Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​សង្ឃឹមថា កម្ពុជា​អាច​នឹង​ផលិត​សូត្រ​បាន​ ១០០ ​គី​ទ្បូ​ក្រាម ​ក្នុង​ឆ្នាំ​២០២០​នេះ​

spot_img

​ភ្នំពេញ​៖ លោក​បណ្ឌិត ម៉ី កល្យាណ ស្ថាបនិក​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​សង្ឃឹមថា កម្ពុជា​នឹង​អាច​ផលិត​សូត្រ​បាន​១០០​គី​ទ្បូ​ក្រាម​ក្នុង​ឆ្នាំ​២០២០​នេះ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បរិ​មាណនៃ​ការផលិត​នឹង​កាន់តែ​កើន​ទ្បើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ លោក​បណ្ឌិត សង្ឃឹម​យ៉ាង​មុតមាំ​ថា​បរិមាណ​នៃ​ការផលិត​នឹង​កាន់តែ​កើន​ទ្បើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

លោក​បណ្ឌិត ម៉ី កល្យាណ បានឱ្យដឹងថា បច្ចុប្បន្ន​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​បាន​ជោគជ័យ​ក្នុង​ការផលិត​ចំណីអាហារ​សិប្បនិម្មិត​សម្រាប់​ដង្កូវនាង តាមរយៈ​ការ​លាយ​ស្លឹក​មន​ជាមួយ​វីតាមីន​សំខាន់ៗ​មួយចំនួន​។​តាមរយៈ​ការដាក់​របប​អាហារ​សិប្បនិម្មិត​នេះ​ម្ដង ដង្កូវនាង​អាច​ស៊ី​បាន​ក្នុង​រយៈពេល ១២ ថ្ងៃ​។ ជាធម្មតា ដង្កូវនាង​ស៊ី​ចំណី​បី​ដង​ក្នុង​មួយថ្ងៃ​។​របប​អាហារ​សិប្បនិម្មិត​នេះ​ធ្វើឱ្យ​ដង្កូវនាង​រីក​ធំធាត់​និង​មាន​សុខភាព​ល្អ​។

​ទន្ទឹមនេះ លោក​បណ្ឌិត​ម៉ី កល្យាណ បានឱ្យដឹងថា មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​ទី​២​នឹង​សាងសង់​នៅ​ខេត្តមណ្ឌលគិរី ដើម្បី​ផលិត​ពង​ដង្កូវនាង​និង​ដង្កូវនាង​ល្អ​ព្រោះ​ខេត្ត​នេះ ផ្តល់នូវ​សក្តានុពល​ខ្លាំង​ក្នុង​ការផលិត​ដង្កូវនាង​ក៏ដូចជា​ការដាំដុះ​ដើម​មន​សំរាប់​ជា​ចំណី​ដង្កូវនាង​។

​លោក​បណ្ឌិត បាន​បញ្ជាក់ថា មជ្ឈមណ្ឌល​សូត្រ​ទី​២​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០២០​ខាងមុខនេះ​ដែល​នឹងត្រូវ​ចំណាយ​៣​ម៉ឺន​ដុល្លារ​។​ចំនែក​ផ្ទៃដី​ដាំ​មន​ក្នុង​ខេត្តមណ្ឌលគិរី​មាន​ចំនួន​៣​ហិច​តា​។​

​លោក​បណ្ឌិត បាន​មានប្រសាសន៍ថា «​យើង​ដឹងថា​ការដាំ​មន​នៅ​មណ្ឌលគិរី​គឺ​ល្អ​។​មណ្ឌលគិរី​ជា​កន្លែង​មួយ​ពិសេស​សម្រាប់​ប្រទេស​ខ្មែរ​យើង​ដែល​Ecosystem​របស់​វា​ល្អ​ដែល​វា​ត្រជាក់ ទឹកដី​ល្អ អាកាសធាតុ​អត់​សូវ​ក្តៅ វា​ល្អ​សម្រាប់​មន ដង្កូវនាង​»​។​

​សូមជម្រាបថា មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​មុនគេ​បង្អស់ មាន​ទីតាំងនៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ការបង្កើត​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​នេះ គឺ​ជួយ​ផ្គត់ផ្គង់​ជីវភាព​របស់​ប្រជាកសិករ​ពិសេស​ស្ត្រី លើកស្ទួយ​វិស័យ​សូត្រ​នៅ​កម្ពុជា និង​កាត់បន្ថយ​ការនាំយក​សូត្រ​ពី​ក្រៅប្រទេស​ដើម្បី​ផលិត​នូវ​ផលិតផល​សំរេច​ដែលមាន​ដូចជា​សំពត់​ហូល ក្រមា​សូត្រ​ដែលជា​ផលិតផល​សម្រាប់​ស្លៀកពាក់ ប្រើប្រាស់ និង​យកមក​ធ្វើជា​គ្រឿងសម្អាង​និង​ថ្នាំពេទ្យ​ជាដើម​។

​វិស័យ​សូត្រ​របស់​កម្ពុជា​ស្ទើរតែ​ផុត​ជីវិត​ទៅហើយ ដោយសារតែ​វា​ត្រូវបាន​គេ​ទុកចោល​មិន​អភិវឌ្ឍ ហើយ​មានតែ​កសិករ​តិចតួច​ប៉ុណ្ណោះ​ដែល​បន្ត​កិច្ច​ការដាំដុះ​មក​សម្រាប់​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​។ ជាមួយគ្នា​នោះ កម្ពុជា​បាន​នាំចូល​សូត្រ​យ៉ាងហោចណាស់ ៤០០ តោន​ក្នុង​មួយឆ្នាំ​ដែលមាន​តម្លៃ ៣០ លាន​ដុល្លារ​៕ ដោយ ៖ CEN

spot_img
×