ប្រកួត​កីឡា​អុកចត្រង្គ​។ លោក​បញ្ជាក់ថា សម្រាប់​ប្រភេទ​កីឡា​របស់​កម្ពុជា ដែល​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ត្រូវបាន​ចែកចេញជា​៣​ប្រភេទ ១-​ប្រភេទ​កីឡា​ត្រូវដាក់​បញ្ចូល​ដែលមាន​សក្តានុពល និង​មាន​ប្រជាប្រិយភាព​ខ្ពស់​មាន​ចំនួន​១៧​ប្រភេទ​កីឡា ២-​ប្រភេទ​កីឡា​ត្រូវដាក់​បញ្ចូល​ដែលមាន​សក្តានុពល​មធ្យ​ម​មាន​ចំនួន​១៥​ប្រភេទ​កីឡា ៣-​ប្រភេទ​កីឡា​ដែល​ត្រៀម​ដាក់បញ្ចូល និង​មាន​សក្តានុពល​ទាប​មាន​១៣​ប្រភេទ​កីឡា ហើយ​អុកចត្រង្គ ដែលជា​កេរ​មរតក​របស់​ដូនតា​ខ្មែរ​យើង គឺជា​ប្រភេទ​កីឡា​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ (CAMSOC) ជ្រើសរើស​បញ្ចូល​ទៅក្នុង​ប្រភេទ​កីឡា​ដែលមាន​សក្តានុពល និង​មាន​ប្រជាប្រិយភាព​ខ្ពស់ មានន័យថា​គឺជា​ប្រភេទ​កីឡា​ដែល​នឹងត្រូវ​ទទួលបាន​ចំណាត់​ល្អ​ក្នុងការ​ដណ្តើម​មេដាយមាស​។ ទន្ទឹមនឹងនេះ តួនាទី​របស់លោក​គ្រូ​ទាំងអស់​ដែលជា​សិក្ខាកាម​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការកសាង​ធនធាន​កីឡាករ កីឡាការិនី​ឆ្នើម ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​របស់ CAMSOC ក៏ដូចជា​សហព័ន្ធ​ខ្លួន​ផ្ទាល់ និង​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​កំពុង​ទន្ទឹង​រងចាំ​នូវ​លទ្ធផល​ដ៏​ល្អ​នេះ​។​

​បច្ចុប្បន្ន​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ក៏បានផ្តល់​ថវិកា​គាំទ្រ​ដល់ សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៤២ ក្នុង​ឆ្នាំ​២០២០​នេះ សរុប​ថវិកា​ចំនួន ៣១០០​លាន​រៀល ក្នុងនោះ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ក៏បាន​ទទួល​ចំនួន​៦០​លាន​រៀល សម្រាប់​ដំណើរ​ការងារ​ទ្រទ្រង់​សហព័ន្ធ​ទាំង​ផ្នែក​រដ្ឋបាល ផ្នែក​បណ្តុះបណ្តាល និង​ផ្នែក​ប្រកួត​។ ថ្វី​ត្បិត​ចំនួន​ថវិកា​នេះ​មិនទាន់​ឆ្លើយតប​ទាំងស្រុង​ទៅលើ​ការចំណាយ​ទាំងស្រុង​របស់​សហព័ន្ធ​ក៏ពិតមែន ប៉ុន្តែ​ក៏​អាច​សម្រួល​ដល់​សហព័ន្ធ​ក្នុង​កិច្ចការ​ចម្បង​មួយចំនួនធំ​ផងដែរ​។ សហព័ន្ធ​ក៏ត្រូវ​កៀរគរ ស្វែងរក​អ្នក​ឧបត្ថម្ភ សប្បុរសជន​គាំទ្រ​បន្ថែមទៀត​ដើម្បី​បំពេញបន្ថែម​លើ​ថវិកា​ក្រសួង​នេះ​។ លើសពីនេះ ក្រសួង​ក៏ បានផ្តល់​ថវិកា​ឧបត្ថម្ភ​សម្រាប់​កីឡាករ កីឡាការិនី​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ជម្រើសជាតិ​ថ្នាល​ផងដែរ​។ នៅពេល ទទួលបាន​ចំណាត់ថ្នាក់​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ក្នុង​ការប្រកួត​អន្តរជាតិ ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏បាន​ស្នើ សុំ​ថវិកា​រង្វាន់​ទៅតាម​អនុក្រឹត្យ និង​ប្រកាស​អន្តរក្រសួង ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​ផងដែរ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×