Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ស្នើ​សភាពាណិជ្ជកម្ម​អឺរ៉ុប ជួយ​កៀរគរ​អ្នកវិនិយោគ​បន្ថែម​មក​កម្ពុជា

spot_img

​ភ្នំពេញ​៖ កម្ពុជា​បានស្នើ​ដល់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា (EUROCHAM) ឱ្យជួយ​ទាក់ទាញ​កៀរគរ​អ្នកវិនិយោគ​ដែល​ជា​សមាជិក​របស់ខ្លួន មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ដើម្បី​ចូលរួម​ជួយ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​។​

​ការស្នើ​យ៉ាង​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក Tassilo BRINZER ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ទើប​ទទួល​តំណែង​ថ្មី នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នៅ​ទី​ស្ដី​ក្រសួង​ការងារ​។​

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បានលើកឡើង​ពី​វឌ្ឍនភាព​ការងារ​ដែល​កម្ពុជា​សម្រេច​បាន ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា នាពេល​កន្លងមក ទាំង​លើ​វិស័យ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពិសេស​លើ​វិស័យ​វិនិយោគ​។​

​ឯកឧត្តម​បណ្ឌិត​បាន​បន្តថា ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ សេដ្ឋកិច្ចកម្ពុជា​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ពិសេស​លើ​វិស័យ​ការងារ ទេសចរណ៍ ការនាំចេញ​ផលិតផល និង​វិស័យ​នានា​មួយចំនួនទៀត ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ផងដែរ ដោយបាន​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឡើងវិញ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី អ៉ិ​ត សំហេង បានស្នើ​ដល់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ធ្វើយ៉ាងណា​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ចូលរួម​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​នានា​របស់​កម្ពុជា​។​
​ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី អ៉ិ​ត សំហេង ក៏បាន​ស្នើ​ដល់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ដែលជា​ដៃគូ​របស់ខ្លួន ឱ្យមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បន្ថែមទៀត ហើយ​កម្ពុជា​នៅតែ​ស្វាគមន៍​ជានិច្ច​ចំពោះ​ការវិនិយោគ​របស់​សមា​ជិ​ក​សភាពាណិជ្ជកម្ម​អឺរ៉ុប​។​

ម្យ៉ាងវិញទៀត ដោយ​សហគមន៍​អឺរ៉ុប​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​វៀតណាម ដូច្នេះ​ម្ចាស់​រោងចក្រ សហគ្រាស​អឺរ៉ុប​ដែល​នៅ​វៀតណាម​ក៏​អាចមក​បើក​សាខា​នៅ​ប្រទេស​កម្ពុជា​បានដែរ ដើម្បី​បង្កើត​ឱកាស​ការងារ​ថ្មីៗ បង្កើន​ផលិតភាព​សម្រាប់​ការនាំ​ចេញទៅ​អឺរ៉ុប​។

ចំពោះ​សំណើ​នេះ ត្រូវបាន​លោក Tassilo BRINZER ឯកភាព​យល់ព្រម និង​បាន​បញ្ជាក់ថា លោក​នឹង​ប្រកាស​កៀរគរ​អ្នកវិនិយោគ​ដែលជា​សមាជិក​របស់​ស​ភា​ពាណិជ្ជកម្ម​អឺរ៉ុប​ទាំងឡាយ ពិសេស​នៅ​ប្រទេសជិតខាង មាន​ប្រទេស​ថៃ វៀតណាម​ជាដើម ឱ្យ​ចាប់អារម្មណ៍​ងាក​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ខណៈ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​គឺ​ពិត​ជាមាន​ភាពល្អប្រសើរ​។​

ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​ធានាថា​នឹង​ខិតខំ​ធ្វើឱ្យ​ផលិតផល​ដែល​ផលិត​បាន​នៅ​កម្ពុជា មាន​លក្ខខណ្ឌ​ការងារ និង​បរិយាកាស​នៅ​កន្លែងធ្វើការ​ល្អប្រសើរ​ជាង​មុន ដើម្បី​ធានាថា​ផលិតផល​ដែល​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​មួយចំនួនទៀត​កាន់​តែមាន​ស្ដង់ដា​ខ្ពស់​។​

​រីឯ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​២​ឆ្នាំ​ខាងមុខ​ទៀត​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប គឺ​ធ្វើយ៉ាងណា​ខិតខំ​ជំរុញ និង​ទាក់ទាញ​វិនិយោគិន​របស់​អឺរ៉ុប​មកកាន់​កម្ពុ​ជាកា​ន់​តែ​ច្រើន​បន្ថែមទៀត ព្រោះ​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ប្រកបដោយ​សក្តានុពល​មួយ​នៅក្នុង​តំបន់​។​

​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​សម្រេចបាន​នូវ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ ទោះបី​មាន​បញ្ហា EBA ឬ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ក៏​ភាគី​ទាំងពីរ​នៅតែ​ប្រកៀក​ស្មា​គ្នា​ជម្នះ​ឧបសគ្គ​ឱ្យបាន​។​

​គួរ​ជម្រាបជូន​ផងដែរ​ថា សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១១ ដោយមាន​សមាគម​ពាណិជ្ជ កម្ម​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​។ មកទល់​បច្ចុប្បន្ន​មាន​សមាជិក​ជាង ៣៥០ និង ៦ សាខា​ទូទាំងប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន ១១ ប្រទេស​ពី​សហភាព​អឺរ៉ុប​។ សកម្មភាព​ចម្បង​របស់​សភាពាណិជ្ជកម្ម គឺ​ផ្សព្វផ្សាយ គាំទ្រ និង​តំណាង​សមាជិក​របស់ខ្លួន ក្នុងការ​សន្ទនា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រួល​បរិយាកាស​ពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​៕ ដោយ ៖ CEN

spot_img
×