Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឯម ច័ន្ទ​មករា ៖ ជន​មាន​ពិការភាព​ក៏ត្រូវ​ការ ភាពរុងរឿង ជីវិត​ល្អប្រសើរ និង​មានឱកាស​គ្រប់យ៉ាង ព្រមទាំង​សិទ្ធិសេរីភាព ដូច​ជន​មិនមាន​ពិការភាព​ដែរ​

spot_img

ភ្នំពេញ​៖ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សង្គម​មានការ​ផ្លាស់ប្តូ​រ​បែប​វិជ្ជមាន​ជាច្រើន​ពី​ការលើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​, ការផ្តល់​ឱកាស​ស្មើគ្នា និង​ការផ្តល់សេវា​ប្រកបដោយ​គុណភាព គឺជា​ការធានាបាន​នូវ​គុណភាព​ជីវិត​ល្អប្រសើរ​សម្រាប់​ជន​មាន​ពិការ​។ ជន​មាន​ពិការភាព​ក៏ត្រូវ​ការ ភាពរុងរឿង ជីវិត​ល្អប្រសើរ និង​មានឱកាស​គ្រប់យ៉ាង ព្រមទាំង​សិទ្ធិសេរីភាព ដូច​ជន​មិនមាន​ពិការភាព​ដែរ​។​

​នេះ​ជាការ​លើកឡើង​របស់ លោក ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី ពិការភាព ឆ្នាំ​២០១៩-២០២៣ និង​បទដ្ឋាន​បច្ចេកទេស​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព នា​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក ឯម ច័ន្ទ​មករា បាន​បន្ថែមថា ការកសាង​សង្គម​មួយ ដែល​យកចិត្តទុកដាក់ និង​ផ្តល់​តម្លៃ​ដល់​ជន​មាន​ពិការ​ភាពមិន​ពិបាក​នោះទេ ប្រសិនបើ​យើង​ជឿជាក់ថា ជន​មាន​ពិការភាព​គឺជា​មនុស្ស​ដែលមាន​សមត្ថភាព​។ មាន​ភ័ស្តុតាង​និង​បទពិសោធន៍​ជាច្រើន​បាន បង្ហាញថា ជន​មាន​ពិការភាព​បានធ្វើ​រឿង​គួរឱ្យកត់សម្គាល់​ជាច្រើន​ដែល​ជន​មិនមាន​ពិការភាព ឬ​កាយសម្បទា​រឹងមាំ​មិនអាច​ធ្វើបាន​។​

​កន្លងមក ជន​មាន​ពិការភាព​មួយចំនួន​មានការ​លំបាក​ក្នុងការ​ទទួលបាន​អត្តសញ្ញាណ​បណ្ណ​ប្រជាជន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅ​ស្នាក់នៅ បណ្ណ​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ជាដើម ឬ​ដោយសារ​ការប្រើប្រាស់​អាក​ប្ប​កិរិយា ភាសា​បែប​អវិជ្ជមាន រើសអើង​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​យើង​មួយចំនួន​។​
​លោក​បាន​បន្តថា ក្រសួងមហាផ្ទៃ ពិត​ជាមាន​តួនាទី​យ៉ាងសំខាន់​ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​ជន​មាន​ពិការភាព​ក្នុង​ជីវភាព​សាធារណៈ ជីវភាព​នយោបាយ ការផ្តល់​យុត្តិធម៌​និង​សិទ្ធិសេរីភាព ការលើកកម្ពស់​កិច្ចការពារ​សេរីភាព និង​សន្តិសុខ​បុគ្គល​របស់​ជន​មាន​ពិការភាព ក្នុងទិសដៅ​ផ្តល់​សិទ្ធិអំណាច តាមរយៈ​ការចូលរួម​គ្រប់​សកម្ម​ភាព​នៃ​ការសម្រេចចិត្ត​និង​ការធ្វើ​នយោបាយ​របស់ ជន​មាន​ពិការភាព​ក្នុងសង្គម​។​

​ខ្ញុំ​សូម​សំណូមពរ​ដល់​ក្រុមការងារ​សកម្មភាព​ជនពិការ នៃ​ក្រសួងមហាផ្ទៃ សូមជួយ​បញ្ជ្រាប​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៩-២០២៣ ទៅក្នុង​ផែនការ​សកម្មភាព​អភិវឌ្ឍ​របស់​រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បី​ធានា​នូវ​សក្តិ​សិទ្ធ​ភាព​នៃ​ចក្ខុវិស័យ​ដែល​បាន​ចែងថា “​ជន​មាន​ពិការភាព និង​ក្រុមគ្រួសារ​មាន​គុណភាព​ជីវិត​ល្អ និង​ចូលរួម​យ៉ាងសកម្ម​ពេញលេញ ស្មើភាព​គ្នា​ក្នុងសង្គម ដែលមាន​ការគោរព​សិ​ទិ្ធ និង​សេចក្តី ថ្លៃថ្នូរ ព្រមទាំង​មានការ​ធ្វើ​បរិ​យាប​ន្ន​ពិការភាព​ក្នុង​គ្រប់​វិស័យ និង​ការអភិវឌ្ឍន៍​”​។ «​នេះ​គឺជា​ការ​ស្នើឡើង​ដោយ​លោក​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​»។

​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​រូបនេះ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​ខិតខំ​ដើម្បី​ធានា​ដល់​ការចូលរួម​យ៉ាងសកម្ម របស់​ជន​មាន​ពិការភាព​នៅក្នុង​ចរន្ត​នៃ​សេដ្ឋកិច្ច​។ លើសពីនេះ​ទៀត សិទ្ធិ​ទទួលបាន​ឱកាស​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង ឯកជន​ក៏ត្រូវ​បានកំណត់​ដើម្បី​ផលប្រយោជន៍​របស់​ជន​មាន​ពិការភាព​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×