Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មីន ណែនាំ​ការពង្រឹង​វិធានការ​ការពារ និង​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល និង​ក្រោយពេល​គ្រោះទឹកជំនន់​

spot_img

​ភ្នំពេញ ៖ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) នៅ​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០២០ បានចេញ​សេចក្តីណែនាំ ស្តីពី​ការពង្រឹង​វិធានការ​ការពារ និង​ទប់ស្កាត់​គ្រោះថ្នាក់ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល និង​ក្រោយពេល​គ្រោះទឹកជំនន់​។
​បើតាម​សេចក្ដីណែនាំ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) សូម​ជម្រាបជូន​ដល់​សាធារណជន​មេត្តា​ជ្រាបថា យោងតាម​ការសង្កេត​តាមដាន និង​ព្យាករណ៍​អាកាសធាតុ ដែល​បានបង្ហាញ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​មកលើ​កម្ពុជា បានធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ស្ទើរ​ទូទាំងប្រទេស ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន កំពុង​រង​ឥទ្ធិពល​ទឹកភ្លៀង​បង្ក​ជា​ទឹកជំនន់​ដូចជា ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន​។​

​ក្នុងពេល និង​ក្រោយពេល​ទឹកជំនន់ មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មួយចំនួន ត្រូវបាន​ប្រទះឃើញ ដោយសារ​ការហូរ​ច្រោះ​ដី រសាត់​មកពី​តំបន់​ដែលមាន​មីន ប្រឆាំង​មនុស្ស មីន​ប្រឆាំង​រថក្រោះ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាច្រើន​ប្រភេទ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ជាយថាហេតុ ជាពិសេស​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​តំបន់​ដែល​រង​ផល ប៉ះពាល់​ដោយសារ​មីន និង​សំណល់ ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​ដើម្បី​ទប់ស្កាត់បាន​នូវ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល​និង​ក្រោយ ពេល​គ្រោះទឹកជំនន់ អាជ្ញាធរ​មីន សូម​ធ្វើ​ការណែនាំ ដល់​គ្រប់​គណៈកម្មាធិការ​សក​ម្ម​ភាព​មីន​ខេត្ត គ្រប់ ប្រតិបត្តិ​ករ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​អង្គការ​ពាក់ព័ន្ធ ចូលរួម​សហការ​អនុវត្ត​នូវ​វិធានការណ៍​មួយចំនួន ដូចខាងក្រោម​៖

១) បន្ត​តាមដាន​ជាប្រចាំ​នៅតាម​ទីទួល​សុវត្ថិភាព និង​កន្លែង​ទំនាប​នានា​ដែល​ប្រជាពលរដ្ឋ​ស្នាក់​-​នៅ និង​ឆ្លងកាត់ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

២) ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា និង​កុមារី ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​ពេល​ប្រទះឃើញ គ្រាប់​ទាំងនោះ សូម​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិ​ករ​បោស សម្អាត​មីន​ដែល​នៅ​ទីនោះ​ជាបន្ទាន់ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​។​

៣) រៀបចំ​ខ្លឹមសារ​ផ្សព្វផ្សាយ និង​ផលិត​ជា​សម្ភារ​អប់រំ សម្រាប់​ផ្តល់ជូន​ភ្នាក់ងារ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បណ្តាញ​មីន​ស្ម័គ្រចិត្ត​សហគមន៍ លោកគ្រូ អ្នកគ្រូ ដើម្បី​ជា​មធ្យោបាយ​សម្រាប់​ធ្វើការ​អប់រំ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ក្នុង​តំបន់​រងគ្រោះ ដោយសារ​ទឹកជំនន់​។​

៤) ធ្វើការ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងការ​ប្រមូល​យកទៅ​កំទេចចោល​នូវ​មីន និង​សំណល់ ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​។​

៥) ដាក់​ស្លាក​សញ្ញា​សំគាល់​ជាបន្ទាន់ នៅតាម​តំបន់​សង្ស័យ​មាន​មីន និង​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​អាច​ហូរ​តាម​ទឹក និង​ដីល្បាប់ ដើម្បី​ទប់ស្កាត់​កុំ ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​ស្នាក់នៅ ឬ ឆ្លងកាត់​។​

៦) បន្ត​ចុះ​អប់រំ​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឲ្យ​បាន​ជាប់​ជាប្រចាំ ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងស្នាក់នៅ​បណ្តោះអាសន្ន តាម​ទីទួល សុវត្ថិភាព​នានា ក៏ដូចជា​តំបន់ ដទៃទៀត​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល និង​ក្រោយពេល គ្រោះទឹកជំនន់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×