Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ដំណាំ​ស្រូវ ចំនួន​៦៧​ហិកតា នៅ​ស្រុក​ចន្ទ្រា តែ​នៅ​មិនទាន់​ដល់​ការប្រកាសអាសន្ន​នោះទេ

spot_img

​ស្វាយរៀង​៖​ជំនន់​ទឹកភ្លៀង​នៅ បាន​ប៉ះពាល់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ ចំនួន​៦៧​ហិកតា ស្ថិតនៅក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង​។​

​លោក សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្វាយរៀង បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ១២​ខែតុលា​ឆ្នាំ ២០២០​នេះ​ថា ក្រុមការងារ​មន្ទីរ​ក​សិ​កម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​អាជ្ញាធរ​ស្រុក​ចន្ទ្រា​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ដោយ​ផ្អែកលើ​របាយការណ៍ របស់លោក​មេឃុំ​ចន្ទ្រា និង​ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​មានការ​បើកទ្វារ​ទឹក​មកពី​ខាងលើ មាន​អាងទឹក​ដូន​ទយ អាងទឹក​ធ្លក​កំបុត និង​អាងទឹក​ស្វាយ​យា​បណ្ដាល​ឲ្យ​លិច​ស្រូវ​របស់​ប្រជាពលរដ្ឋ និង​ដោយសារ​តំបន់​នោះ ជា​តំបន់​ធ្វើ​ស្រូវប្រដេញទឹក​រៀងរាល់ឆ្នាំ​នៅ​ខែវិច្ឆិកា ប៉ុន្តែ​ពួកគាត់​បានធ្វើ​ស្រូវប្រដេញទឹក​នៅ​ដើមខែ​កញ្ញា ដោយសារ​ពួកគាត់​ខ្លាច​ខ្វះ​ទឹកជា​ហេតុ​នាំ​ឲ្យ​ជួប​បញ្ហា​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង (​ស្រូវ​អាយុកាល​២០​ថ្ងៃ​)​។​

​លោក​បាន​បន្តថា ដោយ​ផ្អែក​តាម​ការពិនិត្យ​ជាក់ស្តែង​ផ្ទៃដី​សរុប​ពីរ​ភូមិ​មាន​ចំនួន ៦៧​ហិកតា​ប៉ះពាល់ ៣៥​ហិកតា ខូចខាត​សរុប ៣២​ហិកតា​ស្មើនឹង ២៦​គ្រួសារ​។ ក្នុងនោះ​ភូមិ​សែន​ត ផ្ទៃដី​សរុប​៣៥​ហិកតា ប៉ះពាល់​សរុប​២៥​ហិកតា ខូចខាត​ទាំងស្រុង​១០​ហិកតា ស្មើ​១០​គ្រួសារ​, ភូមិ​ចន្ទ្រា​ផ្ទៃដី​សរុប​៣២​ហិកតា ប៉ះពាល់​១០​ហិកតា ខូចខាត​ទាំងស្រុង​២២​ហិកតា​ស្មើ​១៦​គ្រួសារ ផ្ទៃដី​ដែល​ប៉ះពាល់​និង​ខូចខាត​មាន​ទីតាំង​តាម​មាត់​អូរ​និង​បឹង​។​

​លោក​បាន​បន្តថា ក្នុងនាម​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត តែងតែ​ជំរុញ​ឲ្យ​កសិករ​យកចិត្តទុកដាក់ ស្ដាប់​តាម​ការណែនាំ​របស់​ការិយាល័យ​កសិកម្ម​ស្រុក ដូចជា​មន្ទីរ​កសិកម្ម​ខេត្ត​និង​ការព្យាករណ៍​ឧតុនិយម មុន​សម្រេចចិត្ត​ធ្វើ​ការដាំដុះ និង​ជ្រើស​ពូជ​ដែល​ធន់​នឹង​ការរាំងស្ងួត ទឹកជំនន់​និង​ត្រៀម​ពូជ​សម្រាប់ធ្វើ​ការដាំដុះ​ស្ដារឡើងវិញ​នៅពេល​ទឹក​ស្រក​។​

​លោក​ណុប ទូច អនុប្រធាន​មន្ទីរ​ធនធាន​ទឹកនឹង​ឧតុនិយម​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ចំពោះ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តស្វាយរៀង មិនទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ឥឡូវ​លោក​កំពុងតែ​ចុះ​ពិនិត្យមើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​៕ ដោយ​៖​វ៉ៃ​កូ​


spot_img
×