Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង ក្រសួង​សាធារណការ ចេញ​សេចក្តីណែនាំ​៩​ចំណុច

spot_img

​ភ្នំពេញ ៖ ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ ដែល​បាន​បង្កឱ្យមាន​ភ្លៀង​បន្ត​ធ្លាក់​ជាច្រើន​ថ្ងៃ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ធ្វើឱ្យ​តំបន់​មួយចំនួន​បន្ត​ទទួលរង​ជំនន់​ទឹកភ្លៀង ដែល​ធ្វើឱ្យប៉ះពាល់ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្ក​ការលំបាក​ប្រជាពលរដ្ឋ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្តីណែនាំ​ដល់​ក្រុមការងារ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ របស់​ក្រសួង អគ្គនាយកដ្ឋាន​សាធារណការ អគ្គនាយកដ្ឋាន​បច្ចេក​ទេស កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​លោក​ប្រធាន​មន្ទីរ​សាធារណការ​គ្រប់​រាជធានី​-​ខេត្ត ត្រូវ​ចូលរួម​សហការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​ឱ្យមាន​ប្រសិទ្ធភាព​។​

​នៅក្នុង​សេចក្តីណែនាំ​ទាំង​៩​ចំណុច របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ មានដូចជា​៖

ទី​១៖ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​សភាពការណ៍​អំពី​គ្រោះអាសន្ន​នានា និង​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពី​ខ្សែបណ្ដោយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ​។​

ទី​២៖ ត្រូវ​ចូលរួម​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ការធ្វើ​ប្រតិបត្តិ​ការឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន និង​ការ​ស្តារឡើងវិញ​ក្រោយ គ្រោះទឹកជំនន់​។​

ទី​៣៖ ក្នុងករណី​មានការ​កាត់ផ្តាច់​ផ្លូវ​-​ស្ពាន (​ការផ្តាច់​ចរាចរណ៍​) សូម​ចាត់​កម្លាំង​ជាបន្ទាន់​ចុះ​ជួសជុល​និង​ត​ភ្ជាប់​ផ្លូវ​ស្ពាន ដើម្បី​ធានាឱ្យមាន​និរន្តរភាព​ចរាចរណ៍ និង​សូម​លើក​សំណើសុំ​គោលការណ៍​ធានា​ចំណាយ​មក​ក្រសួង​ឱ្យបាន​ឆាប់រហ័ស​បំផុត​។​

ទី​៤៖ សូមមេត្តា​ចាត់​កម្លាំង​តម្លើង​ស្លាក​សញ្ញា​ចរាចរណ៍ និង​ស្លាក​សញ្ញា​សុវត្ថិភាព​នៅតាម​ទីតាំង​ដែល​កំពុង និង​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ ជាយថាហេតុ​ដល់​អ្នកដំណើ​រ​។​

ទី​៥៖ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ មន្ទីរជំនាញ​ពាក់ព័ន្ធ ដើម្បី​ទប់ទល់​គ្រោះទឹកជំនន់ និង​ទប់ស្កាត់​មធ្យោបាយ​ដឹកជញ្ជូន​ធន់​ធ្ងន់ ដែល​ឆ្លងកាត់ ទីតាំង​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ត្រូវ​ផ្សព្វផ្សាយ​ផ្តល់ព័ត៌មាន​ផ្លូវ​ការជូន​ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្សេងៗ​។​

ទី​៦៖ ត្រូវ​សហការ​ប្រើប្រាស់​មធ្យោបាយ និង​សម្ភារ​បរិក្ខារ​របស់​អង្គភាព​សាមី ដើម្បី​ត្រៀម​ចូលរួម​ធ្វើ​អន្តរាគមន៍ រុករក និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុងករណី​ចាំបាច់​។​

ទី​៧៖ ត្រូវ​ចូលរួម​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​-​ស្ពាន ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ស្ថិតក្រោម​សមត្ថកិច្ច​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

ទី​៨៖ ត្រូវ​ចូលរួម​កៀរគរ​ជំនួយ​ផ្នែក​មធ្យោបាយ សម្ភារ​បរិក្ខារ ធនធានមនុស្ស និង​ហិរញ្ញវត្ថុ ពី​ដៃគូ​អភិវឌ្ឍន៍​នានា អង្គការ​ជាតិ និង​អន្តរជាតិ​ដែលមាន​កិច្ចសហការ​ជាមួយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ឆ្លើយតប​និង​ដោះស្រាយ​ករណី​បន្ទាន់​ឱ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​។​

ទី​៩៖ ត្រូវធ្វើ​របាយការណ៍ និង​រាយការណ៍​អំពី​សភាពការណ៍​ជាប្រចាំ​មក​ក្រសួង ដើម្បី​ចាត់វិធានការ​បន្ទាន់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×