Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​សែ​ល​កាត​ផ្តល់​ការ​តេ​ចេញ និង​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​

spot_img

​ភ្នំពេញ​៖ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ​ជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​ចំពោះ​គ្រោះទឹកជំនន់​នៅ​ទូទាំងប្រទេស ក្រុមហ៊ុន​សែ​ល​កាត ចូលរួម​គាំទ្រ​ដល់​អតិថិជន​របស់ខ្លួន តាមរយៈ​ការផ្តល់ជូន​នូវ​ការ​តេ​ចេញ និង​ការប្រើប្រាស់​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ ដល់​អតិ​ជន​គ្រប់គ្នា​ទាំងអស់ ដែល​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​នេះ​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បានសម្រេច​ចាត់វិធានការ​ឆ្លើយតប​ភ្លាមៗ​កាលពី​រាត្រី​ម្សិល​ម៉ិ​ញ​នេះ ដោយសារតែ​ស្ថានភាព​ទឹកជំនន់​ប្រែ​កាន់តែ​អាក្រក់​ទៅៗ​នៅ​ទូទាំងប្រទេស​កម្ពុជា ពោលគឺ​កំពុង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​ពលរដ្ឋ​នៅក្នុង​ខេត្ត​ចំនួន ១៧​។​

​លោក វ៉ាត​សុន បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ “​ក្រុមហ៊ុន​សែ​ល​កាត ដែលជា​ប្រតិបត្តិ​ករ​ជាទី​មោទន​របស់​ខ្មែរ​តែមួយគត់ នឹង​នៅ​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ជានិច្ច ជាពិសេស​នៅក្នុង​អំឡុងពេល​ដ៏​ពិបាក​បែបនេះ​”​។​

“​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​បំផុត​មួយ ដោយ​យើង​ត្រូវ​ប្រឈម​នឹង​គ្រោះទឹកជំនន់​ក្នុងអំឡុងពេល​នៃ​ជម្ងឺ​រាតត្បាត ដែល​ធ្វើឱ្យ​សុវត្ថិភាព​នៃ​ការជួយ​សង្គ្រោះ​និង​ការ​ស្តារនីតិសម្បទា កាន់តែ​មានការ​លំបាក​ឡើង​”​។​

“​ចាប់ពី​ថ្ងៃទី​១៣ តុលា​នេះ​តទៅ ក្រុមហ៊ុន​សែ​ល​កាត នឹង​ផ្តល់ជូន​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ ហើយ​យើង​ក៏​នឹង​ផ្តល់ជូន នូវ​ទិន្ន​ន័យ​ចំនួន 500MB ដល់​អតិថិជន​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់ ដើម្បី​ជួយ​ពួកគាត់​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ផងដែរ​” ។​

​លោក​មានប្រសាសន៍ថា ដើម្បី​ទទួលបាន​នូវ​ការ​តេ​ចេញ និង​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​នេះ អតិថិជន​គ្រាន់តែ​ចុច​លេខ 1270 គឺជា​ការ​ស្រេច​។ ការ​តេ​ចេញ​ដោយ​ឥតគិតថ្លៃ នឹង​បន្ត​រហូតដល់​មានការ​ជូនដំណឹង​នាពេល​ក្រោយ​។ អតិថិជន​អាច​ប្រើ​ប្រាស់​​កញ្ចប់​ទិន្នន័យ​នេះ បាន​រហូតដល់​ទៅមួយ​សប្តាហ៍ ហើយ​ពួកគាត់​ក៏​អាច​ស្នើសុំ​ជាថ្មី ដោយ​គ្រាន់តែ​ចុច 1270 រៀង​រាល់​សប្តាហ៍ ដើម្បី​ទទួលបាន​ការផ្តល់ជូន​នេះ​។​

​ខេត្ត​ចំនួន ១៧ ដែល​ទទួលរង​ផលប៉ះពាល់ ដោយ​គិត​ត្រឹម​ថ្ងៃទី ១៣ ខែតុលា នេះ​រួមមាន​៖

១.​ពោធិសាត់ ២.​បន្ទាយមានជ័យ ៣.​ភ្នំពេញ ៤.​បាត់ដំបង ៥.​ស្វាយរៀង ៦.​ឧ​ត្ត​រ​មានជ័យ ៧.​សៀមរាប ៨.​តាកែវ ៩.​កំពង់ស្ពឺ ១០.​មណ្ឌល​គី​រី ១១.​ព្រះវិហារ ១២.​កោះកុង ១៣.​កំពង់ឆ្នាំង ១៤.​ព្រះវិហារ ១៥.​កណ្តាល ១៦.​ស្ទឹងត្រែង ១៧.​ប៉ៃលិន​។​

