Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ ការ​ក្លាយខ្លួនជា​យោធា​ចា​រ្យ គឺជា​ជំហាន​ថ្មី​មួយទៀត​នៅក្នុង​អាជីព​យោធា និង​ជា​ភារកិច្ច​ដ៏​សំខាន់​មួយ​ដែល​ត្រូវបំពេញ​

spot_img

​ខេត្តកំពង់ស្ពឺ​៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា​៖ សិក្ខាកាម​ដែល​បានបញ្ចប់​វគ្គ នឹង​ក្លាយជា​យោធា​ចា​រ្យ ឬ​បំពេញភារកិច្ច​តាម​ជំនាញ​នៅតាម​បណ្តា​សាលា និង​អង្គភាព​នានា​ចំណុះ​កងទ័ពជើងគោក ដែល​ថ្ងៃក្រោយ​នឹង​មានឱកាស​បណ្តុះបណ្តាល​បន្ត​ដល់​យោធិន​រាប់រយ​រាប់ពាន់នាក់​ផ្សេងទៀត​។ ជាពិសេស​អ្វីដែល​សំខាន់ គឺ​វគ្គ​ហ្វឹកហ្វឺន​នេះ​បានផ្តល់​ដល់​សិក្ខាកាម​នូវ​សមត្ថភាព​ក្នុងការ​រៀបចំ​ផែន ការបណ្តុះបណ្តាល​, ការដឹកនាំ​ហ្វឹកហ្វឺន​, ការដឹកនាំ​ធ្វើ​សមយុទ្ធ​, ចេះ​ធ្វើ​មេរៀន​, ចេះ​ឡើង​ថ្នាក់​និង​មាន​គរុកោសល្យ ច្បាស់លាស់​ក្នុងការ​បង្រៀន​ទាំង​នៅក្នុង​ថ្នាក់ និង​នៅលើ​ទីលាន​។

​ការ​ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនា​ន់ទី​២ បំពេញ​ក្របខ័ណ្ឌ​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ​ឆ្នាំ ២០២០, មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេ​ជោ​សែន​ភ្នំ​ធំ​ម្រះព្រៅ​, ខេត្តកំពង់ស្ពឺ​, ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បញ្ជាក់​ក្នុង​ពិធី​បិទ​វគ្គ​នាឱកាស​នោះ​ថា

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​អបអរសាទរ​ចំពោះ​ការបញ្ចប់​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនា​ន់ទី​២ បំពេញ​ក្របខ័ណ្ឌ​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ ឆ្នាំ​២០២០ នេះ បាន​ដោយ​ជោគជ័យ ហើយ​ដែល​អាច​ចាត់ទុកថា​ជាវ​គ្គ​គំរូ​ទីមួយ​សម្រាប់​កងទ័ពជើងគោក ដោយសារ​វិធីសាស្ត្រ និង​នីតិវិធី​ក្នុងការ​ជ្រើសរើស​សម្រិត​សម្រាំង​សិក្ខាកាម​មាន​លក្ខណៈ​ល្អិតល្អន់​ច្បាស់លាស់​។ នេះ​គឺជា​ជោគជ័យ ដែល​កើតឡើង​ពី​ការចូលរួម​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់ រួមមាន ថ្នាក់ដឹកនាំ​កងទ័ពជើងគោក​, គណៈកម្មការ​ពង្រឹងសមត្ថភាព​កងទ័ពជើងគោក​, គណៈ​គ្រប់គ្រង​វគ្គ​, យោធា​ចា​រ្យ និង​ក្រុមការងារ​ទាំងអស់​។ ហើយ​អ្នក​ដែល​ទទួលផល​ពី​ជោគជ័យ​នេះ គឺ​កងទ័ពជើងគោក ក៏ដូចជា​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល ជាពិសេស​សិក្ខាកាម​ផ្ទាល់​តែម្តង​។​

វគ្គ​បណ្តុះបណ្តាល​នេះ ពិតជា​បាន​ឆ្លើយតប​ទាំង​បរិមាណ និង​គុណភាព​ទៅនឹង​តម្រូវការ​នៃ​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​នាយទាហាន​ឱ្យក្លាយ​ជា​គ្រូ​លើ​មុខជំនាញ​នីមួយៗ ដែលជា​ធនធាន​កំពុង​ខ្វះខាត ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ដល់​បណ្តា​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ ស្របតាម​ផែនការ​ទិសដៅ​ការងារ​អាទិភាព​របស់​កងទ័ពជើងគោក​ដែល​បានដាក់​ចេញ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​។​

