Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី CaPFish-Capture និង CaPFish Aquaculture ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ចំនួន ៨៧​លាន​អឺរ៉ូ​

spot_img

​ភ្នំពេញ ​៖ ​កម្មវិធី CaPFish-Capture និង CaPFish Aquaculture ត្រូវ​បានទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ចំនួន ៨៧​លាន​អឺរ៉ូ សម្រាប់​រយៈពេល ៦​ឆ្នាំ​។ កម្មវិធី​នេះ​មាន​គោលបំណង​ចំបង​គាំទ្រ​នូវ​ឆន្ទ​:​សម្រេច​ឲ្យ​បានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​បរិ​យា​ប័ន្ន​នៃ​វិស័យ​វារីវប្បកម្ម​ដើម្បី​ចូលរួម​ធានា​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ជលផល​។​

យោង​លើ​កម្មវិធី​ដ៏​មាន​សារសំខាន់​មួយ​នេះ នា ត្រូវ​នឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ វេ​ង សាខុន និង​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ចម្រុះ​រវាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ សហភាព​អឺរ៉ុប និង​តំណាង​អង្គការ AFD FAO និង UNIDO អញ្ជើញ​មកកាន់​ទឹកដី​អង្គរ ក្នុង​បំណង​ចុះមក​ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្ម វិធី​ខាងលើ​នៅតាម​ចំណុច​គោលដៅ​នៃ​កម្មវិធី​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖

​កម្មវិធី​ទី​១៖

​អញ្ជើញ​ចុះមក​ពិនិត្យ​សិប្បកម្ម​កែច្នៃ​ផល និង​ផលិតផល​ជលផល របស់លោក សំណាង សុធា (​លេខ​ទំនាក់ទំនង ០៩២ ៤២២ ៤០៤) ភូមិ​អា​រ៉ា​ញ់ ឃុំ​សៀមរាប ក្រុង​សៀមរាប​។ លោក​សុធា បាន​ឲ្យ​ដឹងថា​សិប្ប​កម្មនេះ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៤ ជា​លក្ខណ​គ្រួសារ ជា​បណ្តើរៗ​ដោយ​ទទួលបាន​ការគាំទ្រ​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ជលផល​ទាំង​បច្ចេកទេស​កែច្នៃ គោលការណ៍​ណែនាំ​ស្តីអំពី​ការអនុវត្ត​អនាម័យ​ល្អ​(Good Hygiene Practices) ការអនុវត្ត​ផលិតកម្ម​ល្អ (Good Manufacturing Practices) និង​គោលការណ៍ HACCP (Hazard Analysis Critical Control Point) និង​ជាពិសេស​តម្រូវការ​ទីផ្សារ​ខ្ពស់​។ បច្ចុប្បន្ន លោក​សុធា មាន​ផលិត​ត្រីងៀត​ត្រី​អណ្តែង ផ្អក​ត្រី​ប្រា ប្រហុក ម៉ាំត្រីរ៉ស់ និង​ត្រី ផាត់ ដោយ​ប្រើប្រាស់​ផល និង​ផលិតផល​ជលផល​ក្នុងស្រុក​ទាំងស្រុង ជា​មធ្យម​ពី ៩០- ១០០​តោន​/​ឆ្នាំ (​ត្រី​ចំរុះ​គ្រប់​ប្រភេទ​) ផល​ត្រី​ទាំងនោះ​ភាគច្រើន​ទទួល​ទិញ​ពី​កសិដ្ឋាន​ចិញ្ចឹម និង​ប្រជា​នេសាទ​នៅ​មូលដ្ឋាន​នេះ​ផ្ទាល់​។ ផលិតផល​កែច្នៃ​ទាំងអស់​យកទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប​ទាំង មូលប្រមាណ ៥០% រាជធានី​ភ្នំពេញ ៣០% និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ២០%​។ ចំណូល​ដែល​បានមកពី​សិប្ប​កម្មនេះ​ជា​មធ្យម​ជាង ៥០ ០០០​ដុល្លារ ហើយ​លោក​គ្រោង​នឹង​បង្កើន​បរិមាណ​ផលិត ១០% រៀងរាល់ឆ្នាំ​។

