Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​ភ្លើង​ឆេះ​ផ្សារ​សែន​មនោ​រម្យ​ខេត្ត​មណ្ឌល​គី​រី ស្លាប់​មនុស្ស ២​នាក់ និង​របួស ៣​នាក់​ (Video inside)

spot_img

​ខេត្តមណ្ឌលគិរី​៖ មន្ត្រី​នៃ​រដ្ឋបាលខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹងថា គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ រថយន្ត​ពន្លត់អគ្គីភ័យ ឬ​ឡានទឹក​ចំនួន ៤​គ្រឿង នៅតែ​បន្ត​បូមទឹក​យកទៅ​ពន្លត់ ភ្នក់ភ្លើង ដែល​ឆេះ​ផ្សារ​សែន​មនោ​រម្យ កាលពី​វេលា​រំលង​អា​ធ្រា​ត​យប់​ដដែល​នេះ ទោះបីជា​អគ្គីភ័យ​បាន​រលត់​ទាំងស្រុង​ទៅហើយ​ក្ដី ប៉ុន្តែ​នៅតាម​គំនរ​ផេះ គឺ​នៅមាន​ភ្លើង និង​ផ្សែងហុយ​ចេញ​នៅឡើយ​។ សមត្ថកិច្ច​ពន្លត់អគ្គីភ័យ ថ្លែងថា អគ្គីភ័យ​នេះ នៅតែ​ជា​បញ្ហា​ត្រូវ​ព្រួយបារម្ភ ព្រោះ​ខ្លាច​ឆេះ​រីក​រាលដាល​ជាថ្មីទៀត ដែល​ចាំបាច់​ត្រូវ​ពន្លត់ភ្លើង​នេះ​ឲ្យ​រលត់​ទាំងស្រុង ដើម្បី​បង្ការ​។​

​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត មណ្ឌល​គី​រី កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១០ ខែកុម្ភៈ បាន​ចុះសួរសុខទុក្ខ​ក្រុមអាជីវករ​ទាំង ២០៩​គ្រសារ ដែល​រងគ្រោះ​ក្នុង​អគ្គីភ័យ​មួយ​នេះ​។ នាឱកាស​នោះ លោក​បាន​នាំយក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ការចូលរួម​រំលែក​ទុក្ខ ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា​ផងដែរ​។​

​ក្នុង​សកម្មភាព​ចុះសួរសុខទុក្ខ​នេះ ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​នាំយក​អំណោយ​រួម និង​ថវិកា​មួយចំនួន រួមមាន​៖ គ្រឿងឧបភោគ​-​បរិភោគ មុង​ភួយ តង់ ព្រមទាំង​ថវិកា​មួយចំនួន យកទៅ​ផ្ដល់ជូន​ជនរងគ្រោះ ដើម្បី​ជួយ​សំរាលទុក្ខ​លំបាក​។ ចំណែក​ក្រុមគ្រួសារ​ជនរងគ្រោះ​បាត់បង់​ជីវិត ក្នុង​ឧបទ្ទវហេតុ​អគ្គីភ័យ ចំនួន ២​គ្រួសារ បានទទួល​បានទទួល​ថិ​វ​កា​ក្នុង ១​គ្រួសារៗ​ចំនួន ២​លាន​រៀល និង​អ្នករងរបួស​ទទួលបាន​ថវិកា​ម្នាក់ៗ ១​លាន​រៀល​។ សរុបថ​វិកា ដែល​កាកបាទក្រហមកម្ពុជា បាន​ជួយ​ដល់​ជនរងគ្រោះ​ក្នុង​ជំ​ហ៊ាន​ដំបូង​នេះ មាន​ចំនួន​ជាង ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​កាលពី​វេលា​រំលង​អា​ធ្រា​ត ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​មនុស្ស​ចំនួន ២​នាក់ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ភ្នក់ភ្លើង និង​របួសធ្ងន់​៣​នាក់ ដោយសារ​អគ្គីភ័យ​ឆាបឆេះ​ផ្សារ​សែន​មនោ​រម្យ នា​ខេត្ត​មណ្ឌល​គី​រី​។ អគ្គីភ័យ​នេះ សមត្ថកិច្ច​នគរបាល​ខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹងថា បានធ្វើ​ឲ្យ​មានការ​ខូច​ខាត់​ទ្រព្យសម្បតិ របស់​ក្រុមអាជីវករ​ខ្ទង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​ឆេះ​តូប -​ផ្ទះ​លក់ដូរ​ចំនួន ២០៩​ខ្នង បាន​ឆាបឆេះ​ទាំងស្រុង ក្នុង​ចំនួន​សរុប ២២០​តូប​-​ផ្ទះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក សំណាង ស្នងការ​ខេត្ត​មណ្ឌល​គី​រី បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដល់​អាយុជីវិត​មានឈ្មោះ សេង ម៉ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ ទូច ណា​វីន ភេទ​ប្រុស អាយុ​១៣ ឆ្នាំ ជនជាតិខ្មែរ​។ ចំណែក អ្នករងរបួស​មានឈ្មោះ ងូវ ពិសី ភេទ​ស្រី អាយុ​២៣ ឆ្នាំ ជនជាតិខ្មែរ​។ ឈ្មោះ ម៉ក់ សេង វ៉ុ​ន ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ម៉ក់ សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខែ្មរ​។​

​យ៉ាងណា​ក៏ដោយចុះ លោក អ៊ុក សំណាង មិនទាន់​សន្និដ្ឋាន​ទៅលើ​អគ្គីភ័យ ដែល​បាន​ឆាបឆេះ​ផ្សារ​សែន​មនោ​រម្យ កាល​អា​ធ្រា​ត​ថ្ងៃទី​១០ ខែកុម្ភៈ បណ្តាលមកពី​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​បញ្ជាក់​ខ្លី​ថា អគ្គីភ័យ​នេះ សមត្ថកិច្ច​ជំនាញ​មួយក្រុម​កំពុងបើក​ការស៊ើបអង្កេត ស្រាវជ្រាវ​រក​មូលហេតុ​ពិត នាំ​ឲ្យ​កើតមាន​ភ្លើង​ឆេះ​ផ្សារ​សែន​មនោ​រម្យ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន ទើប​ប្រកាស​ឲ្យ​ដឹង​ជា​ក្រោយ​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×