​សិក្ខាកាម​ដែល​បានបញ្ចប់​វគ្គ នឹង​ក្លាយជា​យោធា​ចា​រ្យ ឬ​បំពេញភារកិច្ច​តាម​ជំនាញ​នៅតាម​បណ្តា​សាលា និង​អង្គភាព​នានា​ចំណុះ​កងទ័ពជើងគោក ដែល​ថ្ងៃក្រោយ​នឹង​មានឱកាស​បណ្តុះបណ្តាល​បន្ត​ដល់​យោធិន​រាប់រយ​រាប់ពាន់នាក់​ផ្សេងទៀត​។ ជាពិសេស​អ្វីដែល​សំខាន់ គឺ​វគ្គ​ហ្វឹកហ្វឺន​នេះ​បានផ្តល់​ដល់​សិក្ខាកាម​នូវ​សមត្ថភាព​ក្នុងការ​រៀបចំ​ផែនការ​បណ្តុះបណ្តាល​, ការដឹកនាំ​ហ្វឹកហ្វឺន​, ការដឹកនាំ​ធ្វើ​សមយុទ្ធ​, ចេះ​ធ្វើ​មេរៀន​, ចេះ​ឡើង​ថ្នាក់ និង​មាន​គរុកោសល្យ​ច្បាស់លាស់​ក្នុងការ​បង្រៀន​ទាំង​នៅក្នុង​ថ្នាក់ និង​នៅលើ​ទីលាន​។​

ការ​ក្លាយខ្លួនជា​យោធា​ចា​រ្យ គឺជា​ជំហាន​ថ្មី​មួយទៀត​នៅក្នុង​អាជីព​យោធា និង​ជា​ភារកិច្ច​ដ៏​សំខាន់​មួយ​ដែល​ត្រូវបំពេញ ដោយហេតុថា ម្យ៉ាង​គឺ​ការចូលរួម​របស់​យើង​ជួយ​ទៅដល់​កងទ័ព និង​ជាតិ​មាតុភូមិ តាមរយៈ​ការខិតខំ​នៅក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​សិស្ស​របស់​យើង​។ ឯ​ម្យ៉ាងទៀត គឺជា​ការផ្តល់​ផល​សម្រាប់​ខ្លួនឯង ដោយ​ត្រូវខិតខំ​យក​ឱកាស​នេះ​ដើម្បី​បង្កើន​សមត្ថភាព​ខ្លួនឯង​, បង្កើត​សា្ន​ដៃ​, បង្ហាញ​សមត្ថភាព និង​ជំរុញ​សក្តានុពល​របស់ខ្លួន ដើម្បី​ជា​មូលដ្ឋាន​នៃ​ការឈាន​ទៅមុខ​។

​យោធា​ចា​រ្យ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ជា​ឪពុក ជា​អ្នក​ណែនាំ ជា​អ្នកផ្តល់​ដំបូន្មាន ពិតជា​បាន​ដើរតួនាទី​សំខាន់​ណាស់​នៅក្នុង​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ឱ្យដល់​សិក្ខាកាម ប៉ុន្តែ​ផល​ជោគជ័យ និង​គុណភាព​នៃ​ការហ្វឹកហ្វឺន គឺ​អាស្រ័យ​លើ​ឆន្ទៈ និង​ការយកចិត្តទុកដាក់រ​បស់​សិក្ខាកាម​យើង​ផ្ទាល់​។ ការវិនិយោគ​ពេលវេលា​រយៈពេល​បួន​ខែ​នៅក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ គឺ​ដើម្បី​បង្កើន និង​រំលឹក​សមត្ថភាព​ឡើងវិញ ពីព្រោះថា​ជាក់ស្តែង សមត្ថភាព និង​ចំណេះដឹង​មូលដ្ឋាន​លើ​ជំនាញ​យោធា​ទាំងនេះ សិក្ខាកាម​យោធា​ចា​រ្យ​នៅក្នុង​វគ្គ​នេះ សុទ្ធ​តែមាន​រួចមកហើយ​តាមរយៈ​ការឆ្លងកាត់​ការបណ្តុះបណ្តាល​នៅក្នុង​សាលា​នាយទាហាន កន្លងមក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×