Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកឧត្តម វ៉ាង យី បាន​លើកឡើងថា ដោយ​ចិន​ចាត់ទុក​កម្ពុជា​ជា​មិត្ត​ដែកថែប និង​គិតដល់ សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន

spot_img

​​ភ្នំពេញ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានចេញសេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ​២០២០​។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ ​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជា​ណា​ច្រក​កម្ពុជា នៅ​ថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត និង​រួមគ្នា​ជំរុញ កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ជាស​កល និង​ការ​ស្តារឡើងវិញ​នូវ​កំណើន សេដ្ឋកិច្ច​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ឯកឧត្តម វ៉ាង យី បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធាន​គណៈកម្មាធិកា​រ សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុងជំនួប​សម្តែង​ការគួរសម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ទោះបីជា​ជំ​ង កូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ ពិភពលោក​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​មិនអាចបំផ្លិចបំផ្លាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង ចិន​បានឡើយ ។ សម្តេច​តេ​ជោ បាន​កោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីន​ពីង ដែល​មិន ត្រឹមតែ​ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​ចិនប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ សហគមន៍​អន្តរជាតិ ក្រោយពេល​វិបត្តិ​កូ​វីដ​​-១៩ ​តាមរយៈ​ការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ ឧបករណ៍​វេជ្ជសាស្ត្រ និង​ការបញ្ជូន​អ្នកជំនាញ​វេជ្ជសា​ស្រ្ត ដើម្បីប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ដ៏​សាហាវ​នេះ ព្រមទាំង​ខិតខំ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ទាំង​ក្នុងពេល និង​ក្រោយពេល​វិបត្តិ​កូ​វីដ -១៩ ។ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ចិ​ន ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា និង​អបអរសាទរ​ការ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែលមាន​សារសំខាន់​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ ។​

​ឯកឧត្តម វ៉ាង យី បាន​លើកឡើងថា ដោយ​ចិន​ចាត់ទុក​កម្ពុជា​ជា​មិត្ត​ដែកថែប និង​គិតដល់ សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ឯកឧត្តម បាន​ជ្រើស​យក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទីមួយ​សម្រាប់ ដំណើរ​ទស្សនកិច្ច​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​នេះ ។ ឯកឧត្តម ក៏បាន​កោតសរសើរ និង​អបអរសាទរ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ដែល​បាន​ដាក់ចេញ​នូវ វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ-១៩ យ៉ាង​មាន​ប្រសិទ្ធភាព ។ បន្ទាប់ពី​ជំនួប​សម្តែង​ការគួរសម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានរៀបចំ​អាហារ​ថ្ងៃត្រង់​ទទួល ឯកឧត្តម វ៉ាង យី និង​គណៈប្រតិភូ ។​

​ក្នុងជំនួប​រវាង​ឯកឧត្តម វ៉ាង យី ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ភាគី​ទាំងពីរ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ជី​ការងារ​អនុវត្ត​បន្ត ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុង​កិច្ចប្រជុំ លើក​ទី​៥ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើ​ភាគី​ចិន​បង្កើន​ការ​នាំចូល​កសិផល​កម្ពុ​ជា ដូចជា ចេក ស្វាយ ដំឡូង​មី កៅស៊ូ គ្រាប់ស្វាយចន្ទី​ឱ្យបាន​ច្រើន​បន្ថែមទៀត ព្រមទាំង​ស្នើឱ្យ​មិត្ត​ចិន​ជួយ​ទិញ ម្រេច ទុរេន ស្ករស និង​មៀន​ក្រអូប ជាដើម ។ ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​វិនិយោគិន​ចិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​។​

