ស្ទឹងត្រែង៖ជនដៃដល់ម្នាក់ពាក់ព័ន្ធករណីសម្លាប់មនុស្សនៅទីក្រុងភ្នំពេញ កាលពីកន្លងទៅ ត្រូវបានសមត្ថកិច្ចនគរបាលតាមចាប់ខ្លួន ដល់ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការចាប់ឃាតករម្នាក់មកលាក់ខ្លួននៅចំណុចអូរខ្លុងគីឡូម៉ែត្រលេខ ៩ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ឃាតករឈ្មោះផល បញ្ញា អាយុ ៣១ ឆ្នាំ បានសម្លាប់ជនរងគ្រោះឈ្មោះហន ចាន់រស្មី ដោយប្រើញញួរដែក វាយចំក្បាលសៀតផ្កា និងផ្នែកខាងក្រោយនៃក្បាល បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
លោកង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវ ក្រោយកើតហេតុ នៅពេលដឹងព័ត៌មានថា ជនសង្ស័យបានមកពួន នៅទឹកដីខេត្តស្ទឹងត្រែង ក្រោយធ្វើសកម្មភាពរួចមិនបានប៉ុន្មានថ្ងៃផង ។
លោកជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងផ្ទាល់សហការជាមួយអធិការដ្ឋានខណ្ឌឫស្សីកែវ និងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្តស្ទឹងត្រែង ទើបឃាត់ខ្លួនឃាតករបានទាំងយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអូខ្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។
លោកដួង ស៉ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា នេះជាអំពើឃាតកម្ម គឺបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយឃាតករដែលជាជនដៃដល់នោះ ក្រោយធ្វើសកម្មភាពបានរត់គេចមកពួននៅចំណុចខាងលើ ដោយមានការបញ្ជាផ្ទាល់ពីលោកង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងសហការជាមួយ នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ត ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្ត ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យបាន។
លោកបន្តថា ក្រោយមកកម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃ បាននាំជនសង្ស័យទៅរាជធានីភ្នំពេញវិញទាំងយប់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សុខុម