Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ជាង​១.៦០០​នាក់ ត្រូវ​ជម្លៀសចេញ ដោយសារ​ទឹកជំនន់​ជន់​លិច​

spot_img

​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បាន​ជន់​លិច​ដោយ​ទឹកជំនន់ ហើយ​អ្នក​ជាប់ឃុំ​ទាំងអស់ ត្រូវបាន​បន្ត​ដឹក​ជម្លៀស​ទៅ​ពន្ធនាគារ​ខេត្ត​ផ្សេងៗ ដែល​នៅក្បែរ ក្នុងនោះ​មាននៅ​ពន្ធនាគារ​ខេត្តសៀមរាប​។

​របាយការណ៍​បាន​ឲ្យ​ដឹងថា ចំនួន​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នេះ​មាន​ជាង​១.៦០០​នាក់ ក្នុងនោះ​ស្រី​១០០​នាក់​ត្រូវបាន ជម្លៀស​ចេញទៅ​ពន្ធនាគារ​ខេត្ត​ផ្សេង​ដែល​នៅក្បែរ ដើម្បី​កុំ​ឲ្យ​មាន​ហានិភ័យ​អ្វី​កើតឡើង​។​

លោក អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នេះ​មាន​ចំនួន​ជាង​១.៦០០​នាក់ ក្នុងនោះ​ស្រី​១០០​នាក់​។ ទឹកបាន​ហូរ​ចូលមកក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ យ៉ាងគំហុក​ធ្វើ​ឲ្យ​មានការ​លិច​អគារ​រដ្ឋបាល និង​បន្ត​ហូរ​ចូលទៅក្នុង​អគារ​ស្នាក់នៅ​របស់​ជន​ជាប់ឃុំ​។​

​លោក នុត សាវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ បាន​ប្រសាសន៍​ប្រាប់​កាសែត​ក្នុងស្រុក​ថា ពន្ធនាគារ​ដែល​ប្រឈម​នឹង​គ្រោះទឹកជំនន់ រួមមាន ពន្ធនាគារ​ខេត្តបាត់ដំបង និង​ពន្ធនាគារ​ព្រៃ​ស នៅ​រាជធានី​ភ្នំពេញ ខណៈ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ទឹកបាន​ជន់​លិច​ហើយ​។

​លោក​បន្តថា កម្លាំង​សមត្ថកិច្ច​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ការពារ​និង​ជម្លៀស​អ្នក​ជាប់ឃុំ​ទៅកាន់​ពន្ធនាគារ​ផ្សេង ប្រសិនបើ​ជំនន់​ទឹកភ្លៀង​នៅ​បន្ត​កើនឡើង​។ លោក​បន្តថា អ្វី​ដែលជា​ក្តីបារម្ភ​នោះ គឺ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ទាំងពីរ​នេះ​មាន​ចំនួន​ច្រើន និង​ភាគច្រើន​ជា​ឧក្រិដ្ឋជន​។​

​ចំពោះ​អ្នក​ជាប់ឃុំ​ចំនួន​១.៦១០​នាក់ នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ លោក នុត សាវ​នា បាន​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ជម្លៀស​ពួកគេ​ទៅកាន់​ពន្ធនាគារ​នៅ​ខេត្ត​ចំនួន​៤ រួមមាន ខេត្តសៀមរាប ចំនួន​៨១១​នាក់​, កំពង់ធំ ២០០​នាក់​, ឧត្ដរមានជ័យ ២០០​នាក់ និង​ត្បូងឃ្មុំ​ជាង​៤០០​នាក់​។ លោក​បន្តថា ការដែល​អាជ្ញាធរ​យក​អ្នក​ជាប់ឃុំ​ទៅ​ដាក់​ទីតាំង​ផ្សេងៗ​គ្នា ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ក្នុង​ពន្ធនាគារ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×