Friday, September 17, 2021

ទឹកជំនន់​ហូរ​ចាក់​ពី​ប្រទេស​ថៃ កំពុងធ្វើការ​វាយលុក​ក្នុងស្រុក​ថ្មពួក​

​បន្ទាយមានជ័យ​៖ កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​បញ្ជូន​កម្លាំង​ទៅ​សង្គ្រោះ​ប្រជាពលរដ្ឋ​ភ្លាមៗ ដោយសារ​ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ថៃ បាន​វាយលុក​ចូល​ឃុំ​ចំនួន​២ ក្នុងស្រុក​ថ្មពួក នៅវេលា​៧​និង​០០​យប់​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០២០ ។​

​លោក​មេបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ឲ្យ​ដឹងថា កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ចុះ​ប្រតិបត្តិ​ការជួយ​ជម្លៀស​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ហូរ​មកពី​ប្រទេស​ថៃ នៅ​មកកាន់​ទីទួល​សុវត្ថិភាព ហើយ​ឃុំ​ចំនួន​២ គឺ​ឃុំ​គំរូ និង​ឃុំ​ថ្មពួក ស្ថិតនៅ​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ រង​ការ​ជន់​លិច ហើយ​នៅពេលនេះ​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ កំពុងតែ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មកកាន់​តំបន់​មាន​សុវត្ថិភាព​។​

ភិបាលខេត្តបន្ទាយមានជ័យ ចុះដល់ស្រុកថ្មពួកទាំងយប់ ដើម្បីត្រួតពិនិត្យជំនន់ទឹកភ្លៀង ។ គិតត្រឹមម៉ោង ១១និង០០ នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងបន្ថែម ចុះមកដល់ស្រុកថ្មពួក ដើម្បីត្រួតពិនិត្យស្ថានការណ៍ជាក់ស្ដែង អំពីជំនន់ទឹកភ្លៀង ដែលហូរចាក់ពីប្រទេសថៃ នឹងកំពុងឡើងយ៉ាងលឿន នៅក្នុងស្រុកថ្មពួក ពេលនេះកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ កម្លាំងតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍បញ្ជាការដ្ឋានទ័ពពិសេស៩១១ កំពុងចុះជួយ រើជញ្ជូនអីវ៉ាន់ប្រជាពលរដ្ឋ និងជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ព្រមទាំងជួយដឹកសម្ភារផ្សេងៗ ចេញពីមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ព្រមទាំង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បានផ្ដល់​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ បន្ថែមទៀត​ដល់​ខេត្តបន្ទាយមានជ័យ ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឧបត្ថម្ភ​ដល់​ខេត្តបន្ទាយមានជ័យ ដែល​កាលពី លើកទីមួយ សម្តេច​បាន​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ​រួចមកហើយ​សម្រាប់​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្តបន្ទាយមានជ័យ ។​

​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ឧបត្ថម្ភ​គ្រួសារ​សព​ដែល​ស្លាប់ ដោយ​ជំនន់​ទឹកភ្លៀង​២០​នាក់ ដោយ​ក្នុង​មួយ​គ្រួសារៗ​ចំនួន​១០​លាន​រៀល គ្រប់​ខេត្ត​ដែល​ទទួលរង​គ្រោះទឹកជំនន់ និង​មាន​ប្រជាពលរដ្ឋ​ស្លាប់​។​

​ជាមួយគ្នានេះ ឯកឧត្តម​អ៊ុំ រាត្រី សូម​គោរព​ដឹងគុណ​ជានិច្ច​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​ស​ម្តេច ដែល​តែងតែ​យកចិត្តទុកដាក់​សន្តោស​ប្រណី អាណិត​ស្រឡាញ់​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​៕​ដោយ​៖​បញ្ញា​ស័ក្តិ​