Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពល​ការិនី​ម្នាក់​ដែល​បាន​ស្នើសុំ​ជំនួយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដើម្បី​បាន​វិលត្រឡប់​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ​នោះ ត្រូវបាន​រកឃើញ​ហើយ​

spot_img

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បានបញ្ជាក់​ឲ្យ​ដឹងថា ពល​ការិនី​ម្នាក់​ដែល​បានធ្វើ​វីដេអូ​ឃ្លី​ប​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ខ្លួន​ត្រូវបាន​មេខ្យល់​ឆបោក​ឲ្យ​ទៅធ្វើ​ការងារ​នៅឯ​ប្រទេស​ចិន​អស់​ជាង​ពីរ​ឆ្នាំ​ដោយ​រង​ទុក្ខលំបាក និង​ស្នើសុំ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដើម្បី​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា ជា​ទឹកដី​កំណើត​របស់ខ្លួន​វិញ​នោះ ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​អត្តសញ្ញាណ និង​កន្លែង​ស្នាក់​នៅឯ​ប្រទេស​ចិន​នោះ​ហើយ និង​ត្រូវបាន​អន្តរាគមន៍​រំដោះ​ឲ្យ​មក​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំ​ទីក្រុង​សៀង​ហៃ ដើម្បី​រង់ចាំ​រៀបចំ​បំពេញបែបបទ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ចុងខែ​តុលា ឆ្នាំ​២០២០ នេះ​។​

​ឯកឧត្តម​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ នាយកដ្ឋាន​ជំនាញ​បានទទួល​ព័ត៌មាន​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ស្ដីពី​ព័ត៌មាន​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ រី​ណា រី​ណា ដែល​បាន​បង្ហោះ​ជា​ឃ្លី​ប​វីដេអូ​រយៈពេល​១​នាទី និង​៤៩​វិនាទី អះអាងថា​នាង​ត្រូវ​ចាញ់បោក​មេខ្យល់​ទៅ​ប្រទេស​ចិន និង​ស្នើសុំ​ឲ្យ​ជួយសង្គ្រោះ និង​បញ្ជូន​នាង​ត្រឡប់មក​កម្ពុជា​វិញ​។

អនុវត្ត​បទបញ្ជា​រប​ស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​សេនាធិការ និង​មតិ​ចង្អុល​ដឹកនាំ ពី​ឯកឧត្តម អគ្គ​ស្នងការរង​ទទួល​ផែន​យុត្តិធម៌ នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចាត់​មន្ត្រី​ជំនាញ​ចូល​ទំនាក់ទំនង​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ រី​ណា រី​ណា ដោយ​ស្នើសុំ​ផ្ដល់ព័ត៌មាន​អំពី​អាសយដ្ឋាន​ដែល​នាង​កំពុងស្នាក់នៅ​ប្រទេស​ចិន និង​សាច់ញាតិ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​នៅ​ប្រទេស​កម្ពុជា និង​ដោយ​ទទួលបាន​កិច្ច សហការ​ល្អ​បំផុត​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លេខាធិការដ្ឋាន​ក្រុមការងារ​សហប្រតិបត្តិ​ការ​មេគង្គ​ឡាន​ឆាង និង​អង្គភាព​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ ទើប​ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានផ្ដល់​ព័ត៌មាន​មក​ថា ស្ថាន​អគ្គ​កុងស៊ុល​នៃ​ព្រះរាជណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ បានធ្វើ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ចិន​ជួយសង្គ្រោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ រី​ណា រី​ណា បាន​ហើយ​នៅ​ខេត្ត​ជី​ជាំ​ង ប្រទេស​ចិន ដែលមាន​ឈ្មោះ​ពិត​គឺ សែម ស្រី​ពេជ្រ ( SEM SREY PHECH) កើត​ថ្ងៃទី ១៦/០៥/១៩៩៤ មាន​ស្រុកកំណើត​នៅ​ភូមិ​ល្វា​ត្បូង ឃុំ​ល្វា ស្រុក​ចំការលើ ខេត្តកំពង់ចាម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×