Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​រួម​របស់ FBI និង​នគរបាល​កម្ពុជា ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុងការ​ពង្រឹង​ប្រតិបត្តិការ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​

spot_img

ភ្នំពេញ ៖ «Task Force» ដែលជា​ក្រុមការងារ​រួម បង្កើតឡើង​ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹងមាន​ទីតាំង​ប្រតិបត្តិ​ការរួម នៅក្នុង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នាពេល​ខាងមុខនេះ ។​

​នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គ​ស្នង​ដ្ឋា​ន​ការ​នគរបាលជាតិ ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ។​

​ក្រុមការងារ «Task Force» ត្រូវបាន​បង្កើតឡើង​ក្រោម​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​កម្ពុជា​-​អាមេរិក ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការ​ពង្រឹង​ប្រតិបត្តិការ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ អំឡុងពេល ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ។ MOU នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក Christopher Wray នាយក​ការិយាល័យ FBI ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ​កម្ពុជា និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ នៅ​រដ្ឋធានី វ៉ាស៊ីនតោន តាម​ការផ្តួចផ្តើម​រប​ស់​សហរដ្ឋអាមេរិក ។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា «​ការបង្កើត​ក្រុមការងារ ត្រូវមាន​ទីតាំង​មួយ​ដើម្បី​ប្រតិបត្តិការ ហើយ​ទីតាំង​នោះ​មិនមែនជា​ការិយាល័យ​ទេ គ្រាន់តែ​ជាការ​រៀប​ពុ​យ​រ៉ូ សម្រាប់​ក្រុមការងារ​ធ្វើការ​»​។​

​ឯកឧត្តម បញ្ជាក់ថា Task Force នេះ មាន​សមាសភាព​តំណាង​មកពី FBI តំណាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផងដែរ ដែលមាន​គោលដៅ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន​។​

​ស្ថាប័ន FBI មាន​មោទនភាព ដែលមាន​ទំនាក់ទំនង​ដ៏​ប្រពៃ និង​យូរអង្វែង ជាមួយ​ដៃគូ​នគរបាល​អនុវត្ត​ច្បាប់​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់ អ្នកនាំពាក្យ​ទីភ្នាក់ងារ ស៊ើបអង្កេត​សហព័ន្ធ (FBI) របស់​សហរដ្ឋអាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ខែមេសា ឆ្នាំ​២០១៩​។​

​កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បំពាក់​មេដាយ​សហ​មេត្រី ថ្នាក់​សេនា ជូន​ដល់​មន្ត្រី FBI សហរដ្ឋអាមេរិក ដែលមាន​ស្នាដៃ​ល្អ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ លើ​វិស័យ​ការពារ​សន្តិសុខ​សុវត្ថិភាព​នេះ​ផងដែរ​។​

​មេដាយ​សហ​មេត្រី​ថ្នាក់​សេនា មាន​ចំនួន​២​គ្រឿង ដែល​ត្រូវ​បំពាក់​ដល់​មន្ត្រី FBI សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។ មន្ត្រី FBI ទាំង​២​រូប ដែល​ទទួលបាន​ការបំពាក់​មេដាយ គឺ​លោក John D. Wilson ដែលជា​សេនានុព័ន្ធ​ផ្នែក​ច្បាប់ FBI និង​លោក Sean L. Yan សេនានុព័ន្ធ​រង​ផ្នែក​ច្បាប់ FBI​។​

​អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​កត់សម្គាល់​៣​ចំណុច នៃ​ជោគជ័យ​កិច្ចសហប្រតិបត្តិការ​រ​វាង FBI ជាមួយ​នគរបាលជាតិ​កម្ពុជា ដែល​ធ្វើ​ឲ្យ​បទល្មើស​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ រួមមាន​៖

១) កិច្ចសហប្រតិបត្តិការ ក្នុងការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស ជាពិសេស​ការទប់ស្កាត់​អំពើ​អានា​ចា​រ្យ​រំលោភ​ផ្លូវភេទ​លើ​កុមារ និង​ករណី​មួយចំនួនទៀត ដែលមាន​យ៉ាងហោច​ប្រមាណ​១០​ករណី​

២) FBI បាន​ជួយ​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​សមត្ថភាព​ដល់​នគ​របាល​ជាតិ​កម្ពុជា​

៣) FBI បាន​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ឧបករណ៍​បច្ចេកទេស ក្នុងការ​បញ្ចូល​មុខសញ្ញា ទៅក្នុង​ទិន្នន័យ​កុំព្យូទ័រ បាន​ជាង​១​ម៉ឺន​នាក់​ផងដែរ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×