Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ សេវា​ប្រឹក្សា​យោបល់ និង​គាំពារ​ផ្លូវច្បាប់ ទាក់ទង​ការធ្វើ​ធុរកិច្ច -​ពាណិជ្ជកម្ម និង​ពលករ​

spot_img

​បាងកក​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​សេវា​ប្រឹក្សា​យោបល់ និង​គាំពារ​ផ្នែក​ច្បាប់​ជូន​ធុរជន និង​ពាណិជ្ជករ​កម្ពុជា​-​ថៃ និង​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​។​

​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ ស្តីពី​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ សេវា​ប្រឹក្សា​យោបល់ និង​គាំពារ​ផ្លូវច្បាប់ ទាក់ទង​ការធ្វើ​ធុរកិច្ច -​ពាណិជ្ជកម្ម និង​ពលករ​។​

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែតុលា ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) រវាង​ស្ថានទូត​កម្ពុជា និង​ក្រុមហ៊ុន LAWASIA Co., Ltd ស្តីពី​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សេវា​ប្រឹក្សា​យោបល់ និង គាំពារ​ផ្លូវច្បាប់​ទាក់ទង​ការធ្វើ​ធុរកិច្ច​-​ពាណិជ្ជកម្ម និង​ពលករ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ​។​

​គោលបំណង​សំខាន់​នៃ​ពិធី​ចុះ​អនុស្សរណៈ​នេះ គឺ​ដើម្បី​ចូលរួម​ជំរុញ​ការអនុវត្ត​ការទូត​សេដ្ឋកិច្ច ដែល​ផ្តោត​សំខាន់ លើ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ តាមរយៈ​ការពង្រីក​លទ្ធភាព​ជូន​វិស័យ​ឯកជន​កម្ពុជា និង​ថៃ ទទួលបាន​សេវា​ប្រឹក្សា យោបល់ និង​គាំពារ​ផ្នែក​ច្បាប់​នៅក្នុង​ជម្លោះ​ធុរកិច្ច​-​ពាណិជ្ជកម្ម និង​ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​ក្នុងប្រទេស​ថៃ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុក សោភ័ណ បាន​គូសបញ្ជាក់ថា ពិធី​ចុះ​អនុស្សរណៈ​ថ្ងៃនេះ គឺជា​ការបើក​ទំព័រ​ថ្មី មួយទៀត សម្រាប់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ការងារ​ទ្វេភាគី​កម្ពុជា និង​ថៃ ព្រមទាំង បង្កើន​ទំនុកចិត្ត​រវាង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បាន​លើកទឹកចិត្ត​ដល់​ធុរជន ពាណិជ្ជករ និង​វិនិយោគិន​កម្ពុជា​-​ថៃ ដែលមាន​បំណង ចាប់​ដៃគូ​ធ្វើ​ធុរកិច្ច និង​ពាណិជ្ជកម្ម​ជាមួយគ្នា សូម​អញ្ជើញ​មក​ពិគ្រោះ​យោបល់ នៅ​ការិយាល័យ​អនុព័ន្ធពាណិជ្ជកម្ម​នៃ​
​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក ដើម្បី​ចៀសវាង​កើតមាន​វិវាទ​នឹង​គ្នា​នៅ​ថ្ងៃក្រោយ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​
​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×