Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រង​រូបភាព​សត្វ​ស្លាប​នៅ​កម្ពុជា​ជាច្រើន​ប្រភេទ បានដាក់​តាំង​បង្ហាញ​នៅតាម​បណ្តោយ​សួនច្បារ​មាត់​ស្ទឹង នៃ​ទី​រួម​ខេត្តសៀមរាប ក្នុង​កម្មវិធី ពិព័រណ៍​សត្វ​ស្លាប​កម្ពុជា

spot_img

​សៀមរាប ៖ នា​ថ្ងៃ​សៅរ៍ ទី​១៧ ខែតុលា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​សមាគម​ម​គ្គុ​ទេ្ទ​ស​ក៏​សត្វ​ស្លាប​កម្ពុជា និង​មានការ​គាំទ្រ​ពី​គម្រោង​ព្រៃ​ឡង់​បៃតង បានរៀបចំ​ការតាំង​ពិ​ព័រ​ណ៌​សត្វ​ស្លាប​កម្ពុជា ជា​លើក​ទី​២ ក្រោម​ប្រធានបទ «​ការមើល​សត្វ​ស្លាប​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ធម្មជាតិ​» ក្រោម​ការដឹកនាំ​ដោយ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី ឯកឧត្តម ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត លោក អ៊ុន ចក្រី អ្នកតំណាង​នៃ​គម្រោង USAID ព្រៃ​ឡង់ មន្ទីរ​បរិស្ថាន​ខេត្ត អង្គការ​ដៃគូ​ជាតិ​-​អន្តរជាតិ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ យុវជន​កាកបាទក្រហម យុវជន​សស​យក ក្រុម​កាយ​រិ​ទ្ធ សិស្សានុសិស្ស ប្រជា​សហគមន៍ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ក្រុម​អ្នក​ថតរូប​សត្វ​ស្លាប និង​ធម្មជាតិ សរុប​ប្រមាណ​ជា ២០០​នាក់​។

​គោលបំណង​នៃ​ការរៀបចំ​ពិ​ព័រ​ណ៌​សត្វ​ស្លាប​នេះ គឺ
១.​ផ្សព្វផ្សាយ​ពី​សក្តានុពល​សត្វ​ស្លាប​កម្ពុជា នៅតាម​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​ដល់​សាធារណជន
២.​បង្កើន​ចំណេះដឹង​ដល់​សាធារណជន​អំពី​សារៈសំខាន់​នៃ​សត្វ​ស្លាប និង​ការងារ​អភិរក្ស​នៅ​កម្ពុជា​
៣.​បណ្តុះ​ចិត្ត​ស្រឡាញ់ និង​ការចូលរួម​ពី​សាធារណជន ជាពិសេស​យុ​ជន ក្នុងការ​ថែរក្សា និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា
៤.​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​នៅតាម​តំបន់ការពារធម្មជាតិ ដោយ​រួមបញ្ចូល​សកម្មភាព​មើល​សត្វ​ស្លាប ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​។​

​លោក អ៊ុន ចក្រី អ្នកដំណាង​មកពី​គម្រោង​USAID ព្រៃ​ឡង់​បៃតង បាន​មានប្រសាសន៍ថា ការអភិរក្ស​ជីវៈចម្រុះ ដូចជា​ព្រៃឈើ សត្វព្រៃ និង​សត្វ​ស្លាប​ជាដើម​នេះ គឺជា​ផ្នែក​មួយ​ស្ថិតក្នុង​គោលដៅ​អភិរក្ស​របស់​គម្រោង USAID ព្រៃ​ឡង់ ដែល​ផ្តោតទៅលើ​ការការពារ និង​អភិ​ក្ស​ធនធានធម្មជាតិ​ផ្សេងៗ​នៅក្នុង​តំបន់​ទេសភាព​ព្រៃ​ឡង់​។ ថ្មីៗ​នេះ គម្រោង​បានដាក់​ប្រព័ន្ធ​កាមេរ៉ា ដើម្បី​ចាប់​រូបភាព​តាមដាន​អំពី​ប្រភេទ​សត្វ​ស្លាប​ដែលមាន​នៅក្នុង​ព្រៃ​នៃ​តំបន់​ការពារ​ធនធានធម្មជាតិ ហើយ​ជា​លទ្ធផល​យើង​ទទួលបាន​វត្ត​មាននៃ​ប្រភេទ​សត្វ​ស្លាប​កម្រ​មួយចំនួន ដូចជា ត្រ​យ៉ង​យក្ខ ត្រ​យ៉ង​ចង្ក្រម​ពណ៌​ស ទាព្រៃ​ស្លា​បស ត្មាត​ជាដើម​។

​ក្នុងឱកាស​នោះ ឯកឧត្តម ជួប ប៉ារីស៍ បាន​មានប្រសាសន៍ថា «​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​បរិបទ​សង្គម យើង​ចាំបាច់​ត្រូវ​គិតគូរ​អំពី​សសរ​ស្ត​ម ៣​យ៉ាង គឺ ទី​១.​កត្តាសេដ្ឋកិច្ច ទី​២.​កត្តា​សន្តិសុខ និង​សុខុមាលភាព​សង្គម និង​ទី​៣.​កត្តាបរិស្ថាន​»​។ ឯកឧត្តម​បាន​បន្ថែមទៀតថា «​ទេសចរណ៍ធម្មជាតិ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជា​សហគមន៍ និង​បានរួម​ចំណែក​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ការអភិវឌ្ឍ​ន៍​សង្គមជាតិ ហើយ​នៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ប្រទេស​កម្ពុជា មាន​សក្តានុពល​យ៉ាងខ្លាំង​ក្នុងការ​ប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍​សត្វ​ស្លាប ដែល​អាច​ទាកទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​កំសាន្ត និង​សិក្សា​ស្វែងយល់​ពី​ការរស់នៅ​របស់​សត្វ​ស្លាប​។ កំណើន​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​នេះ បាន​ជួ​ួ​យ​បង្កើន​ប្រាក់ចំណូល​បន្ថែម​ដល់​ប្រជា​សហគមន៍ និង​ជាពិសេស​បាន​លើកទឹកចិត្ត​សហគមន៍​ក្នុងការ​ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វ​ស្លាប​ផងដែរ​»​។

​គួរបញ្ជាក់​ផងដែរ​ថា​៖ កម្មវិធី​ពិព័រណ៍​សត្វ​ស្លាប​នេះ រៀបចំឡើង​ចំនួន​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​សួនច្បារ​មាត់​ស្ទឹង នៃ​ទី​រួម​ខេត្តសៀមរាប ដោយមាន​ស្តង់​សម្រាប់​ដាក់តាំង​បង្ហាញ​នូវ​រូបភាព​នៃ​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ សៀវភៅ​គំនូរ សៀវភៅ​ផ្សព្វផ្សាយ​អំពី​បរិស្ថាន​ផ្សេងៗ សមិទ្ធផល និង​ផលិតផល​របស់​ប្រជា​សហគមន៍​ដែល​រស់នៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×