​នៅក្នុង​ជំនួប​រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ក្តីកង្វល់​រួម ។ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​មានប្រសាសន៍ថា ទោះបីជា​កម្ពុជា និង​ចិន​ប្រឈម​នឹង​ការរីក​រាលដាល​នៃជំងឺ​កូ​វីដ -១៩ យ៉ាងណាក៏ដោយ ប៉ុន្តែ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ នៅតែ រឹងមាំ និង​ប្រកបដោយ​ផ្លែផ្កា​។ ជាក់ស្តែង គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ព្រលានយន្តហោះ​អន្តរជាតិ​ខេ​ត្ត​សៀមរាប និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ នៅតែ​បន្ត​ដំណើរការ​យ៉ាងសកម្ម ។ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​សង្កត់ធ្ងន់​អំពី​សារសំខាន់ នៃ​ការពង្រឹង​ពហុភាគី​និយម ដើម្បី​រក្សា សន្តិភាព និង​វិបុលភាព​សកលលោក និង​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ។ រដ្ឋមន្ត្រីការបរទេស​កម្ពុជា បានបញ្ជាក់សាជាថ្មី​អំពី​ជំហរ​កម្ពុជា​គាំទ្រ “​គោលនយោបាយ​ចិន​មួយ – ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស​ចិន បាន​គូសបញ្ជាក់​សាជាថ្មី​ពី​ការគាំទ្រ​របស់​ចិន​ចំពោះ​កម្ពុជា ក្នុងការ​ការពារ​អធិបតេយ្យភាព និង​ការលើកកម្ពស់​តួនាទី​ដ៏​សកម្ម​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ការគាំទ្រ​រប​ស់​ចិន ចំពោះ​ម​ជ្ឈ​ភាព​របស់​អាស៊ាន ។​

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​អបអរសាទរ​ខួប ១០​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន និង​ខួប​១​ឆ្នាំ នៃ​ការបង្កើត​សហគមន៍​វា រួម​កម្ពុជា​ចិន ។​

​ភាគី​ទាំងពីរ បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ ជាពិសេស​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ និង​បាន​ឯកភាព​លើកកម្ពស់​ការផ្លាស់ប្តូរទស្សនកិច្ច​ រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​បាន​ឯកភាព​បន្ត​ជំរុញ​កិច្ចសហការ យ៉ាង​ជិតស្និទ្ធ​លើ​វិស័យ​នយោបាយ សន្តិសុខ ការប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ។ ភាគី​កម្ពុជា បានគាំទ្រ​គំនិត​ផ្តួចផ្តើម​សកល​របស់​ចិន ស្តីពី​សុវត្ថិភាព​ទិន្នន័យ ដើម្បី​កិច្ចការពារ​សន្តិសុខ​បច្ចេកវិទ្យា និង ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​ទាំងអស់គ្នា​។ ឯកឧត្តម វ៉ាង យី បាន​លើកទឹកចិត្ត​ឱ្យ​ផ្នែក​ឯកជន កម្ពុជា​ចូលរួម​ការតាំងពិព័រណ៍​នាំចូល​អន្តរជាតិ​របស់​ចិន​លើក​ទី​៣ នៅ​ប្រទេស​ចិន ដើម្បី​ផ្សព្វផ្សាយ ពី​ផលិតផល​និង​សេវាកម្ម​កម្ពុជា ។​

​នៅ​ក្នុងឱកាស​ទស្សនកិច្ច​របស់​ឯកឧត្តម វ៉ាង យី ឯកសារ​សំខាន់ៗ​ចំនួន​បួន ត្រូវបាន​ចុះហត្ថលេខា រួមមាន​៖ (១) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (២) កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង​បច្ចេកទេស​សម្រាប់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៩៥០​លាន​យ័ន (​ប្រមាណ​១៤០ លាន​ដុល្លារ​អាមេរិក​) (៣) លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ និង (៤) លិខិត​ប្ដូរ​សារ​ស្តីពី​ការសិក្សា សមិទ្ធិ​លទ្ធភាព​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ពិធី​ចុះហត្ថលេខា និង​ពិធី ប្រគល់​ឧបករណ៍​ធ្វើតេស្ត​កូវ​ដ​-១៩ (DNARNA Extraction) ដល់​កម្ពុជា បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ាង យី ។​

​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែលជា​កិច្ចព្រមព្រៀងទ្វេភាគី លើកដំបូង​របស់​កម្ពុ​ជា គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ធ្វើឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី អាច ឈានដល់​១០​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២៣​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×