​ក្រោយពី​បាន​អញ្ជើញ​ពិនិត្យឃើញ​ទិដ្ឋភាព​ជារួម​របស់​សិប្បកម្ម​កែច្នៃ និង​សកម្មភាព​ជាក់ស្តែង រួចមក​ឯកឧត្ដមរ​ដ្ឋ​មន្ត្រី និង​លោកជំទាវ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹង ប្រែង ជំនះបាន​នូវ​រាល់​ឧបសគ្គ​គ្រប់បែបយ៉ាង​ឈាន​មក​សម្រេចបាន​ជោគជ័យ​ដូច​អ្វីដែល​យើង​បានឃើញ​នាពេលនេះ​។ ភាពជោគជ័យ​នេះ វា​ពិតជា​បាន​ចូលរួមចំណែក​បំពេញ​ឲ្យ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុង​ខេត្ត កាត់បន្ថយ​ការនាំ​ចូល ជួយ​ជំរុញ​ផលិតកម្ម​វារីវប្បកម្ម​ក្នុងស្រុក បង្កើន​ចំណូល បង្កើត​ការងារ ចូលរួម​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម និង​ជាពិសេស​បាននិងកំពុង​ចូលរួម​អនុវត្ត​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាពេល​ថ្មីៗ​កន្លងមកនេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​លោក​សុធា ត្រូវ​បន្ត​រក្សា​មុខរបរ​នេះ និង​គួរ​ពង្រីក​ផលិតកម្ម​បន្ថែម​ដើម្បី​បំពេញ​ឲ្យ​តម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត​។ មួយវិញទៀត សិប្បកម្ម​កែច្នៃ​ផល និង​ផលិតផល​ជល ផល នេះ​គឺជា​សិប្បកម្ម​មាន​លក្ខណ​ជា​តំបន់ (​ប្រហុក​សៀមរាប​) ដែល​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ហើយ​ជា​ប្រភព​ចំណូល​ក្នុង​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​យ៉ាង​ល្អប្រសើរ​។ ឆ្លៀត​យក​ឱកាស​នេះ លោក​បាន​ណែ​នាំឱ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ជួយ​ធ្វើ​ទីផ្សារ​ដើម្បី​រក្សា​និរន្តរភាព​ផលិតកម្ម​កែច្នៃ ជាពិសេស​ផលិតកម្ម​ចិញ្ចឹម​ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ឲ្យ​សិប្បកម្ម ហើយ​គួរ​ជួយ​រៀបចំ QR Code ដើម្បី​បង្ហាញ​ពី​ខ្សែ​ច្រវាក់​ផលិតកម្ម អនាម័យ និង​ប្រភព ដែល​ផ្គ​ល់​ជំនឿ​ទុកចិត្ត​សម្រាប់​អ្នក​បរិភោគ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឲ្យ​គិតគូ​ពី​ការកែច្នៃ​នៅនឹងកន្លែង ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ កាត់បន្ថយ​ភាព​ជន់​ជោ​នៃ​ផល​ចាប់​នៅ​រាល់​រដូវ​ប្រមូល​ផល​។

​នាឱកាស​នេះ លោកជំទាវ​ក៏មាន​ចំណាប់អារម្មណ៍​ដែលមាន​ខ្លឹមសារ​ថា កម្ពុជា​ជា​ប្រទេស​សម្បូរ​ធនធានទឹក មានទឹក​ត្រូវមាន​ត្រី ប៉ុន្តែ​ដោយសារ​ការប្រែប្រួល​អាការ​ធាតុ ការកើនឡើង​សេចក្តីត្រូវការ​ផល​ត្រី ការរីកចម្រើន​សេដ្ឋ កិច្ច ធ្វើ​ឲ្យ​បរិមាណ​ផល​ចាប់ពី​ធម្មជាតិ​មានការ​ខ្វះខាត ឬ​ធ្លាក់ចុះ ដូច្នេះ​មានតែ​វិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ ទេ​ទើប​អាច​ធានា​ការផ្គត់ផ្គង់​ឲ្យ​សេចក្តីត្រូវកា​រទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។ ព្រមជាមួយ​គ្នា​នោះ យើង​ក៏​មិនគួរ​មើលរំលង​លើ​ការងារ​អភិវឌ្ឍ និង​អភិរក្ស​មេ​ពូជ​ត្រី រក្សា ការពារ តំបន់​អភិរក្ស​ពូជ​ត្រី រក្សា ការពា​ព្រៃ​លិច​ទឹក ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ហើយ​ងាក​មក​ជំរុញ និង​លើកទឹកចិត្ត​ការចិញ្ចឹម​ត្រី​គ្រប់​រូបភាព​ទាំង​ជា​លក្ខណ​គ្រួសារ និង​កសិដ្ឋាន​ធំៗ រួមទាំង​សិប្បកម្ម​កែច្នៃ​។

​ក្នុងឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ​បាន​ចែក​ទូក​ម៉ាស៊ីន​ចំនួន ១០ ជូន​ដល់​មន្ត្រីជលផល​សម្រាប់​យកទៅ​ប្រើប្រាស់​តាម​ការ​ចាំ​បា​ច់ ហើយ​លោក​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជួយ​ថែរក្សា ប្រើ​ឲ្យ​ចំ​គោលដៅ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×