Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ៖ ក្រសួងមហាផ្ទៃ ទាមទារ​ឲ្យ​មាន​អ្នកច្បាប់​មក​ចូលរួម​ជួយ​ច្រើន ដើម្បី​ធានាថា​គ្រប់​កិច្ចការ​គឺ​ត្រូវតែ​អនុវត្ត​តាមច្បាប់ មិនមែន​ទៅតាម​មាត់​បុគ្គល​នោះទេ​

spot_img

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជូន​ប្រតិភូ​គណៈមេធាវី​នៃ​ព្រះរាជា​ណា​ច​កម្ពុជា ដឹកនាំ​ដោយ​លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី ចូលជួប​សម្ដែង​ការគួរសម នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ស្វាគមន៍​សម្ដេច​ក្រឡាហោម បានចាត់ទុក​ការអញ្ជើញ​មក​ក្រសួងមហាផ្ទៃ​របស់​ប្រតិភូ​គណៈមេធាវី​កម្ពុ​ជានា​ថ្ងៃនេះ ថា​ជាការ​ផ្ដួចផ្ដើម​មួយ​ដ៏​ល្អប្រសើរ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ភាគី​ទាំងពីរ បាន​ជួប​ជែក​ពិភាក្សា​រួមគ្នា​ទាំង​នៅក្នុង​ពេលនេះ និង​សម្រាប់​ពេលខាងមុខ​ដើម្បី​បុព្វហេតុ​ពង្រឹង​យុត្តិធម៌​សង្គម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្ដេច​ក៏បាន​ថ្លែង​អបអរសាទរ​ចំពោះ​ជោគជ័យ​ទាំងឡាយ​ដែល​គណៈមេធាវី​កម្ពុជា ក្នុង​រយៈពេល​កន្លងមក ក៏ដូចជា​នៅក្នុង​អាណត្តិ​បច្ចុប្បន្ននេះ បាន​បំពេញការងារ​ជាច្រើន​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម​។ សម្ដេច​បាន​មានប្រសាសន៍ថា​នៅ​ក្រសួងមហាផ្ទៃ​ក៏មាន​ឯកឧត្តម ប៊ុន ហុន អតីត​ប្រធាន​គណៈមេធាវី បាន​មកជួយ​ការងារ​ច្បាប់​ក្រសួង​ក្នុងឋានៈ​ជា​រដ្ឋលេខាធិការ​ដែរ​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា​ក្រសួងមហាផ្ទៃ គឺជា​ក្រសួង​ដែល​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ច្បាប់​ច្រើន ទាំង​ការកសាង​ច្បាប់ និង​ការអនុវត្ត​ច្បាប់ ដែល​ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​។ ដូច្នេះ​ក្រសួង​ក៏​ទាមទារ​ឲ្យ​មាន​អ្នកច្បាប់​មក​ចូលរួម​ជួយ​ច្រើន ក្នុងនោះ​ក្រសួង​ក៏មាន​ក្រុមប្រឹក្សា​នីតិកម្ម ដើម្បី​ធានាថា​គ្រប់​កិច្ចការ​គឺ​ត្រូវតែ​អនុវត្ត​តាមច្បាប់ មិនមែន​ទៅតាម​មាត់​បុគ្គល​នោះទេ​។​

​លោក សួន វិសាល ប្រធាន​គណៈមេធាវី​កម្ពុជា បាន​មានប្រសាសន៍​រាយការណ៍​ជូន​សម្ដេច​ថា​គិត​មកដល់ពេលនេះ គណៈមេធាវី​មាន​សមាជិក​ចំនួន​១៧៥៦ ជា​សមាជិក​ពេញសិទ្ធិ និង​មេធាវី​កម្មសិក្សា​ចំនួន​៣៤៩​នាក់ ដោយ​ក្នុង​អាណត្តិ​ចុងក្រោយ​នេះ ចំនួន​មេធាវី​មានការ​កើនឡើង​ដោយសារ​សេដ្ឋកិច្ច​មានការ​រីកចម្រើន តម្រូវការ​ផ្លូវច្បាប់​មាន​ច្រើន ហើយ​គណៈមេធាវី​ក៏បាន​ពង្រាយ​មេធាវី​ទៅកាន់​ខេត្ត​ដាច់ស្រយាល​។​

