Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន អះអាងថា EBA គង់​មាន​ថ្ងៃ​ណាមួយ​នឹង​បាត់បង់ តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​គឺ​នៅ​ជា​រៀងរហូត​

spot_img

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព​នា ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ ២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ស្វាគមន៍ នឹង​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ឯកឧត្តម វ៉ាង យី (Wang Yi)​ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ចិន​។

​ក្នុងជំនួប​នោះ ឯកឧត្តម វ៉ាង យី បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ស៊ី ជិន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន និង​ឯកឧត្តម លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន ជូន​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បាន​ឯកឧត្តម​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំ​សួរសុខទុក្ខ​ពី​សំណាក់​ប្រជាជន​ចិន​ជូន​ចំពោះ​សម្ដេច​តេ​ជោ​ថែមទាំង​បាន​ជូនពរ​សម្ដេច​តេ​ជោ​ឲ្យ​ទទួលបាន​នូវ​សុខ​ភាពល្អ​បរិបូ​ណ៍ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅមុខ​បន្តទៀត​។

​ឯកឧត្តម វ៉ាង យី បាន​មានប្រសាសន៍​បន្តទៀតថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្ដេច​តេ​ជោ​ទៅកាន់​ប្រទេស​ចិន​កាលពី​អំឡុង​ខែ​កុ​ម្ភះ​កន្លងទៅនេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ដ៏​ល្អ​របស់​សម្ដេច​តេ​ជោ​ចំពោះ​ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន​។ លើសពីនោះ​ទៅទៀត បានបង្ហាញ​នូវ​ភាពស្និទ្ធស្នាល​មិត្តភាព​ដ៏​រឹងមាំ​នៃ​ទំនាក់ទំនង​និង​ការយកចិត្តទុកដាក់រ​វាង​កម្ពុជា និង​ចិន​ផងដែរ​។​

លើសពីនេះទៅទៀត ឯកឧត្តម​បាន​បញ្ជាក់ថា​នេះ​គឺជា​សណ្តាន​ទឹកចិត្ត​មួយ​របស់​សម្ដេច​តេ​ជោ​មិន​ត្រឹមតែ​ចំពោះ​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ គឺ​ចំពោះ​ប្រជាជន​ទូទាំង​ពិភពលោក​តែម្ដង​ជាក់ស្តែង កន្លងមក​ដូចជា​ការទទួល​ប្រជាជន​ជាប់​នៅ​នាវា Westerdam ដែល​ឆ្លុះបញ្ចាំង​សន្ដាន​ចិត្ត​មនុស្សធម៌​របស់​សម្ដេច​តេ​ជោ​ដែល​នៅពេលនោះ​អន្តរជាតិ​ទាំងមូល​បាន​ទទួលស្គាល់ថា​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​ដ៏​តូច​មួយ​តែមាន​បេះដូង​ធំ​។

​ឯកឧត្តម​ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​អំពី​កិច្ចពិភាក្សា​រវាង​ឯកឧត្តម​ផ្ទាល់​ជាមួយនឹង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ចិន លើ​គ្រប់​វិស័យ​និង​មាន​ភាពទូលំទូលាយ​។

​ឯកឧត្តម​បាន​មានប្រសាសន៍ថា​កិច្ចសហប្រតិបត្តិការ​នេះ​បាន​ឈានទៅដល់​ការយល់ព្រម​ពី​ភាគី​ទាំងពីរ​ថា​នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។ លើសពីនេះទៅទៀត ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ចិន​នៅតែ​បន្ត​គាំទ្រ​កម្ពុជា​យ៉ាងរឹងមាំ ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​រក្សាបាន​នូវ​អធិបតេយ្យភាព​ថ្លៃថ្នូរ​រ​បស់​កម្ពុជា​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ស៊ី ជី​ង​ពីង ប្រធានាធិបតី​និង ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី និង​ប្រជាជន​ចិន ដែល​សួរសុខទុក្ខ​ចំពោះ​សម្ដេច​ផ្ទាល់​។ សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ការវាយតម្លៃ​ខ្ពស់ នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​។
​សម្ដេច​តេ​ជោ​ក៏បាន​អបអរសាទរ​ចំពោះ​មិត្ត​ចិន​ដែល​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ covid-19​។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ប្រទេស​ចិន​មាន​ប្រជាជន ជាង 1000 លាន​នាក់​ប៉ុន្តែ​អ្នក​ដែល​ទទួលរង​នូវ​ជំងឺ​នេះ​មាន​ភាគរយ​តិច​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ ក្នុងន័យនេះ​ប្រទេស​ចិន​គឺមាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​បាន​ទប់ស្កាត់​ជំងឺ​កូ​វី​-19 បាន​ជោគជ័យ​។
​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សំដែង​នូវ​ការគាំទ្រ និង​អបអរសាទរ​ចំពោះ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​រវាង​ឯកឧត្តម វ៉ាង យី ជាមួយនឹង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​។
​សម្ដេច​តេ​ជោ​ក៏បាន​ជម្រាបជូន​ឯកឧត្តម វ៉ាង យី អំពី​ដំណើរការ​នៃ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ដំណើរការ​សេដ្ឋកិច្ច​របស់​កម្ពុជា​។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ គឺ​ទទួលបាន​ជោគជ័យ​ប្រជាជន​កម្ពុជា​បាន​អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល គោលការណ៍​របស់​ក្រសួងសុខាភិបាល ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏មាន​យន្តការ​ច្បាស់លាស់​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីភាពរីករាយចំពោះ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ចិន នាពេលនេះ ដោយសម្តេចបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់ លើកលែងតែអាវុធ (EBA) ដែលផ្តល់ដោយសហភាពអឺរ៉ុប គង់តែបាត់បង់នៅថ្ងៃណាមួយមិនខាន ប៉ុន្តែពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងនៅជាប់ជារៀងរហូត។

​ជាទី​បញ្ចប់​សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន ដែល​បាន​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ការចុះហត្ថលេខា​នៅ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្ងៃនេះ ពិត​ជាមាន​សារសំខាន់​ណាស់ សម្ដេច​តេ​ជោ​ក៏បាន​បញ្ជាក់ថា” EBA គង់​មាន​ថ្ងៃ​ណាមួយ​នឹង​បាត់បង់ តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​គឺ​នៅ​ជា​រៀងរហូត​”៕​

ដោយ៖បញ្ញាស័ក្តិ

 

spot_img
×