Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ដឹកនាំ​មន្ត្រី​ជំនាញ​ពិនិត្យ​ស្ថានភាព​ទឹក​កំពុង​ហក់​ឡើង​ខ្ពស់ និង​រក​ដំណោះស្រាយ​ជម្លៀស​ទឹកជំនន់​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ

spot_img

​តាកែវ​៖ ដោយសារតែ​ប្រទេស​កម្ពុជា​កំពុង​រង​សម្ពាធ​ទាប​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​ជាប់​គ្នា បណ្តាល​ឲ្យ​ស្ថានភាព​ទឹកជំនន់​កំពុង​គំរាមកំហែង និង​បន្ត​ជន​លិច​នៅ​តំបន់​មួយចំនួន​នៅក្នុង​ខេត្តបាត់តំបង ពោធិ៍សាត់ បៃ​លិ​ន និង​ខេត្ត​ផ្សេងៗ​ទៀត ក្នុងនោះ​ក៏មាន​ខេត្តតាកែវ នៅ​ស្រុក​បាទី និង​ស្រុក​សំរោង ក៏​កំពុង​តែង​រង​ការគំរាមកំហែង​ពី​ជំនន់​ទឹកភ្លៀង​ដែរ ហើយ​អាជ្ញាធរ និង​មន្ត្រីរាជការ ក្នុង​ខេត្ត កងកម្លាំងប្រដាប់អាវុធ ៣​ប្រភេទ រួម​ជាមួយនិង​បងប្អូន​ប្រជាពលរដ្ឋ កំពុងតែ​មមាញឹក​ញាប់​ដៃ​ញាប់ជើង ក្នុង​ការចុះ​បើកមុខ​ទឹក និង​កាប់​អាច៍​ដី​ច្រក​ដាក់​បាវ លើក​ទប់ទឹក​ជំនន់​ផងដែរ កាលពី​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០២០ នៅ​ទំនប់ទឹក​ក្បាល​សែន ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ ។​

​ថ្លែង​ក្នុងពេល​ចុះ​ធ្វើ​សកម្មភាព​ជាមួយ​មន្ត្រីរាជកា​រ កងកម្លាំង និង​បងប្អូន​ប្រជាពលរដ្ឋ​រួមគ្នា​កាប់​អាចម៍ដី​ច្រក​បាវ​លើក​ជា​ទំនប់ ដើម្បី​ទប់ទឹក​ជំនន់​ដែល​កំពុង​គំរាមកំហែង​នោះ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា ចំពោះ​ជំនន់​ទឹកភ្លៀង​នេះ គឺ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ សុខ​សុវត្ថិភាព របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ការ​ជន់​លិច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ​ផ្សេងៗ និង​ការពារ​កុំ​ឲ្យ​មានការ​បាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​បន្ថែមទៀត ។

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​សូម​ធ្វើការ​អំពាវនាវ​ឱ្យ​មន្ទីរជំនាញ​ពាក់ព័ន្ធ នៅក្នុង​ខេត្តតាកែវ ត្រូវ​ត្រៀម ការងារ​ទប់ស្កាត់​គ្រោះមហន្តរាយ គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ដែល​នឹង​អាច​កើតឡើង ជាយថាហេតុ​។ ហើយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​ត្រៀម​ត្រួត​ពិនិត្យមើល អំពី​ស្ថានភាព​ទឹកជំនន់ ហើយ​ត្រូវ​រាយការណ៍ មក​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​ត្រៀម​បង្ការ​ឆ្លើយតប​ដោះស្រាយបាន​ទាន់ពេលវេលា​។ ហើយ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ត្រៀម​ថ្នាំ​បង្ការ នៃ​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ​នា​រដូវ​ទឹកជំនន់​ទឹកភ្លៀង​នេះ ដោយឡែក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ត្រូវ​ត្រៀមលក្ខណៈ គ្រប់គ្រាន់ ដើម្បី​ជួយ​សម្រួល​ទាំង​មុន​និង​ក្រោយ​ទឹក​ជន់​លិច​ផ្លូវ និង​បង្កលក្ខណៈ​ងាយស្រួល ឲ្យ​ប្រជាពលរដ្ឋ ចរាចរណ៍​បានល្អ​ប្រសើរ​ឡើងវិញ​។ ចំណែកឯ​បងប្អូន​ប្រជាពលរដ្ឋ ក៏​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា ជាពិសេស ត្រូវយក​ចិត្ត​ទុក្ខ​ដាក់​ថែទាំ​សុខភាព និង​រស់នៅ​ប្រកបដោយ​អនាម័យ ដើម្បី​ជៀសវាង​កើតមាន​ជំងឺ​តម្កាត់​ផ្សេងៗ​៕​ដោយ​៖​តាកែវ​

 

spot_img
×