Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ស្វាយរៀង លើក​ទំនប់​នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ស្វាយរៀង​ឲ្យ​ខ្ពស់​ថែម​មួយកម្រិត​ទៀត ខណៈ​ស្ថានភាព​កម្ពស់​ទឹក​អាង​ទន្លេ​វ៉ៃ​គោ​បន្ត​កើនឡើង

spot_img

​ខេត្តស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រួម​និង​លោក​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាលក្រុង​ស្វាយរៀង និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​ស្ថានភាព​កម្ពស់​ទឹក​អាង​ទន្លេ​វ៉ៃ​គោ និង​ទំនប់​ទប់ទឹក​នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង ដើម្បី​ធ្វើការ​វាយតម្លៃ និង​ដាក់ចេញ​នូវ​វិធាន​ការបន្ថែម​ក្នុង​កិច្ច​បង្ការ​ហានិភ័យ​ដែល​បង្កដោយ​ជំនន់​ទឹកភ្លៀង ។​

​អាស្រ័យ​ដោយ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ដែល​បានធ្វើ​ឲ្យ​កម្ពស់​ទឹក​នៅតែ​បន្ត​កើនឡើង​បន្តិចទៀត​នៅថ្ងៃនេះ លោក​អភិបាលខេត្ត បានដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ដោយបាន​ណែនាំ​ដល់​មន្ទីរជំនាញ និង​អាជ្ញាធរ​ក្រុង​ស្វាយរៀង ចាត់ចែង​លើក​ទំនប់​នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ឲ្យ​ខ្ពស់​ថែម​មួយកម្រិត​ទៀត និង​រៀបចំ​បាវ​ខ្សាច់​បិទមាត់​លូ​សំខាន់ៗ​ជាប់​ផ្លូវ​ក្រវាត់ក្រុង និង​ដាក់​ម៉ា​ស៉ី​ន​បូម​រំដោះ​ទឹក​នៅតាម​គោលដៅ​សំខាន់ៗ ចេញពី​ក្នុង​ក្រុង​ក្នុងករណី​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជា​គំហុក ដើម្បី​បង្ការ​ផលប៉ះពាល់​នានា និង​ទប់ទឹក​កុំ​ឲ្យ​ហូរ​កាត់​ផ្លូវ និង​ហូរ​ចូល​ក្រុង​ដែល​អាច​បង្ក​ជា​ជំនន់ ឬ​មានការ​ជន់​លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​កងកម្លាំង មន្ទីរ​-​អង្គភាព និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ត្រៀមខ្លួន​ជានិច្ច ២៤​ម៉ោង លើ​២៤​ម៉ោង ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ និង​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​នៅពេល​ការ​ជន់​លិច និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ខេត្ត ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ទន្លេ ស្ទឹង និង​ទីកន្លែង​នានា​ដែលមាន​ហានិភ័យ​ខ្ពស់​អាច​កើតមានឡើង​នូវ​ជំនន់​ទឹកភ្លៀង សូម​រក្សា​សុវត្ថិភាព សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ត្រៀមខ្លួន​ជានិច្ច​បន្លាស់​ទី​ទៅកាន់​ទីទួល​សុវត្ថិភាព រស់នៅ​ដោយ​អនាម័យ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​ករណី​លង់ទឹក និង​សត្វ​អ​សិរ​ពិស​ផ្សេងៗ ព្រមទាំង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​មិនត្រូវ​ធ្វេស​ប្រ​ហេស​ជាដាច់ខាត ៕ ដោយ​៖​វ៉ៃ​កូ​

 

spot_img
×