​លោក​បាន​បន្តថា​ចំនួន​មេធាវី​នៅ​កម្ពុជា ប្រសិនបើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ គឺ​មេធាវី​ម្នាក់ ផ្ដល់​សេវាកម្ម​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ដល់​ទៅ​១៥០០​នាក់​។

​លោក​ក៏បាន​ជម្រាបជូន​សម្ដេច​អំពី​ការងារ​កំណែ​ទម្រង់ការ​ងារ​រដ្ឋបាល​នៅ​គណៈមេធាវី​ដើម្បី​ឲ្យ​មាន​តម្លាភាព តាមរយៈ​ការបង្កើត​គោលនយោបាយ​ហិរញ្ញវត្ថុ គ្រប់គ្រង​បុគ្គលិក សុខុមាលភាព​មេធាវី និង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ឯកសារ​។​

​លោក​ប្រធាន​គណៈមេធាវី​ក៏បាន​ឲ្យ​ដឹងថា​នៅក្នុង​អាណត្តិ​នេះ គណៈមេធាវី​បានទទួល​អគារ​រដ្ឋបាល​បន្ថែម​ពី​សាលាក្ដី​ខ្មែរក្រហម ដោយបាន​រៀបចំ​ជា​បន្ទប់រៀន​ចំនួន​២​បន្ទប់ បន្ទប់​បណ្ណាល័យ បន្ទប់​ក្រុមប្រឹក្សាវិន័យ និង​បន្ទប់​ផ្សេងៗ​ទៀត​ទៅតាម​តម្រូវការ​ចាំបាច់​របស់​គណៈមេធាវី ខណៈ​ការបណ្ដុះបណ្ដាល​មេធាវី​ក៏ត្រូវ​បាន​កែទម្រង់ ដោយមាន​ការបន្ថែម​ម៉ោង​បង្រៀន​ផងដែរ​។​

​លោក​បន្តថា​គណៈមេធាវី​ក៏បាន​សម្រេចបាន​បង្កើត​ក្រុមប្រឹក្សាវិន័យ​តូច​នៅក្រោម​ក្រុមប្រឹក្សាវិន័យ​ធំ ដោយ​រៀបចំ​ឲ្យ​មានការ​ជំនុំជម្រះ​ដូច​សវនាការ​នៅ​តុលាការ ដើម្បី​ឲ្យ​មេធាវី​ដែលមាន​រឿង​អាចដាក់​ភស្តុតាង ឬ​ពលរដ្ឋ​ដែល​ប្ដឹង​មេធាវី​អាចដាក់​ភស្តុតាង និង​មាន​សវនាការ​ត្រឹមត្រូវ​ស្រប​ពេលដែល​ការងារ​សង្គម​ក៏​ត្រូវបាន​គណៈមេធាវី​ខិតខំ​បំពេញ​យ៉ាងសកម្ម ជាពិសេស​ការផ្ដល់សេវា​មេធាវី​ឥត​គិត​កម្រៃ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​លោក​ប្រធាន​បាន​បន្តថា​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងទៅនេះ គណៈមេធាវី​បានទទួល​ក្ដី​ជួយ​ជនក្រីក្រ​ចំនួន​១៥៣៧៣​ករណី និង​ពី​កូ ក្ដី​ទូទៅ​២៣.៤២៩​ករណី ក្នុងនោះ​មាន​ស្ត្រី​១.៧០៥​នាក់ និង​កុមារ​៥.៩០៣​នាក់ ដោយ​ការងារ​នេះ គណៈមេធាវី​បានទទួល​ការជួយ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​។ លោក​បន្ត​កំណើន​រឿងក្ដី​នេះ​ក៏​ដោយសារ​ទំនុកចិត្ត​ពី​កូនក្ដី​ដែល​កន្លងមក​ធ្លាប់​ពឹង​លើ​មេធាវី​សង្គម​ស៊ីវិល​។​

