Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​មនុស្ស​ចាស់​ក្នុងប្រទេស​កម្ពុជា នឹង​កើនឡើង ប្រមាណ​ជា​១,៥​លាន​នាក់ នៅ​ឆ្នាំ​២០២៥

spot_img

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បានបញ្ជាក់​អោយដឹងថា ចំនួន​មនុស្ស​ចាស់​ក្នុងប្រទេស​កម្ពុជា នឹង​កើនឡើង​ស្ទើរតែ​ទ្វេដង នៅ​ឆ្នាំ​២០២៥ ប្រមាណ​ជា​១,៥​លាន​នាក់ ហើយ​នេះ​គឺជា​សារ​មួយ​ដ៏​មាន​សារសំខាន់ ដែល​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​គិតគូរ យកចិត្តទុកដាក់ អំពី​យន្តការ​ដើម្បី​គាំពារ​ផ្តល់នូវ​ភាពកក់ក្តៅ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ជូន​ដល់​ជន​ចាស់ជរា​ទាំងអស់នោះ ចៀសវាង​ទុក​ពួកគាត់​ឲ្យ​នៅឯ​ការ​តែម្នាក់ឯង​គ្មាន​ទីស្នាក់អាស្រ័យ​។​

​លោក​ឃួ​ង ស្រេង​បានបញ្ជាក់​អោយដឹង​បែបនេះ​កាលពី​ព្រលប់​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅ​សាលាខណ្ឌ​ពោធិ៍​សែន ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​និង​ពិសា​អាហារ​សាមគ្គី​ជួបជុំ​មនុស្ស​ចាស់​អតីតមន្ត្រី​រាជការ​កង​កម្លាំង​ចូលនិវត្តន៍​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​បានដាក់​ឲ្យ​ប្រើប្រាស់​ឯកសារ គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ ដែលជា​ឯកសារ​ដ៏​មាន​សារសំខាន់​សំដៅ​ជួយ​កសាង​សំណាញ់​សុវត្ថិភាព​មួយ​និង​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​គាំពារ​សង្គម​ដល់​មនុស្ស​ចាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​សង្គតិភាព​ទៅនឹង​ស្ថានភាព​វិវឌ្ឍន៍​នៃ​សង្គមជាតិ និង​បំណងប្រាថ្នា​ប្រជាជន​កម្ពុជា​។ ការបង្កើត​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​សម្រាប់​លើកកម្ពស់​គុណភាព​ជីវិត​របស់​មនុស្ស​ចាស់ ការយកចិត្តទុកដាក់​ធានា​សុខុមាលភាព​មនុស្ស​ចាស់​ក្នុងសង្គម ដើម្បី​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ជា​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​ទន្ទឹមនឹងនេះ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ឲ្យ​មាន​សមាគម​មនុស្ស​ចាស់​នៅតាម​បណ្តា​សង្កាត់​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ គឺ​សេនាធិការ​ដ៏​សំខាន់​ក្នុង​ការងារ​នេះ​។ ជាការ​ពិត ពិធី​នៅថ្ងៃនេះ ក៏ដូចជា​រៀងរាល់ឆ្នាំ គឺ​ដើម្បី​បង្ហាញ​អំពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំពារ ថែរក្សា ផ្តល់​តម្លៃ និង​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់ ដែលជា​ប្រភព​នៃ​បទពិសោធន៍​មិនចេះ​រីងស្ងួត សម្រាប់​មនុស្ស​វ័យក្មេង​ជំនាន់​បច្ចុប្បន្ន និង​តទៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​លោក​បន្តថា សម្តេច​តេ​ជោ មិនដែល​បោះបង់ចោល​ម​នុស្ស​ចាស់ ឬ​អ្នក​ចូលនិវត្តន៍​ឡើយ មិន​មានន័យថា​ឲ្យ​តែ​ចូលនិវត្តន៍​ត្រូវបាន​បោះបង់ចោល​នោះទេ ពោលគឺ​មានតែ​ការបន្ថែម​ការថែទាំ​តាមរយៈ​ការងារ​សង្គម​នានា ជាច្រើន​បន្តបន្ទាប់ ក្នុងនោះ​អ៊ុំ ពូ មីង អាចធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​គិត​កម្រៃ​សេវា​។ លើសពីនេះ​ទៀត ការជួបជុំ​ប្រារព្ធ​ពិធី នេះ គឺ​ដើម្បី​ជាការ​រំលឹក​ដល់​គុណូបក្ការៈ​ចំពោះ​បងៗ​មន្ត្រីរាជការ​អ៊ុំ​ពូ​មីង​ទាំងអស់ ដែល​ធ្លាប់បាន​ចូលរួមចំណែក​ស្តារ កសាង និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំង​កន្លងមក​។​

​លោក​ក៏បាន​ស្នើ​ដល់​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​មន្ត្រី​វ័យក្មេង ត្រូវ​យកចិត្តទុកដាក់ គាំពារ ថែរក្សា ផ្តល់​តម្លៃ​ទំនុកបម្រុង និង​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់ តាម​គ្រប់​មធ្យោបាយ ដើម្បី​ភាពសុខដុមរមនា​រវាង​មនុស្ស​ចាស់ និង​សង្គមមនុស្ស​ក្មេង ក៏ដូចជា​រក្សាបាន​នូវ​ប្រពៃណី ដ៏​ល្អ​ផូរផង់​របស់​បុព្វបុរស​យើង ដែលមាន​វប្បធម៌​នៃ​ការគោរព ឱនលំទោន​ពី​មនុស្ស​ក្មេង ទៅកាន់​មនុស្ស​ចាស់ និង​ចាត់ទុក​មនុស្ស​ចាស់​ជា​ឧបការី​ជន ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។​

​បប​លោក​ឃួ​ង​ស្រេង ក៏បាន​ផ្តាំផ្ញើ​ដល់​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​អ្នកការពារ និង​បម្រើប្រជាជន​ដោយស្មោះ​ត្រង់ តាមរយៈ​ការធានា​ឲ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​របៀបរៀបរយ ផ្តល់​ការអភិវឌ្ឍ និង​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ឈរលើ​គោលការណ៍​អភិបាលកិច្ច​ល្អ និង​ត្រូវ​ចូលរួម​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ត​រាល់​ទង្វើ​អសកម្ម ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍ ឬ​អាច​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​ដោះស្រាយ​រាល់​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​បណ្តាញទូរស័ព្ទ និង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឲ្យ​បាន​ទាន់ពេលវេលា ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​ណា​ឡើយ​។​

​សូមបញ្ជាក់ថា ក្នុង​ស្មារតី​ជំរុញ​ឲ្យ​មានការ​គិតគូរ​ដល់​ម​នុស្ស​ចាស់ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​អនុក្រឹត្យ​លេខ​៥០ អនក្រ​.​បក ចុះ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​១៩៩៩ ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា​រៀបចំ​ទិវា​មនុស្ស​ចាស់​អន្តរជាតិ និង​ជួយ​ជន​ចាស់ជរា​ដែលមាន លោក​រដ្ឋមន្ត្រីក្រសួង​សង្ក​ម​កិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា ជា​ប្រធាន ហើយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធានកិត្តិយស​៕​ ដោយ​៖​កូ​ឡាប​

spot_img
×