​អតិថិជន​សែ​ល​កាត​ទាំងអស់​ដែល​ឋិត​នៅក្នុង​តំបន់​ទាំងនេះ សុទ្ធតែ​អាច​ទទួលបាន​នូវ​ការផ្តល់ជូន​នេះ​។​

​ក្រៅពី​ការផ្តល់ជូន​នូវ​ការ​តេ​ចេញ​និង​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ ក្រុមហ៊ុន​សែ​ល​កាត​ក្នុងថ្ងៃនេះ ក៏បាន​ចាប់ផ្តើម​យុទ្ធនាការ​រៃអង្គាស​ថវិកា ដែលជា​គម្រោង​សហការ​បង្កើត​បទ​ចម្រៀង​ដ៏​អស្ចារ្យ ជាមួយ​តារាចម្រៀង​ដែល​កំពុងមាន​ប្រជាប្រិយ​និង​ពេញនិយម​បំផុត​នៅ​កម្ពុជា ចំនួន ៨ រូប​ផងដែរ​។​

​បទ​ចម្រៀង​ជា​វីដេអូ​នេះ នឹង​ចាក់ផ្សាយ​នៅតាម​ស្ថានីយ៍ទូរទស្សន៍​ធំៗ​នា​រាត្រី​នេះ ហើយ​អតិថិជន​ក៏​អាច​ទាញយក​បទ​ចម្រៀង​មក​ធ្វើជា Call Tune និង​រីករាយ​ជាមួយនឹង​បទ​ចម្រៀង​ជា​វីដេអូ​ទាំងមូល ដោយ​ប្រើ​សេវាកម្ម Music Streaming របស់​សែ​ល​កាត នៅក្នុង Cellcard App​។​

​រាល់​ថវិកា​ទាំងអស់​ដែល​បានមកពី​ការ​ដោ​ន​ឡូដ និង​ការភ្ជាប់​សេវាកម្ម នឹងត្រូវ​ផ្តល់ជូន​ដោយផ្ទាល់​ទៅកាន់​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ចូលរួម​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ផ្តល់ជំនួយ​របស់​អង្គការ​នេះ​។​

​ក្រុមហ៊ុន​សែ​ល​កាត ដែលជា​ប្រតិបត្តិ​ករ​ជាទី​មោទន​បំផុត​របស់​ខ្មែរ កំពុង​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​អតិថិជន​របស់ខ្លួន នៅតាម​តំបន់​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​លោក វ៉ាត​សុន បាន​មានប្រសាសន៍​បន្ថែមថា​៖ “​ក្រុមហ៊ុន​សែ​ល​កាត កំពុង​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ទាំងនោះ​នៅក្នុង​គ្រា​ដ៏​លំបាក​នេះ ព្រោះ​វា​ពិតជា​សំខាន់​ណាស់ សម្រាប់​អ្នក​រាល់គ្នា ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញ​” ។​

“​ក្រុម​វិស្វករ​របស់​សែ​ល​កាត កំពុងតែ​មមាញឹក​ក្នុងការ​រក្សា​ទីតាំង​បណ្តាញ​ផ្តល់​សេវា​ឱ្យ​ដំណើរការ​ដូច​ប្រក្រតី​។ទន្ទឹម​នឹង​នោះ ក្រុមហ៊ុន​សែ​ល​កាត ក៏​ជម្រុញ​ឱ្យ​អ្នក​រាល់គ្នា​យកចិត្តទុកដាក់ និង​រក្សាសុខ​សុវត្ថិភាព​ឱ្យបាន​ល្អ នៅក្នុង​អំឡុង​ពេលនេះ​ផងដែរ​”​។​

​ក្រោម​ការចង្អុលបង្ហាញ​របស់លោក​ប្រធាន អ្នកឧកញ៉ា គិត ម៉េង យើង​នឹង​ប្រកាន់ខ្ជាប់​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​ជួយ​ដល់​អតិថិជន​ដែល​កំពុង​ជួប​ការលំបាក ក៏ដូចជា​ផ្តោត​ការយកចិត្តទុកដាក់​ក្នុងការ​ប្រឹងប្រែង​ជួយ​ស្តារ​សហគមន៍ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់ និង​ជម្ងឺ​រាតត្បាត​ផងដែរ​។​

​លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​ភ្នាក់ងារ​បម្រើសេវា​របស់​សែ​ល​កាត តាមរយៈ​លេខ 012 812 812 (​និង​លេខ 812 សម្រាប់​អតិថិជន​របស់​សែ​ល​កាត​)៕ ដោយ ៖ CEN

spot_img
×