​លោក​ប្រធាន​គណៈមេធាវី​បាន​មានប្រសាសន៍ថា កន្លងមកនេះ​មេធាវី​មានឱកាស​ធ្វើការ​ងារ​ផ្នែក​សង្គម​នេះ​បាន​ច្រើន បន្ទាប់ពី​មានការ​រៀបចំ​បន្ទប់​មេធាវី​នៅតាម​ពន្ធនាគារ ជា​សមិទ្ធផល​មួយ​ដ៏​ធំធេង​របស់​សម្ដេច​ក្រឡា​ហោម ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​គណៈមេធាវី​បានរៀបចំ​សាងសង់​បន្ទប់​នៅតាម​បណ្ដា​ព​ន្ធា​គារ ដើម្បី​បង្កើន និង​ពង្រឹង​សេវា​ប្រឹក្សា​ច្បាប់​ក្នុង​ពន្ធនាគារ និង​បាន​ជួប​កូនក្ដី​នៅ​កន្លែង​នគរបាល​។​

​ជាការ​តបស្នង​ចំពោះ​គុណូប្បការៈ​របស់​សម្ដេច​ក្រឡាហោម លោក​ប្រធាន​គណៈមេធាវី​បាន​ជម្រាប​សម្ដេច​ថា គណៈមេធាវី​បានសម្រេច​គោរព​ជូន​សម្ដេច​នូវ​អាវ​កិត្តិយស​ថ្នាក់​លេខ​២ ដើម្បី​ជា​អនុស្សាវរីយ៍ និង​ការដឹងគុណ​ចំពោះ​សម្ដេច​ដែល​បាន​ជួយ​គណៈមេធាវី​ក្នុង​ការងារ​ពង្រឹង​សេវាកម្ម​ផ្នែក​ច្បាប់ និង​យុត្តិធម៌​សង្គម​។

​លោក​ប្រធាន​ក៏បាន​ស្នើសុំ​សម្ដេច​បន្ត​ជួយ​គណៈមេធាវី​ដើម្បី​ឲ្យ​វិជ្ជាជីវៈ​កាន់តែ​រឹងមាំ ក្នុងនោះ​ក៏មាន​ការជំរុញ​ឲ្យ​មេធាវី​អាច​ចូលជួប​កូនក្ដី​នៅ​កន្លែង​នគរបាល​បាន​ច្រើន ជាង​មុន ដោយសារ​កន្លែង​ខ្លះ​នៅ​មិនទាន់មាន​កិច្ចសហការ​ពេញលេញ​នៅឡើយ លោក​ក៏បាន​ស្នើសុំ​សម្ដេច​ពិនិត្យ​លទ្ធភាព​ឲ្យ​មេធាវី​បាន​នៅ​ប្រចាំការ​នៅ​ការិយាល័យ​នគរបាល​នីមួយៗ​ដើម្បី​អាច​ផ្ដល់​មតិយោបល់​ផ្នែក​ច្បាប់​ចៀសវាង​មាន​បញ្ហា​ពេល​បញ្ជូន​រឿងក្ដី​ទៅ​តុលាការ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​សម្ដែង​ការកោតសរសើរ​ចំពោះ​គណៈមេធាវី​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​។ សម្ដេច​ក៏បាន​ថ្លែង​ឯកភាព​ចំពោះ​ការគិតគូរ​អំពី​បរិមាណ​មេធាវី​ដែលមាន​ចំនួន​តិចតួច ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​សរុប​នៅ​កម្ពុជា​។​

​សម្ដេច​បាន​មានប្រសាសន៍ថា កន្លងទៅនេះ សម្ដេច​បានប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ប៊ុន ហុន ដើម្បី​សិក្សា​រៀបចំ​មេធាវី​នៅតាម​រដ្ឋបាលខេត្ត និង​រដ្ឋបាល​ស្រុក ដែល​កើតមាន​បញ្ហា​ច្រើន ដើម្បី​ជួយ​បញ្ចៀស​ការអនុវត្ត​ការងារ​មួយចំនួន​ខុសពី​នីតិវិធី​។

​សម្ដេច​បាន​មានប្រសាសន៍​បន្ត​ផ្ដល់​ការគាំទ្រ​និង​សម្របសម្រួល​ដើម្បី​ឲ្យ​មេធាវី​អាចបំពេញ​ការងារ​បាន​រលូន ព្រមទាំង​ពិចារណា​លើ​សំណើ​មួយចំនួនទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×